ខែភ្ជុំដាក់បិណ្ឌពលរដ្ឋមួយចំនួនជ្រើសយកទ្រឹស្ដីបុណ្យបាប អហោសកម្មឱ្យ ខៀវ សំផន
ភ្នំពេញ៖ប្រជាពលរដ្ឋវ័យចំណាស់មួយចំនួនមិនបានបង្ហាញការ ចាប់ អារម្មណ៍នឹងដំណើរកាត់ទោសលើអតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យរូបនេះឡើយហើយអ្នកខ្លះថែមទាំងបានអហោសកម្មឲ្យមេដឹកនាំរូបនេះក្នុងរដូវបុណ្យទានទៀតផង
។ការបង្ហាញទស្សនៈយល់ឃើញនេះកើតឡើងពេលដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាប្រកាសសាលដីកាសំណុំរឿង ០០២/០២ លើបណ្តឹងសារទុក្ខជនជាប់ចោទ ខៀវ សំផន ដោយចៅក្រមសម្រេច ដាក់ពន្ធនាគារ ខៀវ សំផន ជាប់គុកមួយជីវិត។
នៅថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២២ពីវត្តសុវណ្ណវត្តីស្ថិតក្នុងចំណោមចាស់ៗជិត១០នាក់អង្គុយរាប់លុយដែលបរិស័ទចូលបច្ច័យក្នុងឱកាសបុណ្យកាន់បិណ្ឌ លោក ម៉ៅ ហុង មានអាយុ៧៦ឆ្នាំ រស់នៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាលបានរំឮក អតីតកាល កាលពីជាង ៤០ឆ្នាំមុនថា«ប្រជាជនស្លាប់ច្រើនណាស់ក្រោមស្នាដៃ ខៀវសំផនមិនត្រឹមតែសម្លាប់ប្រជាជនខ្មែរក្រហមក្រោមការដឹកនាំរបស់ ខៀវ សំផន បានបង្អត់បាយប្រជាជនដោយឱ្យស៊ីតាមកម្រិត ទោះបី ប្រជាជនធ្វើស្រូវបានរាប់តោននៅមូលដ្ឋានក៏ដោយ។និយាយ ក៏មិនបាន ឱ្យតែនិយាយខុសដឹងតែអង្គការក្រោមការចង្អុល ប្រាប់របស់ ពួកខ្មែរក្រហម នឹងនាំទៅសម្លាប់ចោល»។
បុរសចំណាស់ ម៉ៅ ហុង បន្ត« លោក ខៀវ សំផន ចាស់ណាស់ទៅ ហើយរស់នៅមិនបានយូរទេ។ ខ្ញុំអហោសកម្មឲ្យគាត់នាឱកាស បុណ្យ កាន់បិណ្ឌនេះទៅចុះ ហើយខ្ញុំគិតបែបនេះវិញក្មួយ វាជាកម្មពៀរ របស់ខៀវ សំផន តែក៏ជាកម្មរបស់ខ្ញុំនិងពលរដ្ឋខ្មែរឯទៀត ។យើងគិតអ៊ីចឹងឆាប់ធូរចិត្ត។ បើតាមចិត្តខឹង ខៀវ សំផន សមតែ ប្រហារជីវិតទេភ្លាមៗក្រោយចាប់គាត់បាន ។តែណ្ហើយច្បាប់ ឥឡូវ គេត្រឹម កាត់ទោសមួយជីវិតក៏តាមដំណើរទៅ»។
ងាកមកស្ត្រីចាស់វិញកំពុងមមាញឹករៀបចង្ហាន់ព្រះសង្ឃបាននិយាយស្រុះគ្នាថាពួកគាត់មិនស្គាល់ឡើយថា លោក ខៀវ សំផន ជានរណា ឡើយ ហើយបើនិយាយពីរបបខ្មែរក្រហមគាត់ស្គាល់តែ ប៉ុល ពត ម្នាក់គត់។ អ្នកស្រី មាន សំណាង អាយុជាង៦០ប្លាយដែលសុំឲ្យ ដាក់ ឈ្មោះសន្មត់ព្រោះមិនចង់បង្ហាញអត្តសញ្ញាណលើក បង្ហាញ ស្លាកស្នាមជាប់ស្មា ដែលពេលកាលណោះខ្លួនប្រើកម្លាំងរែក ពុនដូច មនុស្សប្រុស។ «វាយូរឆ្នាំមកហើយខ្ញុំមិនចាំមុខមេដឹកនាំ ខ្មែរ ក្រហម ឡើយដឹងថា កាលហ្នុងសង្គ្រាមតែមិនដឹងថា មេកើយជា អ្នកណា ឡើយក្មួយ ឥលូវងាប់(មេដឹកនាំខ្មែរក្រហម)អស់ ហើយតើ ហ្អីក្មួយ?កាលហ្នុងខ្ញុំទើបតែមានអាយុ១៦ឆ្នាំទេ អ្វីដែលខ្ញុំចង់ចាំគេ បាននាំ ខ្ញុំបងទៅសម្លាប់»។
សម្រាប់អ្នកស្រី មាន សំណាង បើនិយាយពីភាពឈឺចាប់វាបាន រសាយ បាត់ទៅតាមពេលវេលា ។ក្នុងនាមជាអ្នកគោរពតាម ព្រះពុទ្ធសាសនាគាត់បានអហោសកម្មដល់អ្នកប្រព្រឹត្តទាំងឡាយក្នុងរបបនោះបាត់ទៅហើយ។ អ្នកស្រីបន្ថែម«បើនិយាយពីភាពឈឺចាប់វាលែងនិយាយហើយក្មួយ ហើយសួរថា គិតទៀតធ្វើអី? បានអ្វីមកវិញ?។
ចំណែក លោក រឿន ភារិន រស់នៅភ្នំពេញនិងជាអ្នករក ស៊ីម្នាក់ បាននិយាយដោយខ្លីថា លោកមិនសូវជាស្គាល់លោក ខៀវ សំផន ឡើយក្នុងចំណោមមេដឹកនាំខ្មែរក្រហមទាំងអស់ ហើយក៏មិនបាន ចាប់អារម្មណ៍ពីសវនាការរបស់គាត់ដែរ។ លោកបន្ត«ខ្ញុំស្គាល់តែតាម៉ុកទេ ខ្ញុំខ្ជិលតាមដានពីដំណើរការ សវនាការនេះ ព្រោះឱ្យតែនិយាយពីតុលាការមានអារម្មណ៍ថា សុទ្ធតែមិនបានផ្ដល់ភាពយុត្តិធម៌ដល់ពលរដ្ឋ»។
យុវជន បឿន វណ្ណដេត មានអាយុជាង២០ឆ្នាំនិយាយថា ទោះបី លោក ខៀវ សំផន មានវ័យចាស់ទៅហើយក្ដីតែការកាត់ ទោសខៀវ សំផន បង្ហាញពីយុត្តិធម៌ផ្លូវចិត្តសម្រាប់ពលរដ្ឋដែលស្លាប់ និងអ្នក រស់រានមានជីវិត។ វណ្ណដេតបន្ត« ខ្ញុំចាប់អារម្មណ៍ថា ការប្រកាស សាល ដីកាលើសំណុំរឿងរបស់លោកតា ខៀវ សំផន ធ្វើឡើងចំពេល ពលរដ្ឋខ្មែរធ្វើពិធីកាន់បិណ្ឌ បើសាមី ខ្លួនគាត់ចេះគិតគាត់អាច នឹង ដឹងថា បុណ្យបាបមានពិត។ ទោះជាជាង៤០ឆ្នាំកន្លងទៅហើយ ប្រជាជនធ្លាប់ឈឺចាប់ដោយសារទង្វើគាត់បានអហោសិកម្មក្ដីអ្នកធ្វើខុសគឺនៅតែទទួលទោសតាមផ្លូវច្បាប់និងច្បាប់ធម្មជាតិចៀសមិនរួច»។
នាមជាយុវជនជំនាន់ក្រោយវណ្ណដេត ប្រាថ្នាឃើញសង្គមរស់ដោយ សាមគ្គីមិនបែកបាក់សាមគ្គីដូចជំនាន់ខ្មែរក្រហម។
នៅក្នុងការថ្លែងការណ៍ផ្ទាល់កាលពីឆ្នាំ២០២១ លោក ខៀវ សំផន បានអះអាងម្ដងហើយម្ដងទៀតអំពីភាពស្អាតស្អំ មិនដឹងមិនឮ អំពីបទឧក្រិដ្ឋដែលត្រូវបានចោទប្រកាន់ចំពោះរូបលោក នៅក្នុង សំណុំរឿង០០២វគ្គ២។ អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ រូបនេះ ចាត់ទុកសវនាការប្រឆាំងនឹងរូបលោក ថាធ្វើឡើងជានិមិត្តរូប ជាជាងការកាត់ក្ដីលើការប្រព្រឹត្តជាក់ស្ដែងរបស់លោកជាលក្ខណៈបុគ្គល។
គួរជម្រាបថា សាលដីកាសំណុំរឿង ០០២/០២ ពាក់ព័ន្ធជនជាប់ចោទ ខៀវ សំផន គឺជាសាលដីកាចុងក្រោយរបស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ក្នុងបេសកកម្ម ស្វែងរកការពិតនិងយុត្តិធម៌ ជូន ដល់ជនរងគ្រោះតាមរយៈការជំនុំជម្រះក្តី ប្រឆាំងទៅលើអតីត មេដឹកនាំ ជាន់ខ្ពស់ របបកម្ពុជាប្រជាធិបតេយ្យ និងអ្នកទទួលខុស ត្រូវខ្ពស់បំផុត ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលប្រព្រឹត្តឡើងនៅក្នង របប កម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ៦ ខែមករា ឆ្នាំ ១៩៧៩ ដែលក្នុងនោះពលរដ្ឋខ្មែរចន្លោះពី ១ លាន ៧ សែននាក់ ទៅ ២ លាន ២ សែន នាក់បានស្លាប់។
នៅព្រឹកថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ប្រកាស សាលដីកា លើសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ ខៀវ សំផន ៕
ដោយ៖អេង រាជនី
.អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ប្រកាសសាលដីកាលើសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ ខៀវ សំផន(រូបថត៖ អ.វ.ត.ក)