ឯកឧត្តម អ៊ាង សុផល្លែត ដឹកនាំក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ចូលរួមកាន់បិណ្ឌវេនទី១២ នៅតាមវត្តមួយចំនួន ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ បានអញ្ជើញកាន់បិណ្ឌវេនទី១២ នៅវត្តចំនួន២ រួមមានវត្តមៀន ក្នុងឃុំមៀន និងវត្តព្រះធាតុ នៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ចូលរួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធររមូលដ្ឋាន និងប្រជាពលរដ្ឋ នាថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។
ឯកឧត្តម អ៊ាង សុផល្លែត និងក្រុមការងារ បាននាំយកទេយ្យទានមានអង្ករ ភេសជ្ជៈ នំចំណី គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា និងបានដុតធូប និងថ្វាយគ្រឿង សក្ការបូជានៅចំពោះព្រះ ភក្ត្រព្រះពុទ្ធរូប នៅក្នុងព្រះវិហារ ថ្វាយគ្រឿងសក្ការៈបូជានៅប្រាសាទបុរាណ ក្នុងព្រះវិហារគុក នៅក្នុងវត្តមៀន ព្រមទាំងបានអញ្ជើញសមាទានសីល នៅក្នុងសាលាធម្មទាន ទៅតាមទំនៀមទម្លាប់ និងតាមលំដាប់លំដោយនៃពិធីបុណ្យផងដែរ។
បន្ទាប់មក ឯកឧត្តម អ៊ាង សុផល្លែត និងក្រុមការងារ ព្រមទាំងពុទ្ធបរិស័ទ ចូលរួមបានអញ្ជើញរាប់បាត្រ ប្រគេនភត្តហារបវរណា ចតុបច្ឆ័យប្រគេនព្រះសង្ឃ ដើម្បីបានឧទ្ទិសជូនតាមរយៈព្រះសង្ឃ ក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដល់វិញ្ញាណក្ខ័ន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតាញាតិការទាំង ៧សន្តាន របស់ឯកឧត្តមប្រធានក្រុមការងារ និងអ្នកចូលរួមទាំងអស់ បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងសូមបួងសួងឲ្យវត្ថុស័ក្កិសិទ្ធិទាំងពួង តាមជួយថែរក្សាក្តុមការងារ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងក្រុមគ្រួសារ ក៏ដូចប្រជាពលរដ្ឋមានសុខភាពល្អ កម្លាំងមាំមួននិងឈ្នះអស់មាសត្រូវ។
សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យ ព្រះពុទ្ធសាសនាដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលពុទ្ធបរិស័ទខ្មែរយើងតែងតែបានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១រោជដល់ថ្ងៃ១៤រោជនិងថ្ងៃ១៥រោជខែភទ្របទ ជាថ្ងៃភ្ជុំបិណ្ឌ។ ពុទ្ធសាសនិកខ្មែរធ្វើបុណ្យ នេះដោយការយកទេយ្យទានផ្សេងៗ មាន អាហារជាដើម ទៅផ្គត់ផ្គង់ព្រះសង្ឃ នៅក្នុងវត្តអារាម ដែលកំពុងគង់ចាំវស្សានៅតាមមូលដ្ឋាននានា តាមទំនៀមទម្លាប់ពីបុរាណតរហូតមក ៕ ដោយ សួង ពិសិដ្ឋ