វត្ថុបុរាណចំនួន២៥៨ត្រូវបានធ្វើមាតុនិវត្តន៍ ក្នុងរយៈពេលប្រាំ ឆ្នាំ ចុងក្រោយនេះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានសម្រេចនូវការប្រមូល វត្ថុបុរាណពីក្រៅប្រទេសចំនួន ២៥៨ ពីប្រទេសនានាជុំវិញ ពិភព លោក។ក្រសួងជំនាញបានការដាក់ចេញយ៉ាងសកម្មនូវយន្ដការ ជាបន្តបន្ទាប់ដើម្បីធ្វើយ៉ាងណាយកព្រលឹងជាតិដ៏មាន តម្លៃរបស់ ខ្មែរមកដាក់តម្កល់នៅក្នុងប្រទេសកំណើតវិញ។ ។នេះបើតាមការ បញ្ជាក់របស់ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នក នាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនាសន្និសីទសារព័ត៌មាន ស្ដីពីសមទ្ធិផលប្រាំឆ្នាំរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កាល ពីព្រឹកថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២២នៅទីស្តីការគណៈរដ្ឋមន្រ្តី។

លោកបន្តថា៖«ក្រសួងវប្បធម៌បានប្រើប្រាស់យន្តការអំពាវនាវឬស្ម័គ្រចិត្តក្នុងករណីដែលសប្បុរសជននៅក្រៅប្រទេសបានទិញទៅដោយចៃដន្យ ។តាមរយៈយន្ដការនេះក៏មានមួយចំនួនបានស្ម័គ្រចិត្ត ប្រគល់ វត្ថុបុរាណមកឱ្យកម្ពុជាវិញ។យន្ដការមួយទៀតគឺ ការធ្វើកិច្ចព្រមព្រៀង រវាងបណ្ដាប្រទេសក្នុងការចូលរួមអន្តរាគមន៍បញ្ជូនមកឱ្យកម្ពុជាបើសិនបានប្រទះឃើញទ្រព្យសម្បត្តិរបស់កម្ពុជាណាមួយនៅក្នុងប្រទេសរបស់ខ្លួន»។

អ្នកនាំពាក្យដដែលបន្ថែមថា កិច្ចព្រមព្រៀងទ្វេភាគី ក៏អនុញ្ញាតឱ្យភាគី កម្ពុជា មានសិទ្ធិចរចារជាមួយស្ថាប័នឯកជន ដែលបានយក វត្ថុបុរាណ ទៅដោយផ្ទាល់ផងដែរ។ក្នុងករណីដែលយន្ដការខាងលើប្រើប្រាស់មិនបានផល ក្រសួងនឹង ជំរុញ ប្រើប្រាស់យន្ដការចុងក្រោយគឺយន្ដការផ្លូវច្បាប់រាប់ទាំងការប្ដឹង ផ្តល់ទៅតុលាការទាមទារយកមកវិញជាដើម។

ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ បញ្ជាក់ថា «ក្នុងរយៈពេលប្រាំឆ្នាំ ក្រសួងប្រមូលបានដល់ទៅ២៥៨រូប ដែលបញ្ជូនមកកម្ពុជា វិញ គឺមានអាមេរិកចំនួន៣៣ ជប៉ុនចំនួន៧១ ហុងគ្រីចំនួន១១០រូប អង់គ្លេសចំនួន១៦រូប និងថៃចំនួន២៨រូប។»

អ្នកនាំពាក្យដដែលនេះបន្តថា ចាប់ពីឆ្នាំ២០១៣ មកកម្ពុជាមាន ព្រឹត្តិការណ៍ប្រគល់វត្ថុបុរាណពីសហរដ្ឋអាមេរិក ដែលជាទូទៅ ត្រូវបានធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងនោះមានមួយករណី ដែលតម្រូវឱ្យកម្ពុជាតទល់តាមផ្លូវច្បាប់។ បន្ទាប់ពីការប្រមូល ភ័ស្តុតាង នានាក្នុងការតតាំងក្ដីនេះកម្ពុជាទទួលបាន ជ័យជម្នះ និងទទួលបានវត្ថុបុរាណមករក្សាទុកនៅក្នុងប្រទេសវិញ។

លោកបញ្ជាក់ថា៖ «ជ័យជម្នះនេះ ទៀតសោតបានជំរុញឱ្យកម្ពុជា កាន់តែសកម្មក្នុងការទាមទារយកវត្ថុបុរាណមកវិញ រហូតដល់មាន បណ្ដាប្រទេសមួយចំនួនផ្ទុះការសរសើរពីសមត្ថភាពទាមទារ និងសុំ រៀន សូត្រពីកម្ពុជាផងដែរ»។

មន្ត្រីជាន់ខ្ពស់រូបនេះ បញ្ជាក់បន្ថែមថា សម្រាប់ចំនួននៃ វត្ថុបុរាណ ដែលកម្ពុជាប្រមូលបាននេះ ជាកិច្ចខិតខំប្រែង លើការស្រាវជ្រាវ ជាក់ស្ដែង។ ប៉ុន្តែយ៉ាងណាក្រសួងមិនបានដឹងទេថា តើនៅមានចំនួន វត្ថុបុរាណប៉ុន្មានទៀតដែលមិនទាន់បាន យកមកវិញ ដោយហេតុថា កម្ពុជាមិនបានដឹងពីចំនួនសរុបដែលខ្លួនបានបាត់បង់នោះទេ ៕
ដោយ៖CPA
រូបថត.ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនាសន្និសីទសារព័ត៌មានស្ដីពី សមទ្ធិផលប្រាំឆ្នាំរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កាលពី ព្រឹកថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២២នៅទីស្តីការគណៈរដ្ឋមន្រ្តី

ads banner