តើលោកខៀវ សំផន ជាបុគ្គលបែបណាក្នុងកែវភ្នែកអ្នកស្រាវជ្រាវ?

អត្ថបទដោយ៖
ឈឹម សុផល

ភ្នំពេញ៖លោកខៀវ សំផន អតីតមេដឹកនាំជាន់ខ្ពស់ក្នុងឋានៈជាប្រមុខរដ្ឋនារបបខ្មែរក្រហម ជាបញ្ញវន្តខ្មែរមួយរួបដែលបានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចពីប្រទេសបារាំង​ ហើយ​លោកធ្លាប់សមាជិកសភាតំណាងរាស្ត្រចំនួនពីរអាណត្តិក្នុងសម័យសង្គមរាស្ត្រនិយមផង ។ ក្រោយមកលោកបានក្លាយជាកម្មាភិបាលជាន់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម ដែលក្រោយមករបបនេះត្រូវបានដូលរលំនៅដើមឆ្នាំ១៩៧៩ ប៉ុន្តែលោកនៅកាន់មុខដំណែងជាន់ខ្ពស់រហូតដល់ថ្ងៃចាប់ខ្លួនដើម្បីប្រឈមមុខនឹងសាលាក្តីខ្មែរក្រហម។

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២​ លោកខៀវ សំផន ចម្រើនវ័យ ៩២ឆ្នាំ ជាអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ចុងក្រោយតែម្នាក់គត់ដែលនៅរស់រានហើយត្រួវប្រឈមនឹងសវនាការរបស់សាលាក្តីខ្មែរក្រហមចុងក្រោយគេ។  តុលាការនេះបានប្រកាសសាលាដីកាជុំវិញបណ្តឹងសាទុក្ខអតីតប្រមុខរដ្ឋនៃរបបប្រជាធិបតេយ្យកម្ពុជាលោក ខៀវ សំផន ក្នុងសំណុំរឿង០០២/០២ ដោយបន្តរក្សាការដាក់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតដដែល លើបទឧក្រិដ្ឋនានាពាក់ព័ន្ធនឹងការប្រល័យពូជសាសន៍ក្នុងរបបដែលលោកបានដឹកនាំហើយដែលបានសម្លាប់ប្រជាពលរដ្ឋខ្មែរប្រមាណ ១ លាន ៧ សែននាក់ រួមមានបទចោទដូចជា បទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាក្រុងហ្សឺណែវ (Geneva Conventions)។

កិច្ចចរចាររកសន្តិភាពនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ លោកខៀវ សំផន គឺជាតំណាងដ៏ខ្ពស់បំផុត នៃក្រុមខ្មែរក្រហម ហើយក្រោយមកបានក្លាយជាសមាជិកឧត្តមក្រុមប្រឹក្សាជាតិ(Supreme National Council) ហៅកាត់ ​SNC ។

អាជ្ញាធរបណ្ដោះអាសន្ន នៃអង្គការសហប្រជាជាតិ (UNTAC) សម្រាប់កម្ពុជា បានរៀបចំការបោះឆ្នោតជាតិឆ្នាំ១៩៩៣ ប៉ុន្តែក្រុមខ្មែរក្រហមរបស់លោកខៀវ​ សំផន បានពហិការមិនចូលរួម ដែលនៅបន្តតស៊ូក្នុងព្រៃមានឈ្មោះជាក្រុមទ័ពឧទ្ទាមរហូតដល់ឆ្នាំ១៩៩៨ ។ ក្រោយមក លោក បានចាកចេញពីចលនាខ្មែរក្រហម និងបានទៅរស់នៅក្នុងខេត្តប៉ៃលិន រហូតដល់ពេលចាប់ខ្លូននិងឃុំខ្លួននៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬគេស្គាល់ថាជា សាលាក្តីខ្មែរក្រហម នៅខែវិច្ឆិកា ឆ្នាំ២០០៧។

សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រនិងជាអ្នកបានសិក្សាពីរបបខ្មែរក្រហមលោក កែង ឌួង លើកឡើងថា លោកខៀវ សំផន ត្រូវតែជាអ្នកទទួលខុសត្រូវខ្ពស់មួយរូបដែរព្រោះលោកស្ថិតក្នុងតំណែងជាប្រមុខរដ្ឋ ហើយដែលស្របតាមយុត្តាធិការរបស់សាលាក្តីខ្មែរក្រហមដែលកាត់ទោសតែចំពោះមេដឹកនាំជាន់ខ្ពស់ឬអ្នកទទួលខុសត្រូវខ្ពស់តែប៉ុណ្ណោះ។

លោកសាស្ត្រាចារ្យ កែវ ឌួង ថា៖ សម្រាប់ខ្ញុំ មិនថាលោកខៀវ សំផន និងមេដឹកនាំកំពូលខ្មែរក្រហមផ្សេងៗទៀតទេ សុទ្ធតែជាអ្នកស្នេហាជាតិនិយម តែជាស្នេហាជាតិនិយមជ្រុល។ ជាមេដឹកនាំបើត្រឹមមានគំនិតស្នេហាជាតិ វាមិនទាន់គ្រប់គ្រាន់ទេ ពាក្យស្នេហាជាតិមិនអាចយកមកបិទបាំងអំពើបំផ្លាញជាតិបានទេ តែទង្វើគាត់ជាទង្វើឧក្រិដ្ឋត្រូវតែទទួលទោស  ទោះបីជាយើងមានគោលដៅល្អ ប៉ុន្តែទង្វើសម្រេចគោលដៅយើងជាបទឧក្រិដ្ឋ។ ខៀវ សំផន ក៏ដូចគ្នា គាត់ជាអ្នកស្នេហាជាតិ មានគោលដៅល្អចង់អភិវឌ្ឍជាតិប៉ុន្តែគាត់បង្ខំប្រជាជាន សម្លាប់អ្នកទៃដែលគាត់ចាត់ទុកជាខ្មាំង ដូច្នេះវាមិនល្អទេ»។

លោក កែវ ឌូង យល់ស្រមនឹងសេចក្តីសម្រេចរបស់សាលាក្តីខ្មែរក្រហមដែលលោកថា តុលាការនេះមានភាពសុក្រឹត្យបានជជែកអង្គហេតុបានត្រឹមត្រូវនិងមានសេចក្តីសម្រេចកាត់ទោសករណីលោកខៀវ សំផន បានត្រឹមត្រូវ ទោះបីមានការលើកឡើងថា លោកខៀវ សំផន គ្រាន់តែជាអ្នកចេញមុខតំណាងរបបកម្ពុជាប្រជាធិបតេយ្យ មិនបានប្រព្រឹត្តកំហុសណាមួយក្តីនោះ។

អតីតមន្ត្រី​ជាន់​ខ្ពស់​គណបក្ស​អតីត​គណក្ស​សង្គ្រោះ​ជាតិ​និងជាធ្លាប់បម្រើការជាអ្នកកាសែតផងនោះ លោកមាជ សុណ្ណារ៉ា បានប្រាប់ឲ្យដឹងថា កាលលោកជានៅជាជំនួយការស្រាវជ្រាវរបស់ប្រវត្តិវិទូអាមេរិក ​Steve Heder លោកបានចូលជួបសម្ភាសជាមួយលោកខៀវ សំផន ក្នុងខេត្តប៉ៃលិនដែលលោកថា លោកខៀវ សំផន ហាក់បង្ហាញថាលោកជាមនុស្សម្នាក់ដែលមិនពាក់ព័ន្ធនឹងសកម្មភាពប្រល័យពូជសាសន៍នោះទាល់តែសោះ។

លោកម៉ាជ សុណ្ណារ៉ា៖ តាមរយៈការឆ្លើយឆ្លងសម្ភាសនោះ ចម្លើយរបស់លោកខៀវ សំផន ហាក់បង្ហាញថាទោះបីលោកជាប្រមុខរដ្ឋក្នុងរបបក្តីតែលោកមិនចង់ឲ្យរាស្ត្រត្រូវបានកាប់សម្លាប់ឡើយ ក្នុងន័យគាត់គ្រាន់តែនាំប្រជាពលរដ្ឋធ្វើបដិវត្តន៍ប៉ុណ្ណោះ។

តាមរយៈលោកម៉ាជ សុណ្ណារ៉ា លោកថា លោកខៀវ សំផន បានអះអាងថា លោកជាក្រុមកុម្មុយនីស្តខ្មែរដែលស្អាតស្អំ ខុសពីក្រុមកុម្មុយនីស្តក្រុមផ្សេងទៀតដែលទទួលការបំពាក់បំប៉នពីប្រទេសវៀតណាម ឬពីចិន ក្នុងលក្ខខណ្ឌភូមិសាស្ត្រនយោបាយប្រទាញប្រទង់របស់មហាអំណាចសេរីនិងកុម្មុយនីស្តនាសម័យសង្គ្រាមត្រជាក់នោះ។

ទៅលើអត្តចរិតរបស់លោកខៀវ សំផន លោកម៉ាជ សុណ្ណារ៉ា ថាតាមរយៈការជួបសម្ភាសផ្ទាល់លោកយល់ លោកខៀវ សំផន ជាមនុស្សទន់ភ្លន់ គ្មានសេចក្តីលោភលន់តាមរយៈសកម្មភាពរស់នៅរបស់លោកដែលកាលលោកនៅបម្រើការជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មក្នុងសម័យសង្គមរាស្ត្រនិយមនោះ​ លោកជិះកង់ទៅធ្វើការប៉ុណ្ណោះ ។ លោកមាជ សុណ្ណារ៉ា សង្កត់ធ្ងន់ថា លោកជាមេដឹកនាំខ្មែរក្រហមក្រជាងគេក្នុងចំណោមមេដឹកនាំដទៃទៀត តួយ៉ាង អៀង សារី នួន ជា សាឡុត សហៅប៉ុល ពត បើប្រៀបធៀបទៅ ដែលលោកជាមេដឹកនាំសាមញ្ញ គ្មានទ្រព្យសម្បត្តិបង្ហាញថាលោកជាមនុស្សសម្ភារៈនិយមអ្វីឡើយ ក្នុងសភាពរស់នៅក្នុងផ្ទះសង់ពីឈើប្រក់ស័ង្កសីនៅកណ្តាលក្រុងប៉ៃលិន។

លោកមាជ សុវណ្ណារ៉ា បន្ត«ក្នុងទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា លោកជាអ្នកស្នេហាជាតិម្នាក់ តែសម័យនោះលោកកាន់អំណាចគ្រាន់តែជាទីងមោងម្នាក់នោះទេ ទោះកាន់តំណែងជាប្រមុខរដ្ឋក្តី ក្នុងសម្ពាធនយោបាយរបស់ប៉ុល ពត នួន ជា ឥទ្ធិពលយួន ចិនជាដើម តែទោះជាយ៉ាងណា ក្នុងអង្គច្បាប់ លោកត្រូវតែទទួលខុសត្រូវចំពោះសោកនាដកម្មនេះហើយ ព្រោះគាត់ជាមេដឹកនាំជាន់ខ្ពស់មួយរូប»។

លោក សុវណ្ណារ៉ា យល់ថាសមាសភាពតុលាការកូនកាត់ខ្មែរក្រហមនៅមានកម្រិត បានត្រឹមជជែកសំណុំរឿងពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដោយមិនបានជីករកការពិតនិងយុត្តិធម៌បានពេញលេញនោះឡើយ។

សម្រាប់លោកបណ្ឌិត Timothy Williams ជាអ្នកស្រាវជ្រាវលើបញ្ហាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍និងធ្លាប់សិក្សាពីបញ្ហាខ្មែរក្រហម វិញ បានគូសបញ្ជាក់ចំពោះបញ្ហាប្រល័យពូជសាសន៍មិនថា របបខ្មែរក្រហម មិនថានៅប្រទេស Rwanda ឬនៅ Holocaust ឡើយ មនោគមន៍វិជ្ជាបានដើរតួនាទីយ៉ាងសំខាន់ ដែលក្រុមអ្នកប្រព្រឹត្តអំពើប្រល័យពូជសាសន៍នានាបានរៀបចំជាប្រព័​ន្ធទស្សនៈសាកលមួយ ហើយពួកគេនឹងកំណត់ដោយស្វយប្រវត្តិថានរណាជាមិត្ត​ នរណាជាសត្រូវ ឬនរណាជាគ្នាយើង នរណាជាគ្នាគេ ។

លោកបណ្ឌិត Timothy Williams ៖ ពួកគេនឹងបង្កើតភស្តុតាងបង្ហាញសម្រាប់អំណាចគ្រប់គ្រង និងការប្រើអំពើហិង្សាព្រោះពួកគេនឹងបែកចែកថា នរណាត្រូវបានពួកគេមើលឃើញថាជាគ្នា នរណាមិនមែនគ្នាគេដែល ពូកគេគិតថា ក្រុមមនុស្សអាក្រក់ អាចមានគ្រោះថ្នាក់ ដែលសក្តិសមនឹងសម្លាប់ចោល។

លោកបណ្ឌិតបន្ថែមថា ទោះបីជារបបខ្មែរក្រហមទទួលបានការគាំទ្រពីរបបផ្សេងៗទៀត ពីបណ្តាប្រទេសផ្សេងៗទៀតពិតមែន ប៉ុន្តែក្រុមខ្មែរក្រហមមិនមែនជារបបអាយ៉ងឡើយ ព្រោះពួកគេមានស្វយភាពដឹកនាំរដ្ឋ មានឯករាជ្យក្នុងការបង្កើតគោលនយោបាយ ដែលត្រូវទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដែលខ្លួនបានប្រព្រឹត្ត៕

ដោយ៖សំបានច័ន្ទដារ៉ា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner