ពលរដ្ឋរុស្សីជាច្រើនភៀសខ្លួនចេញពីប្រទេស បន្ទាប់ពីលោកពូទីន ប្រកាសកេណ្ឌទ័ពបីសែននាក់

រុស្ស៊ី៖ពលរដ្ឋ​រុស្ស៊ី​មួយចំនួន​ជាពិសេស​បុរស​ បាន​ប្រញាប់ប្រញាល់​រត់ភៀសខ្លួនទៅ​កាន់​តំបន់ជាប់ព្រំដែន​ ហើយ​អ្នកខ្លះទៀត​ហោះហើរចេញពីប្រទេស​តាមយន្តហោះ បន្ទាប់ពី​លោក​ប្រធានាធិបតី​ វ្ល៉ាឌីមៀរ ពូទីន​ ប្រកាស​កេណ្ឌ​ទ័ព ៣សែន​នាក់ ទៅ​ជួយច្បាំង​នៅ​អ៊ុយក្រែន​។

វិមានក្រឹមឡាំង​ និយាយថា​របាយការណ៍​អំពី​ការរត់ភៀសខ្លួន​របស់​ពលរដ្ឋរុស្ស៊ី​ដែលគ្រប់វ័យបម្រើក្នុង​ជួរ​កងទ័ពគឺជា​ការបំផ្លើស​។ ប៉ុន្តែ នៅតាមព្រំដែនជាមួយហ្សកហ្ស៊ី​ គេប្រទះឃើញ​ជួររថយន្ត​ដែលមានប្រវែង​រាប់ម៉ាយល៍កំពុង​បន្តកន្ទុយគ្នា​ រួមមានទាំងក្រុមបុរសៗ​រុស្ស៊ី​ដែលកំពុងព្យាយាមរត់​គេចពីការកេណ្ឌ​យក​ទៅ​ធ្វើសង្រ្គាមផងដែរ​។

សាក្សីខ្លះ​ បានប៉ាន់ស្មានថា​ជួររថយន្តនៅប៉ុស្តិ៍ត្រួតពិនិត្យរវាងព្រំដែនរុស្ស៊ី​-ហ្សកហ្ស៊ី​ នៅ Upper Lars មានប្រវែង​ប្រមាណ​ ៥គីឡូម៉ែត្រ (៣ ម៉ាយល៍) ខណៈដែលអ្នកខ្លះទៀត​និយាយថា​ គេត្រូវចំណាយពេលខ្ទង់​ ៧ម៉ោង ដើម្បីឆ្លងកាត់ព្រំដែន​។

រីឯ​ ជើងហោះហើរចេញពីរុស្ស៊ី​បានពេញកាលពីថ្ងៃពុធ​ ហើយតម្លៃសំបុត្រយន្តហោះ​វិញ បានហក់ឡើងលឿនស្លេវ​ ដោយហេតុមានពលរដ្ឋ​រុស្ស៊ីជាច្រើន​បានព្យាយាមចាកចេញពី​ប្រទេស។ ទិន្នន័យ​របស់​ Aviasales​ ដែលជាគេហទំព័រកក់សំបុត្រយន្តហោះដ៏ពេញនិយមបំផុតរបស់រុស្ស៊ី​ បង្ហាញថាជើងហោះហើរត្រង់ពីទីក្រុងមូស្គូ​ទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល​ប្រទេសតួកគី​ និងរដ្ឋធានីយ៉េរ៉េវ៉ា​ន់របស់​អាមេនី​ កាលពីថ្ងៃពុធ​ត្រូវបានលក់អស់គ្មានសល់​ ខណៈដែលប្រទេសតួកគី​និងអាមេនី អនុញ្ញាតឱ្យជនជាតិរុស្ស៊ីចូលដោយគ្មានទិដ្ឋាការ​។

គួររំឭកថា​ នៅថ្ងៃពុធ​ទី ២១​កញ្ញា ២០២២​នេះ លោកប្រធានាធិបតី​រុស្ស៊ី​ ពូទីន​ បានចុះ​ហត្ថលេខា​លើ​ក្រឹត្យ​មួយ ប្រកាស​កេណ្ឌទ័ព​​ចំនួន ៣សែននាក់ ទៅ​ជួយក្នុង​​ប្រតិបត្តិការ​យោធា​ពិសេស​នៅអ៊ុយក្រែន​។ វិមានក្រឹមឡាំង​ និយាយថា​ មានតែ​ពលរដ្ឋរុស្ស៊ី​ដែលធ្លាប់បាន​បំពេញកាតព្វកិច្ចយោធា ​ មានជំនាញពិសេស​ និង​មានបទពិសោធន៍ប្រយុទ្ធប៉ុណ្ណោះ ​ដែលត្រូវ​កេណ្ឌឱ្យ​ជួយជាកម្លាំងទ័ព​។

សេចក្តីប្រកាស​នេះ បានបង្កឱ្យមានការតវ៉ានៅក្នុងទីក្រុងធំៗរបស់រុស្ស៊ី​ រួមមាន​ទីក្រុងមូស្គូ​ និងសាំងពេទឺប៊ឺគ​ (St Petersburg) រហូតបណ្តាលឱ្យមានការចាប់ខ្លួនបាតុករ​ប្រមាណ ១ ៣០០នាក់​ទៀតផង​៕

ដោយ៖លី លីយ៉ា

ads banner