សំ សុខយី បានចាត់ទុកការហ្វឹកហាត់រយ:ពេលវែងនៅចិន នឹងឈានទៅដណ្តើមមេដាយលើសពីការរំពឹងទុក

ភ្នំពេញ៖ លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានចាត់ទុកការបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅចិនរយៈពេលវែង នឹងឈានទៅដណ្តើមមេដាយលើសពីការរំពឹងទុក ពីព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាប្រវត្តិសាស្រ្តលើកដំបូង ។ នេះការថ្លែងអោយដឹងបន្ទាប់ពីប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាសរុប ១៦១នាក់ លើ ១២ប្រភេទកីឡា បានបញ្ជូនបទៅសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ។


លោក សំ សុខយី បញ្ញាក់បន្ថែមថា ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាល និងប្រជាជនចិន ដល់ក្រុមជម្រើសជាតិកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ។ កីឡាករ-កីឡាការិនីទាំងអស់ នឹងត្រូវហ្វឹកហាត់ រយៈពេលវែង រហូតដល់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ តែក្រោយបញ្ចប់បេសកកម្មក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា បើសិនគ្មានការប្រែប្រួលនោះទេ ពួកគេនឹងត្រឡប់ទៅហាត់នៅចិនបន្ដទៀត រហូតចប់កិច្ចព្រមព្រៀងរយៈពេល២ឆ្នាំ។

លោក អគ្គលេខាធិការ សង្ឃឹមថា ការបញ្ជូនកីឡាករ កីឡាការិនីទៅហ្វឹកហាត់នេះ នឹងធ្វើអោយសិទ្ធផលឈានដល់កម្រិតស្តង់ដារ ដែលអាចដណ្ដើមយកមេដាយបាន។ ដោយសារថា ការដែលយើងទទួលបានគ្រូជំនាញចិន មកបង្វឹករយៈពេលមួយខែ ឃើញថាកីឡាករ កីឡាការិនីរបស់យើងមានសិទ្ធផលកើនឡើងគួរឲ្យកត់សម្គាល់ ជាពិសេសការចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមថ្មីៗនេះ អត្តពលិកកម្ពុជា ឈ្នះបាន២ប្រទេស ។ លោក ជឿជាក់ថា ពេលត្រឡប់មកពីហ្វឹកហាត់រយៈពេលដល់ទៅ៦ខែ មិត្តចិននឹងធ្វើឲ្យយើងមានការភ្ញាក់ផ្អើល អាចនឹងមានលទ្ធភាពគ្រប់គ្រាន់ នៅក្នុងការដណ្ដើមយកមេដាយមាស ហើយលើសការរំពឹងទុកក៏ថាបាន ។

ក្រៅពីមេដាយមាសមួយគ្រឿងដែល Camsoc បានដាក់សន្ទសន៍អោយសហព័ន្ធកីឡាលើកទម្ងន់ ដោយសារតាមស្មារតី នៃការទទួលខុសត្រូវ និងមានផែនការយុទ្ធសាស្រ្តច្បាស់លាស់ របស់ឯកឧត្តម វ៉ាត់ ចំរើន ដែលជាប្រធានសហព័ន្ធផ្ទាល់ ។ ក្នុងនាមជាម្ចាស់ផ្ទះ លោក ថា សហព័ន្ធក៏បានត្រៀមមន្រ្តីបច្ចេកទេស ចំនួន២០នាក់ ។ ចំពោះអាជ្ញាកណ្តាលចៅក្រមអន្តរជាតិ កម្ពុជា មាន២នាក់ ដែលធ្លាប់បានចូលរួមស៊ីហ្គេម លើកទី៣១ នៅវៀតណាម ហយើត្រូវការ៤នាក់បន្ថែម ដូច្នេះសហព័ន្ធគ្រោងបញ្ជូនទៅចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាលបន្ថែម នៅឯប្រទេសថៃ ចំនួន៧នាក់ ដើម្បីរៀនសូត្រដកស្រង់បទពិសោធន៍បន្ថែម និងចូលរួមកាត់សេចក្តី ការប្រកួតនៅប្រទេសថៃ ក្រោមការសម្របសម្រួលពីសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ និងសហព័ន្ធកីឡាលើកទម្ងន់អាស៊ី ដើម្បីបង្គ្រប់៦នាក់ ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។


គួរបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍កីឡា sea games លើកទី៣២ ឆ្នាំ២០២៣ សហព័ន្ធកីឡាលើកទម្ងន់ បានដាក់៧ប្រភេទទម្ងន់បុរស-នារី ។ បុរសមានទម្ងន់ ៥៥គីឡូក្រាម ៦១ ៦៧ ៧៣ ៨១ ៨៩ និង ៨៩គីឡូក្រាមបូក នារីមានប្រភេទទម្ងន់ ៤៥គីឡូក្រាម ៤៩ , ៥៥ , ៥៩ , ៦៤ , ៧១ និង៧១គីឡូក្រាមបូក ក្នុងនាមជាម្ចាស់ផ្ទះ ។
សូមបញ្ជាក់ថា ការប្រកួតកីឡាជាតិ ឬ National Games លើកទី៣ នឹងត្រូវរៀបចំធ្វើឡើង នាចុងខែវិច្ឆិកាខាងមុខ សម្រាប់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា មាន៧រាជធានីខេត្ត-ក្រុងចូលរួម ប្រកួតលើវិញ្ញាសា៧ប្រភេទទម្ងន់ ផ្នែកបុរស/នារី ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner