ក្រុមហ៊ុនសេវាទូរស័ព្ទចល័ត ត្រូវបានណែនាំឱ្យបញ្ឈប់សេវាកម្មគម្រោងខ្ចីលុយជូនអ្នកប្រើប្រាស់
ភ្នំពេញ៖និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានចេញសេចក្តីប្រកាសមួយចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ដោយសម្រេចជាគោលការណ៍ តម្រូវឱ្យប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាបញ្ឈប់រាល់ការផ្តល់សេវាកម្មបន្ថែមជូនអ្នកប្រើប្រាស់ក្នុងទម្រង់ជា «គម្រោងខ្ចីលុយ»។
សេចក្តីប្រកាសបានបញ្ជាក់ថា ចំពោះគម្រោងខ្ចីលុយដែលអ្នកប្រើប្រាស់បានភ្ជាប់រួចហើយ ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តទាំងអស់ ត្រូវបន្តផ្តល់សុពលភាពរហូតដល់អ្នកប្រើប្រាស់អស់ចំនួនទឹកលុយដែលបានខ្ចី ដោយកំណត់យក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ជាថ្ងៃចុងក្រោយ។
ដើម្បីប្រសិទ្ធភាពនៃការងារនេះនិយ័តករទូរគមនាគមន៍កម្ពុជាព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តណាដែលប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងការសម្រេចរបស់រាជរដ្ឋាភិបាល។
និយ័តករទូរគមនាគមន៍កម្ពុជានឹងបន្តសកម្មភាព តាមដាន នឹងធ្វើការណែនាំទៅដល់ប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ ត្រូវតែអនុវត្តតាមការសម្រេចរបស់រាជរដ្ឋាភិបាល ឱ្យបានម៉ឺងម៉ាត់៕
ដោយ៖ជា សុខនី