អាមេរិក ដាក់ទណ្ឌកម្មប៉ូលិសសីលធម៌អ៊ីរ៉ង់ ដោយចោទប្រកាន់ពីបទរំលោភបំពានស្រ្ដី
អាមេរិក៖ សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ទី២២កញ្ញា បានដាក់ទណ្ឌកម្មលើប៉ូលិសសីលធម៌របស់អ៊ីរ៉ង់ ដោយចោទប្រកាន់ពីបទរំលោភបំពានលើស្ត្រីអ៊ីរ៉ង់ ហើយអះអាងថា អង្គភាពនេះត្រូវទទួលខុសត្រូវលើការស្លាប់របស់នារីវ័យ ២២ ឆ្នាំម្នាក់ ក្នុងមន្ទីរឃុំឃាំង ដែលបង្កឱ្យមានបាតុកម្មតវ៉ាទូទាំងប្រទេស។
ក្រសួងរតនាគារសហរដ្ឋអាមេរិក ក៏បានចោទប្រកាន់ផងដែរទៅលើប៉ូលិសសីលធម៌ដដែល ថាបានរំលោភសិទ្ធិអ្នកតវ៉ាដោយសន្តិវិធី ហើយអះអាងថា ខ្លួនបានដាក់ទណ្ឌកម្មលើមន្ត្រីយោធា និងសន្តិសុខជាន់ខ្ពស់អ៊ីរ៉ង់ចំនួនប្រាំពីររូប រួមទាំងប្រធានកងកម្លាំងជើងគោករបស់កងទ័ពអ៊ីរ៉ង់ផងដែរ។
គួរបញ្ជាក់ថា ការខឹងសម្បាជាសាធារណៈនៅអ៊ីរ៉ង់ បានផ្ទុះឡើងដោយសារតែការស្លាប់របស់នាង ម៉ាសា អាមីនី (Mahsa Amini) ដើមកំណើតគួដ កាលពីសប្តាហ៍មុន បន្ទាប់ពីប៉ូលិសសីលធម៌ក្នុងទីក្រុងតេហេរ៉ង់ចាប់ខ្លួន ពីបទ «ពាក់ហ៊ីចាបបញ្ចេញសក់មិនសមរម្យ»។ នាងអាមីនី បានសន្លប់នៅមន្ទីរឃុំឃាំង មុនពេលប៉ូលិស ប្រកាសថានាងស្លាប់ដោយសារគាំងបេះដូង។ ប៉ុន្តែមានសេចក្ដីរាយការណ៍ជាច្រើន ថាប៉ូលិសនៅមន្ទីរឃុំឃាំង បានវាយដំនាងរហូតដល់ដួលសន្លប់ ហើយស្លាប់ ខណៈម្ដាយរបស់នាងអះអាងថា កូនស្រីរបស់ខ្លួនគ្មានជំងឺបេះដូងនោះទេ។
លេខាធិការរតនាគារអាមេរិក លោកស្រី ចានេត យ៉េឡេន (Janet Yellen) អះអាងក្នុងសេចក្តីថ្លែងការណ៍ថា៖ «នាង ម៉ាសា អាមីនី គឺជានារីក្លាហានម្នាក់ ដែលស្លាប់នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិសសីលធម៌ ដោយសារតែអំពើឃោរឃៅរបស់កងកម្លាំងសន្តិសុខរបស់អ៊ីរ៉ង់ ប្រឆាំងនឹងប្រជាជនរបស់ខ្លួន»។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្ល៊ីងកិន បានថ្លែងក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយផ្សេងទៀតថា៖ «រដ្ឋាភិបាលអ៊ីរ៉ង់ ចាំបាច់ត្រូវបញ្ចប់ការធ្វើទុក្ខបុកម្នេញជាប្រព័ន្ធលើស្ត្រី និងអនុញ្ញាតឱ្យមានការតវ៉ាដោយសន្តិវិធី»។
ការស្លាប់របស់នាង អាមីនី បានបំផ្ទុះបាតុកម្មតវ៉ាដ៏ធំបំផុត ចាប់តាំងពីបាតុកម្មទាក់ទងនឹងឥន្ធនៈឡើងថ្ងៃក្នុងឆ្នាំ ២០១៩ ហើយមកទល់ថ្ងៃព្រហស្បតិ៍ ២២កញ្ញានេះ ស្ថានភាពនៃការកំហឹងតវ៉ា មិនទាន់មានសញ្ញាធូរស្រាលនៅឡើយទេ ទាំងនៅរដ្ឋធានីតេហេរ៉ង់ និងទីក្រុងធំៗ និងក្រុងផ្សេងទៀតទូទាំងប្រទេស។
តាំងពីបាតុកម្មចាប់ផ្ដើមនៅថ្ងៃទី ១៦ ខែកញ្ញាមក មានវីដេអូជាច្រើនដែលត្រូវបានចែកចាយនៅលើបណ្ដាញសង្គម បង្ហាញថា ក្រុមអ្នកតវ៉ាជាស្រ្តី បានតវ៉ាដោយកាត់សក់ខ្លួនឯង និងដុតហ៊ីចាប (ស្បៃរុំក្បាល) ដែលពួកគេពាក់នៅលើភ្នក់ភ្លើងកណ្ដាលហ្វូងបាតុករ។ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមបាតុករ បានដុតបុស្តិ៍ប៉ូលិស និងរថយន្តនៅតាមទីក្រុងនានា ខណៈដែលមានការប៉ះទង្គិចផ្សេងៗគ្នាហិង្សានៅតាមកន្លែងជាមួយក្រុមប៉ូលិស ។ មន្រ្តីអ៊ីរ៉ង់ថា អ្នកស្លាប់ក្នុងបាតុកម្មមានត្រឹម ១៧ នាក់ ប៉ុន្តែក្រុមសិទ្ធិមនុស្សមួយរបស់ប្រទេសអះអាងថា ការប៉ះទង្គិចគ្នា រួមទាំងការបាញ់គ្រាប់ពិតពីប៉ូលិស បានសម្លាប់មនុស្ស ៣១ រួចមកហើយ។
ខណៈដែលភាពចលាចលបន្តពុះកញ្រ្ជោល រដ្ឋាភិបាលអ៊ីរ៉ង់បានបិទអ៊ិនធ័រនែតក្នុងប្រទេសស្ទើរតែទាំងស្រុង ហើយប្រជាជនអ៊ីរ៉ង់ឥឡូវនេះ មិនអាចចូលប្រើអ៊ីនស្ដាក្រាម ឬ WhatsApp បានទេ៕
ដោយ៖ហួន ឌីណា