សម្តេចចក្រី ហេង សំរិន និងសមាជិកសមាជិការដ្ឋសភា និងក្រុម គ្រួសារ ប្រារព្ធពិធីកាន់បិណ្ឌទី១៣នៅវត្តថ្កូវ
ត្បូងឃ្មុំ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា រួម ទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សមាជិកសមាជិការដ្ឋសភា ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត បាន ប្រារព្ធ ពិធីកាន់បិណ្ឌទី១៣ នៅវត្តថ្កូវ ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ តាមពិធីទំនៀម ទម្លាប់ព្រះពុទ្ធសាសនា។
សម្តេចចក្រី ហេង សំរិន និងប្រជាពុទ្ធបរិស័ទទំាងអស់បានបូជាទៀន ធូបផា្កភ្ញីចំពោះព្រះរតនត្រៃ រាប់បាត្រ ព្រមទាំងបាននាំយកនូវ ទេយ្យទាន គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ បច្ច័យប្រគេនព្រះសង្ឃ ឧទ្ទិសកុសលផលបុណ្យជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជនមាន មាតាបិតា ជីដូនជីតាញាតិការទាំង៧សន្ដាន និងឥស្សរជន វីរជន យុទ្ធជន ដែល បានលះបង់ជីវិតដើម្បីបុព្វហេតុជាតិ និងប្រជាជន សូមឱ្យដួងវិញាណក្ខន្ធអស់លោកទាំងអស់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សម្តេចចក្រីប្រធានរដ្ឋសភាពបានជូនពរដល់ប្រជាពលរដ្ឋទំាងអស់ជួបតែសេក្តីសុខ សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ ។រាល់ការធ្វើដំណើរ ជិតឆ្ងាយនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះជួបតែសុខ សុវត្ថិភាព ដោយគោរពច្បាប់ចរាចរណ៍ទំាងអស់គ្នានិងចេះអធ្យាស្រ័យគ្នាទៅវិញទៅមក។
ជាមួយគ្នានេះ សម្តេចបានអំពាវនាវដល់អាជ្ញាធរគ្រប់ទីកន្លែង ជួយសម្រួលនិងបង្ករលក្ខណៈងាយស្រួល ជូនដល់ពលរដ្ឋក្នុងការ ធ្វើបុណ្យទាននិងដំណើរកម្សាន្តជួបជុំក្រុមគ្រួសារនៅក្នុងរដូវភ្ជុំបិណ្ឌនេះ ឲ្យបានល្អប្រសើរជាទីបំផុត៕
ដោយ៖ហេង សម្បត្តិ