សម្តេចតេជោហ៊ុន សែន កត់សម្គាល់អំពីសារៈសំខាន់នៃជំនួយគាំទ្ររបស់កម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ

អត្ថបទដោយ៖
CPA

ញូវយ៉ក៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងប្រាប់អភិបាលកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (យូអិនឌីភី,UNDP) ថា យូអិនឌីភី បានជួយកម្ពុជាឲ្យងើបចេញពីភាពក្រីក្រ ហើយថាកម្ពុជាពិតជាមិនអាចខ្វះការគាំទ្រជាបន្តទៀតពីយូអិនឌីភី បានឡើយ។​ មិនអាចខ្វះបាន ព្រោះការគាំទ្ររបស់យូអិនឌីភី ជួយដល់គោលនយោបាយកម្ពុជា​ ក្នុងការជំរុញគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍​ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព​ ព្រមទាំងគោលនយោបាយកម្ពុជាគ្មានមីននៅឆ្នាំ២០២៥​ និងកិច្ចព្រមព្រៀងបៃតងអាស៊ាន​។

ក្នុងជំនួបពិភាក្សាកាលពីថ្ងៃទី២២ ខែកញ្ញា ជាមួយអភិបាលអង្គការយូអិនឌីភី  លោក Achim Steiner នៅទីស្នាក់ការរបស់អង្គការសហប្រជាជាតិ ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងប្រាប់ប្រមុខយូអិនឌីភី ថាកម្ពុជាពិតជាត្រូវការកិច្ចគាំទ្រជាបន្តទៀតពី យូអិនឌីភី ដើម្បីជំរុញគោលដៅអភិវឌ្ឍន៍នាសហស្សវត្សរ៍ និងដោយចីរភាព។

ក្នុងជំនួប​នោះ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាក៏បានលើកឡើងនូវផែនការធំៗពីរ​ ដែលកម្ពុជាត្រូវការជំនួយគាំទ្រពី យូអិនឌីភី  ដែលរួមមមាន៖​ កិច្ចព្រមព្រៀងបៃតងអាស៊ាន​ ដែលកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២​ នេះ​ បានដាក់ចេញទៅលើបញ្ហាប្រែប្រួលអាកាសធាតុ និងនយោបាយកម្ពុជាគ្មានមីននៅឆ្នាំ២០២៥។

ទន្ទឹមនេះសម្តេចតេជោ ហ៊ុន សែន​ បានថ្លែងអំណរអរគុណដល់​អភិបាលយូអិនឌីភីក៏ដូចជាភ្នាក់ងារនៃអង្គការសហប្រជាជាតិដទៃទៀតផងដែរ នូវកិច្ចខិតខំប្រឹងប្រែងគាំទ្រកម្ពុជានាពេលកន្លងមក ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស ដែលបានជួយកម្ពុជាឲ្យប្រែក្លាយខ្លួនពីប្រទេសក្រីក្រ មកជាប្រទេសដែលមានការអភិវឌ្ឍតិចតួច។

ឆ្លើយតបនឹងសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា លោក Achim Steiner បានគូសបញ្ជាក់ថា ជុំវិញបញ្ហារំដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ យូអិនឌីភី មានសេចក្តីសោមនស្សណាស់ដែលបានធ្វើការជាមួយកម្ពុជា ហើយយូអិនឌីភី សន្យាថានឹងជួយកម្ពុជាឲ្យជោគជ័យទាំងស្រុងលើកិច្ចការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ។

ទាក់ទងនឹងកិច្ចព្រមព្រៀងបៃតងអាស៊ានវិញ ប្រធានយូអិនឌីភី  រូបនេះបញ្ជាក់ថា មិនមែនជាឧបសគ្គឡើយសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ជាពិសេសក្នុងតំបន់អាស៊ាន ដែលលោកសង្កត់ធ្ងន់ថា ចំពោះគោលនយោបាយបៃតង គឺត្រូវធ្វើយ៉ាងណាជំរុញឲ្យសេដ្ឋកិច្ចបៃតងជាគន្លឹះក្នុងសេដ្ឋកិច្ចក្របខ័ណ្ឌរួម។

លោក Achim Steiner បន្តថា៖ «រឿងដែលសំខាន់នៅពេលនេះ គឺពាក់ព័ន្ធទៅនឹងការងារប្រែប្រួលអាកាសធាតុ ដែលមានការលើកឡើងពីអគ្គលេខាធិការអង្គការសហប្រជាជាតិកាលពីពេលថ្មីៗនេះ។យើងនឹងបន្តធ្វើការងារជាមួយប្រទេសកម្ពុជាជាបន្តទៀត ជាពិសេសលើវិស័យដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ»។

ប្រមុខយូអិនឌីភី រូបនេះ ក៏បានកោតសរសើរផងដែរចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន លើកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសកន្លងមកនេះ ហើយលោកលើកឡើងដែរថា លោកតែងតាមដានពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជាជានិច្ច ហើយលោកមានមោទនភាពណាស់ដែលបានក្លាយជាដៃគូអភិវឌ្ឍន៍របស់កម្ពុជា។ លោក ក៏បានសន្យាបន្តជួយកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងហិរញ្ញប្បទាន និងធ្វើយ៉ាងណាជំរុញយុទ្ធសាស្ត្រក្នុងការទាក់ទាញការវិនិយោគឱ្យបានខ្ពស់បំផុត។

ជុំវិញបញ្ហានេះលោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាលើកឡើងថា កញ្ចប់ជំនួយរបស់អង្គការសហប្រជាជាតិទៅកាន់បណ្តាប្រទេសកំពុងអភិវឌ្ឍនេះ ជាជំនួយអភិវឌ្ឍន៍ដែលអង្គការសហប្រជាជាតិ ប្រមែប្រមូលបានពីបណ្តាប្រទេសដែលមានចំណូលខ្ពស់មកផ្តល់ដល់បណ្តាប្រទេសក្រីក្រដើម្បីគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍។

សម្រាប់ជំនួយពីដៃគូរអភិវឌ្ឍន៍និងជាពិសេសពីអង្គការសហប្រជាជាតិ លោកបណ្ឌិតគី សិរីវឌ្ឍន៍ មើលឃើញពីសុទិដ្ឋិនិយមខ្ពស់ដូច្នេះថា៖ «ចំពោះកម្ពុជា ជំនួយទាំងនេះមានភាពល្អប្រសើរដែលបានជួយឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន និងបានដែលបានជួយកម្ពុជាផ្លាស់ប្តូរចេញពីដែលមានចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប» ។

អ្នកស្រាវជ្រាវសេដ្ឋកិច្ចរូបនេះ គូសបញ្ជាក់ទៀតថា ចាប់តាំងពីមានសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ មក យូអិនឌីភី និងភ្នាក់ងារអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិផ្សេង​ បានចូលរួមចំណែកជួយកម្ពុជាយ៉ាងសម្បើម ជួយកម្ពុជាឲ្យងើបចេញពីបញ្ហាគ្រោះអត់ឃ្លានផង​ និងបន្ទាប់មកទៀតពីបញ្ហាបន្ទាប់ក្រីក្រផង។ «មកដល់ពេលនេះ កម្ពុជាក៏បានចូលរួមចំណែកផ្តល់ជំនួយខ្លះៗទៅកាន់អង្គការសហប្រជាជាតិវិញផងដែរ ដើម្បីជួយបណ្តាក្រីក្រនានាទៀតនៅក្នុងពិភពលោក»។

លោកបណ្ឌិតគី សិរីវឌ្ឍន៍បន្ថែមថា នាពេលបច្ចុប្បន្ននេះ ជំនួយពីអង្គការសហប្រជាជាតិមកកម្ពុជាភាគច្រើនផ្តោតសំខាន់ទៅលើការអភិវឌ្ឍជនបទ វិស័យអប់រំ សុខភាពសាធារណៈ អាហារូបត្ថម្ភជនបទ និងការលើកស្ទួយហេដ្ឋារចនាសម្ព័ន្ធនៅទីជនបទ។

គួររំឭកថា កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ យូអិនឌីភី បានបញ្ចេញសេចក្តីថ្លែងការណ៍មួយស្តីពីការកៀរគរមូលនិធិរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពកម្ចាត់មីនដែលអង្គការនេះបានអំពាវនាវឲ្យមានការបន្តចូលរួមចំណែកពីដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជនដើម្បីសម្រេចបានគោលដៅកម្ពុជាគ្មានគ្រាប់មីនត្រឹមឆ្នាំ ២០២៥។

កាលពីដើមខែកញ្ញា ឆ្នាំ២០២២ ក្នុងពិធីបើកនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងពីគំនិតផ្តួចផ្តើមស្តីអំពី «កិច្ចព្រមព្រៀងបៃតងអាស៊ាន» ក្នុងនាមកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ នេះ ដើម្បីតំបន់អាស៊ានអាចប្រែក្លាយខ្លួនបន្តិចម្ដងៗឆ្ពោះទៅកាន់អនាគតបៃតងដែលមានចីរភាព ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ភាពធន់រឹងមាំ និងភាពប្រកួតប្រជែងក្នុងផ្នែកសេដ្ឋកិច្ច៕

ដោយ៖ សំបាន ច័ន្ទដារ៉ា រូបថត៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក្នុងជំនួបពិភាក្សាកាលពីថ្ងៃទី២២ ខែកញ្ញា ជាមួយអភិបាលអង្គការយូអិនឌីភី  លោក Achim Steiner នៅទីស្នាក់ការរបស់អង្គការសហប្រជាជាតិ ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក(រូបថតហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន)

ads banner