មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប សហការជាមួយ រដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមកម្ពុជាខេត្តកែប បើកយុទ្ធនាការ អប់រំផ្សព្វផ្សាយ ច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក នាឱកាសបុណ្យភ្ជុំបិណ្ឌ

ខេត្តកែប ៖ ប្រជាពលរដ្ឋ សិស្សានុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា រួមទាំងមន្ត្រីរាជការ កងកំលាំងទាំងបី សរុបជាង ២០០នាក់ បានមកជួបជុំគ្នានៅបរិវេណ ឆ្នេរលេងទឹក (ស្រីស) ខេត្តកែប ដើម្បីប្រារព្ធយុទ្ធនាការអប់រំផ្សព្វផ្សាយ ច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងវិធានការនានាក្នុងការប្រយុទ្ធប្រឆាំង និងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ជ ប្រពៃណីសាសនា ដែលនឹងចូលមកដល់នៅថ្ងៃទី២៤ ដល់ ២៦ ខែកញ្ញា ដែលនឹងប្រព្រឹត្តទៅ នៅព្រឹក ថ្ងៃ ទី ២៣ ខែ កញ្ញាឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងលោក លោកស្រី អភិបាលរងខេត្ត អភិបាល ក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្តផងដែរ។

ក្នុងនោះ ដោយមានការសួរ និងឆ្លើយសំនួរពាក់ព័ន្ធទៅនឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយផ្តោតសំខាន់ ទៅលើការបើកបរទោចក្រក្រយានយន្ត (ម៉ូតូ) និងផ្តល់ជូននូវមួកសុវត្ថិភាព សៀវភៅណែនាំ ស្តីពី ច្បាប់ចរាចរណ៍ផ្លូវគោក រួមទាំងស្ទីកគ័រ បង្ហាញនិមិត្តសញ្ញាចរាចរណ៍ផងដែរ។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ផ្តាំផ្ញើ ដល់អាជ្ញាធរក្រុង ស្រុក ពិសេសកងកំលាំងនគរបាលចរាចរណ៍ ត្រូវប្រចាំការសម្រួលសន្តិសុខ សណ្តាប់ធ្នាប់តាមដងផ្លូវ និងនៅតាមតំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួលជូនភ្ញៀវទេសចរ ដែលមកសំរាកលំហែកំសាន្តក្នុងភូមិសាស្ត្រខេត្តកែប ។

ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវដល់អាជីវករ ដែលបម្រើសេវាកម្មទេសចរណ៍ នៅតាមរមណីយដ្ឋាននានា សូមមេត្តា កុំឆ្លៀតឱកាសតម្លើងថ្លៃជ្រុលហួសហេតុ រក្សាតម្លៃសមរម្យ កុំគេងប្រវ័ញ្ចភ្នែកជញ្ជីង រក្សាឱ្យបាននូវគុណភាព អនាម័យ និងទទួលភ្ញៀវ ប្រកបដោយសុជីវធម៌ និងវិជ្ជាជីវៈ ពិសេស ត្រូវប្រកាន់ភ្ជាប់នូវវិធានការ បីកុំ បីការពារ ដើម្បីសុខសុវត្ថិភាពទាំងខ្លួនឯង និងភ្ញៀវទេសចរណ៍៕ Sila Sarin

ads banner