ក្រុមសង្គ្រោះស្វែងរកមនុស្សបាត់ខ្លួនជាង២០នាក់ក្រោយទូកបានលិចកណ្តាលសមុទ្ទ (Video Inside)
ក្រុមសង្គ្រោះកំពុងស្វែងរកមនុស្សបាត់ខ្លួនជាង២០នាក់ក្រោយហេតុការលិចទូកមួយគ្រឿង នាកណ្តាលសមុទ្ទក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ គួរបញ្ជាក់ថាទូកមួយគ្រឿងផ្ទុកជនជាតិចិន ៤១នាក់ បានលិចវេលាម៉ោង១០កន្លះព្រឹកថ្ងៃទី២២សីហា នៅចន្លោះពយសារឿង និងកោះតាង។
យោងតាមសាក្សីជាតិចិន, ជនជាតិចិនទាំង៤១នាក់ក្នុងនោះរួមមានទាំងស្ត្រី៣ នាក់ផង គឺជាជនអន្តោប្រវេសន៍ខុសច្បាប់ ដែលធ្វើដំណើរមកពីកំពង់ផែក្វាងចូវកាលពីថ្ងៃ ទី១១កញ្ញា ឆ្នាំ២០២២។
ជនជាតិចិនទាំងនោះ ត្រូវបានគេដឹកជញ្ជូនបន្តតាមទូកឈើមួយ គ្រឿងនៅថ្ងៃ ទី១៧កញ្ញាក្នុងដែនសមុទ្ទអន្តរជាតិ ជាមួយតៃកុងទូក២នាក់ជាជនជាតិខ្មែរ។ ទូកឈើនោះ បានធ្វើដំណើរលើទឹករហូតដល់ថ្ងៃទី២២ ខែកញ្ញា។ សាក្សីនិយាយថា ទូកឈើ ដែលផ្ទុក ពួកគេនោះ បានខូច និងចាប់ផ្តើម លិចបន្តិចម្តងៗ។ ក្រោយមកទៀត ទើបមានទូកនេសាទ១គ្រឿងពណ៌បៃតង ដែលមានមនុស្ស៦នាក់ បានមកទទួលយកតៃកុងខ្មែរ ទាំង២នាក់នោះ និងបើកចេញទៅបាត់ ដោយទុកតែអ្នកធ្វើដំណើរ៤១នាក់ដដែលនៅលើទូក។ និងក្រោយមក ទូកដែលខូចនេះក៏បានលិចបាត់នៅកណ្តាលសមុទ្រ។
ក្នុងចំណោមមនុស្ស៤១នាក់នោះ គេបានជួយសង្គ្រោះមនុស្ស១៨នាក់កាលពីម្សិលមិញ ប៉ុន្តែ បាត់ខ្លួន២៣នាក់ទៀត ក្នុងនោះស្ត្រីជាតិចិនទាំង៣ ក៏ស្ថិតក្នុងចំណោមអ្នកបាត់ខ្លួនទាំងនោះ ផងដែរ។ សេចក្តីរាយការណ៍ថ្ងៃទី២៣កញ្ញានេះ បានឱ្យដឹងទៀតថាគេបានប្រទះឃើញមនុស្ស ២នាក់ទៀត ក្នុងនោះម្នាក់ជាបុរសដែលនៅមានជីវិត និងម្នាក់ជាស្ត្រីជាតិចិនបានស្លាប់និង សាកសពអណ្តែតលើទឹក។ គេកំពុងស្វែងរកមនុស្ស២១នាក់ដទៃទៀត។
ដំណើរតាមផ្លូវសមុទ្ទ ត្រូវបានក្រុមព្យាករណ៍ឧតុនិយមបានអំពាវនាវការប្រុងប្រយ័ត្ន ក្នុងសប្តាហ៍នេះដោយសារតែ កម្ពុជាកំពុងរងនឹងឥទ្ធិពលប្រព័ន្ធសម្ពាធទាប ITCZ ដែលបង្កព្យុះភ្លៀង។