កម្ពុជាជួយរំដោះជនជាតិវៀតណាម៤នាក់ ដែលគេចាប់បង្ខាំងធ្វើទារុណកម្មជំរិតប្រាក់ (Video Inside)
បុរសសង្ស័យជាតិវៀតណាមចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីចាប់ បង្ខាំងមនុស្សធ្វើទារុណកម្ម ដើម្បីជំរិតទារប្រាក់។ ជនរងគ្រោះដែលជាជនជាតិវៀតណាមដូច គ្នាឈ្មោះ ង្វៀង ដុងហាយ ភេទប្រុសអាយុ៣៨ឆ្នាំ ត្រូវបានគេជួយសង្គ្រោះកាលពីល្ងាច ថ្ងៃទី ២២កញ្ញា នៅចំណុចសណ្ឋាគារ ហ្វែរីលែន ផ្លូវលេខ១៤១ ភូមិ៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
មន្ត្រីនាំពាក្យស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា បានថ្លែងនៅថ្ងៃសុក្រនេះថា ជនសង្ស័យឃាត់ខ្លួនទាំង៤នាក់ រួមមានឈ្មោះ ទីមួយត្រាន់ទិនហ៊ុយ TRAN TINHUY អាយុ៣៣ឆ្នាំ, ទី២ ឈ្មោះ ង្វៀង វ៉ាន់ណូ NGUYEN VAN VO អាយុ៤២ឆ្នាំ, ទី៣ ឈ្មោះ លួង វ៉ុនថេត LUONG VON THET អាយុ២៥ឆ្នាំ,និងទី៤ ឈ្មោះវ៉ូ ហុងក្វាន VO HONG QUAN អាយុ៣៥ឆ្នាំ។
សមត្ថកិច្ចកម្ពុជាចាប់តាំងពីខែសីហានោះមក បានបំពេញយុទ្ធការបង្ក្រាបអំពើជួញដូរមនុស្ស ក្រោយមានសេចក្តីរាយការណ៍ថាមានក្រុមទុច្ចរិត ដែលមានប្រភពមកពីក្រៅប្រទេស បានសហការជាមួយនឹងបក្ខពួកក្នុងប្រទេសកម្ពុជា ធ្វើអំពើបង្ខាំងនិងចាប់ជំរិត មនុស្សក្រោម រូបភាពល្បួងមនុស្សមកធ្វើការក្នុង ប្រទេសកម្ពុជា ដោយឱ្យកម្រៃពលកម្មច្រើន។