កម្ពុជាមានរោងចក្រថាមពលកម្តៅជីវម៉ាសលើកដំបូង (Video Inside)
រោងចក្រថាមពលកម្តៅជីវម៉ាសដំបូងគេនៅកម្ពុជា តម្លៃ៥លាន៨សែនដុល្លារ ត្រូវបានសម្ពោធ បើកដំណើរការជាផ្លូវការហើយក្នុងពិធីមួយដែលមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់។
រោងចក្រថាមពលកម្តៅជីវម៉ាស ជារបស់ក្រុមហ៊ុន HEINEKEN ខេមបូឌា និងក្រុមហ៊ុន Berkeley Energy Commercial Industrial Solutions ហៅកាត់ថា BECIS។ ពិធីសម្ពោធបានធ្វើនៅថ្ងៃទី២២ ខែកញ្ញានាទីតាំងមួយដែលស្ថិតក្នុង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
រោងចក្រថាមពលកម្តៅជីវម៉ាសនេះនឹងប្រើប្រាស់អង្កាម ដែលនាំយកមកពីខេត្តព្រៃវែង ដុតបង្កើតជាចំហាយដែលនឹងផ្គត់ផ្គង់ថាមពលកម្តៅ សម្រាប់ ផ្គត់ផ្គង់ដល់រោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ តាមរយៈការប្រើប្រាស់ថាមពលកម្តៅជីវម៉ាសនេះ ក្រុមហ៊ុនស្រាបៀរហ៊ិននីគែន ខេមបូឌា រំពឹងថានឹងកាត់បន្ថយការបំភាយឧស្ម័នកាបូនិចដល់ទៅ ៦០% នៅក្នុងផលិតកម្មរបស់ខ្លួន។
រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ បានមានប្រសាសន៍ក្នុងពេលនោះថា «ថ្ងៃនេះគេបាន បង្កើតឱកាសដ៏សំខាន់មួយសម្រាប់កម្ពុជា ជាមួយនឹងការបើកដំណើរការរោងចក្រថាមពលជីវម៉ាសដែលទន្ទឹងរង់ចាំជាយូរមកហើយថានឹងផ្តល់ផ្លែផ្កាដល់ប្រទេសជាតិ»។
លោកបាន ថ្លែងបន្តទៀតថា ដោយផ្អែកលើមូលដ្ឋានគ្រឹះដ៏មានតម្លៃនេះ កម្ពុជាអាចឈានទៅ មុខមួយជំហានបន្ថែមទៀតក្នុងការពិចារណា និងដោះស្រាយបញ្ហាប្រ ឈមនានាដែលកើត ចេញពីបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។