សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អ.ស.ប លើកទី៧៧
ញូវយ៉ក, សហរដ្ឋអាមេរិក៖ ក្នុងឱកាសថ្លែងសុន្ទរកថានៅអង្គការសហប្រជាជាតិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានផងនោះ បានប្រកាសថា ប្រទេសទីម័រ អាចនឹងក្លាយជាសមាជិកទី១១ របស់អាស៊ាន នៅក្នុងឆ្នាំ២០២២នេះ ឬនៅឆ្នាំ២០២៣។
ប្រទេសបានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបានក្លាយជាសមាជិកអាស៊ាន ដែលជាអង្គការតំបន់ដ៏មានប្រជាប្រិយភាពមួយ។ ដើម្បីបានក្លាយជាសមាជិកអាស៊ាន ប្រទេសទីម័រ បានប្រឹងប្រែងបំពេញតាមលក្ខខណ្ឌនានាដែលជាការតម្រូវរបស់អាស៊ាន ហើយក៏បានស្វះស្វែងរកកិច្ចអន្តរាគមន៍ និងសម្របសម្រួលជាច្រើនពីបណ្តាប្រទេសសមាជិកអាស៊ាន។
កម្ពុជា ជាប្រទេសសមាជិកអាស៊ានមួយ ដែលបានដើរតួនាទីសម្របសម្រួល និងជួយដល់ទីម័រឱ្យបានចូលជាសមាជិកអាស៊ាន។ គ្រាន់តែឮការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ថា ប្រទេសទីម័រ អាចនឹងក្លាយជាសមាជិកទី១១ របស់អាស៊ាននោះ គណៈប្រតិភូរបស់ប្រទេសទីម័រ ដែលកំពុងមានវត្តមាននៅទីស្នាក់ការអង្គការសហប្រជាជាតិដែរនោះ បានបន្លឺសំឡេងទះដៃយ៉ាងកងរំពង។
រូបភាពចាប់ដោយកាមេរារបស់អង្គការសហប្រជាជាតិ គណៈប្រតិភូរបស់ប្រទេសទីម័រ ដែលដឹកនាំដោយប្រធានាធិបតីទីម័រ បានបង្ហាញនូវក្តីរំភើប និងសប្បាយរីករាយឥតឧបមា។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសពីការប្តេជ្ញាចិត្តក្នុងការជួយឱ្យទីម័រ ក្លាយជាសមាជិកអាស៊ាន។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចធ្លាប់បានទទួលបទពិសោធន៍នៃការលំបាកនានា ពេលកម្ពុជាដាក់សំណើចូលអាស៊ាន។ អារម្មណ៍នោះ ក៏បានធ្វើឱ្យសម្តេចប្តេជ្ញាប្រឹងប្រែងជួយទីម័រ ឱ្យបានចូលជាសមាជិកអាស៊ាន៕