កើ ទីម៉ាស់៖ ទំនាក់ទំនងស្នេហាភេទដូចគ្នា មិនបានកំណត់ផ្ដាច់មុខទៅលើជាតិសាសន៍ណាមួយទេ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ នៅក្នុងវ័យ២៥ឆ្នាំ ទីម៉ាស់ ប្រាប់ថាបានប្ដូរអត្តសញ្ញាណខ្លួនឯងតាំងពីដឹងក្ដីដោយកាត់សក់ខ្លីស្លៀកសម្លៀកបំពាក់បុរស និងស្រឡាញ់ភាពជាបុរសទោះជារាងកាយជាស្រីក៏ដោយ។ «មានថ្ងៃមួយនៅពេលដែលខ្ញុំអាយុ ១៨ឆ្នាំ ម៉ាក់ឲ្យកែជាមនុស្សស្រីវិញ ខ្ញុំក៏សាកតែងខ្លួនជាមនុស្សស្រីបានបីថ្ងៃដែរ។ បន្ទាប់មកខ្ញុំក៏ត្រឡប់មកទម្លាប់ដើមជាមនុស្សប្រុសវិញ ព្រោះខ្ញុំព្យាយាមធ្វើខ្លួនជាមនុស្សស្រីដែរ តែទៅអត់រួចដោយសារពីកំណើតមកខ្ញុំស្រឡាញ់ ភាពជាមនុស្សប្រុស របស់ប្រើប្រាស់បុរស និងបានតាមប៉ាខ្ញុំទៅកាត់សក់ជានិច្ចព្រោះខ្ញុំស្រឡាញ់សក់ខ្លី»។

ការសើចយំលេបខាយឌឺដងក្នុងសហគមន៍ បានបង្ខំឲ្យទីម៉ាស់ ឡើងមកភ្នំពេញស្វែងការងារធ្វើដើម្បីបន្លប់ទុក្ខ។ តែដល់ជាក់ស្ដែងជីវិតកាន់តែកណ្តោចកណ្តែងរស់នៅម្នាក់ឯងក្នុងបន្ទប់ជួល។ «នេះជាភាពឈឺចាប់ក្នុងជីវិត ពេលដែលឡើងមកភ្នំពេញ ខ្ញុំអត់មានអ្នកណាសោះ។ ពេលខ្ញុំដើររកការងារធ្វើ ក៏ក្រុមហ៊ុនអត់ទទួលស្គាល់ មិត្តភក្តិក៏អត់រាប់រកព្រោះគេគិតថា ខ្ញុំជាមនុស្សខុសគេ។ ខ្ញុំក៏ក្រឡេកមើលបរិស្ថានជុំវិញខ្លួន ខាងនោះក៏មានគ្រួសារ ខាងណោះក៏មានមិត្តភក្តិ ខ្ញុំក៏តូចចិត្តសម្ងំយំក្នុងបន្ទប់ជួលមួយអាទិត្យទម្រាំបានធូរស្រាលក្នុងចិត្ត»។

ប្រែពីរើសអើងទៅជាធម្មតា។ ជាអ្វីដែលទីម៉ាស់ ហែលឆ្លងក្នុងជីវិតជាង ២០ឆ្នាំមកនេះ៖ «ប្រើពេលវេលា៥ទៅ៦ឆ្នាំ ទម្រាំមនុស្សចំនួនក្នុងសង្គមទទួលស្គាល់ ហើយសម្រាប់គ្រួសារខ្ញុំប្រើពេលវេលាឲ្យពួកគាត់ទទួលស្គាល់តែ១ទៅ២ឆ្នាំទេព្រោះ គាត់ដឹងហើយថា ចរិតនិងនិស្ស័យពីធម្មជាតិរបស់ខ្ញុំគឺចឹង។ ប៉ុន្តែវាពិបាកអីចេះវិញ ពេលគាត់ចេញក្រៅគេនិយាយពីខ្ញុំ ម៉ែគាត់មកដាក់បន្ទុកលើខ្ញុំ ឲ្យកែខ្លួនជាស្រីទៀតហើយ។ ខ្ញុំបន្តពន្យល់ថា ម៉ែទៅកុំឲ្យស្ដាប់គេធ្វើអី? ព្រោះម៉ែក៏ដឹងថា នេះជានិស្ស័យខ្ញុំប្រាប់គេបែបនេះវិញទៅគ្មានអ្នកណាចង់ទេ»។

អ្នកស្រី ឆឹងរ៉ាដែលជាម្ដាយរបស់ទីម៉ាស់ បានកត់សម្គាល់ថា ទីម៉ាស់មាននិស្ស័យជាមនុស្សប្រុសតាំងពីតូចក្រូចឆ្មារ «តាំងពីពេលចេះដើរមក វា(ទីម៉ាស់)អត់ដែលលេងទេរបស់របរក្មេងស្រី (វា) លេងតែរបស់ក្មេងប្រុសដូចជាៈឡាន កាំភ្លើង យន្តហោះអីហ្នឹង……..សូម្បីតែការស្លៀកពាក់ខោអាវក៏អីចឹងដែរ!។ ខោអាវមនុស្សស្រីវា អត់ចង់ស្លៀកសោះស្លៀកតែខោអាវមនុស្សប្រុស»។

បន្ទាប់ពីទីម៉ាស់ បង្ហាញអាប្បកិរិយាបែបនេះមក អារម្មណ៍អ្នកជាម្ដាយផ្ដើមរែងគិតពីដំណើរជីវិតកូនស្រីទៅថ្ងៃអនាគត៖ «ខ្ញុំក៏ចាប់ផ្ដើមគិតថា កូនហ្នឹងដល់ធំឡើងមិនដឹងគិតម៉េចទេ បើពីតូចវាលេងតែរបស់មនុស្សប្រុសទាំងអស់អ៊ីចឹង!»។
ភាពហ្មងសៅត្រូវបានបញ្ចប់ នៅពេលដែលអ្នកស្រីឆឹងរ៉ា ទទួលយកការពិតទោះជាមជ្ឃដ្ឋានខាងក្រៅនៅប្រកែកក៏ដោយ។ «គេថាកូនខ្ញុំហ្នឹង! ខ្លួនជាស្រីសោះតែងខ្លួនប្រុស។ ធ្វើជាស្រីវិញទៅដើម្បីរៀបការជាមួយបុរសមានកូនតពូជ។ ខ្ញុំក៏តបវិញថា បងអើយមិនដឹងធ្វើម៉េចទេ? តែនេះជាធម្មជាតិរបស់គ្នាទេ ហើយគ្នាក៏មិនចង់ដែរ»។

អ្នកស្រីឆឹងរ៉ា ប្រាប់ថាផ្ទុយពីមនុស្សជុំវិញខ្លួន មនុស្សគោរពប្រតិបត្តិផ្នែកសាសនាអ៊ីស្លាមវិញ មិនបានចាប់ទោសអូសដំណើរទីម៉ាស់ឡើយ។ «ការចូលទៅថ្វាយបង្គំព្រះអាឡោះក្នុងព្រះវិហារ ទីម៉ាស់មិនបានរងការរើសអើងពីអ្នកដទៃនៅក្នុងវិហារឡើយ។ សាសនាប្រពៃណីទំនៀមទម្លាប់ក៏មិនអាចកំណត់កត្តាធម្មជាតិរបស់មនុស្សម្នាក់ៗបានដែរ»។

ទីម៉ាស់ និយាយថា៖ «ខ្ញុំចូលវិហារទៅសូត្រមន្ត សូត្រធម៌បានធម្មតា គេមិនប្រកាន់ឡើយអាចដោយសារព្រោះពួកខ្ញុំមិនមែនអ្នកកាន់សាសនាឥស្លាមសុទ្ធទេ គឺជាខ្មែរអ៊ីស្លាម។ បើជាអ៊ីស្លាមសុទ្ធអាចនឹងមិនត្រូវបានគេអនុញ្ញាត្តឲ្យចូលព្រះវិហារឡើយ ព្រោះគេតឹងរ៉ឹងសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា»។

អ្នកប្រតិបត្តិសាសនាអ៊ីស្លាមម្នាក់លើកឡើងថា ការប្ដូរយេនឌ័រឬទំនាក់ទំនងស្នេហាភេទដូចគ្នា ជាសិទ្ធិបុគ្គលម្នាក់ៗ ដោយមិនរាប់បញ្ចូលក្នុងការទទួលស្គាល់ និងអនុញ្ញាត្តរបស់សាសនាឥស្លាមឡើយ។ «នេះមិនមែនជាប្រពៃណីទេ តែវាច្បាប់សាសនាចែងមកអីចឹងតែម្ដង ប៉ុន្តែយើងគោរពទៅលើសិទ្ធិបុគ្គលៗ»។

ច្បាប់ជារឿងមួយដែលមនុស្សត្រូវអនុវត្តតាម តែសិទ្ធិរស់រានមានជីវិតជាអ្វីមនុស្សគ្រប់ជាតិសាសន៍ត្រូវការ។ បើតាមអ្នកស្រីឆឹងរ៉ា ភាពកតញ្ញូរបស់ទីម៉ាស់ បានជួយសម្រាលបន្ទុកចំណាយក្នុងគ្រួសារបានមួយផ្នែកដែរតាមរយៈការផ្ដល់ប្រាក់ខែជាប្រចាំដល់គាត់។ ទីម៉ាស់ ដែលបច្ចុប្បន្នកំពុងបំពេញការងារនៅស្ថាប័នមួយធ្វើការលើកកម្ពស់អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា៕
ដោយ៖ អេង រាជនី

ads banner