ធនាគារអភិវឌ្ឍន៍អាស៊ីប្តេជ្ញាជួយបន្ថែមទៀតដល់ប្រទេសស្រីលង្កា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀតដល់ប្រទេសស្រីលង្កា ខណៈដែលប្រទេសនេះកំពុងប្រយុទ្ធនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាង ៧ទសវត្សរ៍ ។

ការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីមានការសម្រេចបានកិច្ចព្រមព្រៀងមួយរបស់ ADB ក្នុងខែនេះស្តីពីការផ្តល់ប្រាក់កម្ចីបន្ទាន់ចំនួន ២០០លានដុល្លារ ដើម្បីធានាបាននូវលទ្ធភាពទិញ ស្បៀងអាហារ និងទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជនស្រីលង្កា បន្ទាប់ពីជួបប្រទះកង្វះខាតទំនិញប្រើប្រាស់សំខាន់ៗជាច្រើនខែ ដែលបង្កឱ្យមានការតវ៉ាដែលបង្ខំឱ្យប្រធានាធិបតីរបស់ប្រទេសនេះចុះចេញពីតំណែង ។

លោក Masatsugu Asakawa ប្រធានធនាគារ ADB ខណៈថ្លែងទៅកាន់អ្នកកាសែតនៅឯកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន នៅក្រុងម៉ានីល ប្រទេសហ្វីលីពីនថា «ក្នុងនាមជាដៃគូរយៈពេលវែងដ៏សំខាន់មួយ ធនាគារ ADB ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្របន្ថែមទៀត»។

លោក Asakawa បានថ្លែងថា សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កាបានធ្លាក់ចុះ ហើយប្រទេសនេះកំពុងទទួលរងការកើនឡើងអតិផរណាខ្ពស់យ៉ាងធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន។ អត្រាអតិផរណាប្រចាំឆ្នាំបានកើនឡើងខ្ពស់ជាង ៧០ភាគរយនៅខែសីហា ៕ ប្រភពពី រយធឺ , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner