មន្រ្តីអាមេរិកថា កញ្ចប់ជំនួយយោធាថ្មីតម្លៃ ១.១ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន នឹងប្រកាសក្នុងពេលឆាប់ៗនេះ

វ៉ាស៊ីនតោន៖ មន្ត្រីអាមេរិកបាននិយាយនៅថ្ងៃអង្គារទី២៧ ខែកញ្ញាថា សហរដ្ឋអាមេរិកកំពុងរៀបចំកញ្ចប់ជំនួយសព្វាវុធថ្មីតម្លៃ ១.១ពាន់លានដុល្លារសម្រាប់ការប្រយុទ្ធរបស់អ៊ុយក្រែនជាមួយរុស្ស៊ី ដែលនឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ ខណៈដែលទីក្រុងវ៉ាស៊ីនតោនកំពុងរង់ចាំលទ្ធផលនៃការបោះឆ្នោតប្រជាមតិ ដែលខ្លួនហៅថា “ភាពអាម៉ាស់” នៅអ៊ុយក្រែន។

មន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា កញ្ចប់ជំនួយយោធាថ្មីនេះនឹងត្រូវប្រកាសនៅប៉ុន្មានថ្ងៃខាងមុខទៀត… វាត្រូវបានគេរំពឹងថា នឹងប្រើប្រាស់មូលនិធិពីគំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន (USAI) ដែលសមស្របដោយសភាដើម្បីអនុញ្ញាតឱ្យរដ្ឋបាលលោក បៃដិន ទិញអាវុធពីក្រុមហ៊ុនឧស្សាហកម្មយោធា ជាជាងយកពីស្តុកអាវុធរបស់សហរដ្ឋអាមេរិកដែលមានស្រាប់។

កញ្ចប់ជំនួយខាងលើនេះដែរ ក៏នឹងរួមបញ្ចូលប្រព័ន្ធមីស៊ីល HIMARS អមដោយគ្រាប់បែក និងប្រព័ន្ធប្រឆាំងយន្តហោះដ្រូន និងប្រព័ន្ធរ៉ាដា រួមជាមួយ គ្រឿងបន្លាស់ ការបណ្តុះបណ្តាល និងជំនួយបច្ចេកទេសជាដើម។ នេះបើតាមប្រភពបានរាយការណ៍សង្ខេបអំពីផែនការនេះ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងឃ្លាំមើលយ៉ាងប្រយ័ត្នប្រយែង ខណៈដែលកងកម្លាំងគាំទ្ររុស្ស៊ីបានធ្វើប្រជាមតិនៅតំបន់ដណ្តើមបានពីអ៊ុយក្រែន ដោយលទ្ធផលរំពឹងថា នឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ។

ទន្ទឹមគ្នា សហរដ្ឋអាមេរិកក៏កំពុងរៀបចំផែនការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ប្រសិនបើទីក្រុងម៉ូស្គូបញ្ចូលតំបន់ទាំងនេះ បន្ទាប់ពីលទ្ធផលប្រជាមតិត្រូវបានប្រកាស។ បន្ថែមលើនេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្កោលទោសការបោះឆ្នោតប្រជាមតិនេះ ហើយប្តេជ្ញាថា សហរដ្ឋអាមេរិកនឹងមិនទទួលស្គាល់លទ្ធផលនោះទេ៕ ប្រភព៖ Reuters ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner