អាមេរិក​ការ​ពារ​ការ​លក់សព្វាវុធ​​ឱ្យ​ប៉ាគីស្ថានតម្លៃ៤៥០លានដុល្លារ​នៅចំពោះមុខរដ្ឋមន្ត្រីការបរទេសឥណ្ឌា​ដែលជាសត្រូវយូរឆ្នាំរបស់ប៉ាគីស្ថាន

អត្ថបទដោយ៖
CPA

អាមេរិក ៖ រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ លោក ​អ៊ែនថូនី ប្ល៊ីងខិន​ (Antony Blinken) បាន​និយាយ​ការពារ​ការ​លក់​​​សព្វាវុធ​ទៅ​ឱ្យ​ប៉ាគីស្ថាន។ក្រុង​វ៉ាស៊ីនតោន​និង​អ៊ីស្លាម៉ាបាដ​ ​សម្រេច​​​​កិច្ច​​ព្រម​​ព្រៀង​​ទិញ​យន្តហោះ​ចម្បាំង​ F-16 ​តម្លៃ ​៤៥០ លាន​ដុល្លារ​។ ​ប្រទេសឥណ្ឌាយល់ថាប៉ាគីស្ថានអាចនឹងប្រើអាវុធដែលទិញអាមេរិកនេះដើម្បីប្រឆាំងខ្លួន។

​ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​​កាល​ពី​ថ្ងៃ​អង្គារ​ លោក ប្ល៊ីង​ខិន​ បាន​អះអាង​ថា​  ​​កញ្ចប់​​ផ្នែក​យោធា​​​ដែល​​​អនុម័ត​កាល​ពី​ដើម​ខែ​នេះ​ រៀប​ចំ​ឡើង​សម្រាប់​ការ​ជួស​ជុល​ថែទាំ​​កង​នាវា​ប៉ាគីស្ថាន​ដែល​មាន​ស្រាប់​ ហើយ​វា​​មិន​​មាន​​យន្តហោះ​ចម្បាំង​ ប្រព័ន្ធ​ការពារ​ ឬ​អាវុធ​ថ្មី​​នោះ​ទេ។  ​​លោក​​​គូស​បញ្ជាក់​ទៀត​ថា​៖ «​​​​ប៉ាគីស្ថាន​ ពង្រឹង​សមត្ថភាព​យោធា​​របស់​ខ្លួន​ក្នុង​ការ​ដោះ​ស្រាយ​​ការ​គំរាម​កំហែង​ភេរវកម្ម​ដែល​ចេញ​មក​ពី​ប៉ាគីស្ថាន ​ឬ​ក្នុង​​តំបន់​។ វា​មិន​មែន​ប្រយោជន៍​របស់​នរណា​មួយ​ទេ ​ប្រសិន​បើ​​ការ​គំរាម​​កំហែង​ទាំង​នោះ​នៅ​តែ​បន្ត​កើត​មាន​ ដោយគ្មាន​ការ​ដាក់​ទោស​»។  ​

​លោក​ ប្ល៊ីងខិន​ អះអាង​​យ៉ាង​ដូច្នេះ​ ក្នុង​អំឡុង​ពេល​ឈរ​ទន្ទឹម​នឹង​​​លោក​​​​​រដ្ឋ​មន្ត្រី​ការ​បរទេស​ឥណ្ឌា​ Subrahmanyam Jaishankar ​​ដើម្បី​ធ្វើ​សន្និសីត​សារព័ត៌មាន​ក្រោយ​ជំនួបរវាង​រដ្ឋ​មន្រ្តី​ទាំង​២​ ដែល​ធ្វើ​ឡើង​​​​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​ ប្ល៊ីងខិន​ ជួប​ជាមួយ​​សមភាគី​ប៉ាគីស្ថាន​​។​ ការ​អះអាង​​​នេះ​ ក៏​​ធ្វើ​ឡើងផង​ដែរ​ ​បន្ទាប់​​ពីរដ្ឋមន្ត្រីការបរទេសឥណ្ឌា ​លោក Jaishankar បាននិយាយកាល​ពី​ថ្ងៃ​អាទិត្យ​ ​​ថា​ ជំហរ​របស់​អាមេរិក​ មិន​អាច​​បន្លំ​នរណា​បាន​ទេ​ ហើយ​ឥណ្ឌា​ដឹង​ថា​យន្តហោះ​ចម្បាំង​ F-16 របស់​អាមេរិក​ នឹង​ត្រូវ​យក​ទៅ​ដាក់​ពង្រាយ​ ដើម្បី​ប្រឆាំង​នឹង​ប្រទេស​ឥណ្ឌា។ លោក​​​បន្ថែម​​​ថា​​៖​ «​​និយាយ​​ដោយ​​​ត្រង់​ចុះ​ វា​​​​ជា​​​ទំនាក់​ទំនង​​ដែលនឹង​​​​បញ្ចប់​ទៅ​ ទាំង​មិន​​​បម្រើ​ផល​ប្រយោជន៍​​​ប៉ាគីស្ថាន​​​ ឬ​ក៏​​អាមេរិក​ឱ្យ​បាន​ល្អទេ​​»។

គួរ​រំឭក​ថា​ សហរដ្ឋ​អាមេរិក​ ​បាន​​រក្សា​​ទំនាក់​ទំនង​​​ដ៏​​រឹង​មាំ​​ជាមួយ​​ឥណ្ឌា ​និង​​ប៉ាគីស្ថាន​​អស់​​រយៈ​ពេល​​ជា​ច្រើន​​ទសវត្សរ៍​​មក​​ហើយ​ បើ​​ទោះ​ជា​​មាន​​បញ្ហា​​ផ្សេង​ៗ​​រវាង​ប្រទេស​ជិត​ខាង​ទាំង​២​ក្ដី​។ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ លោក ​Ned Price ​ថ្លែង​​កាល​ពី​ដើម​សប្តាហ៍​នេះ​ថា​ ​ទំនាក់​ទំនង​អាមេរិក​-ឥណ្ឌា​ និង​​អាមេរិក​-ប៉ាគីស្ថាន​ ស្ថិត​នៅ​លើ​ផ្នែករៀង​ៗ​​ខ្លួន​។​  

​វិស័យ​យោធា​​របស់​ប៉ាគីស្ថាន ​ពឹង​ផ្អែក​ខ្លាំង​លើ​ការ​ផ្គត់​ផ្គង់​ពី​​អាមេរិក​​ ប៉ុន្តែ​ទំនាក់​ទំនង​​រវាង​ប្រទេស​ទាំង​២​ បាន​ធ្លាក់​​ចូល​ទៅ​ក្នុង​ភាព​តាន​តឹង​​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ ជា​ពិសេស​ក្នុង​អំឡុង​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន​។ ចំណែក​ឯ​ឥណ្ឌា​វិញ​ មាន​ភាព​ល្អក​កក​ជាមួយ​អាមេរិ​កទាំង​បញ្ហា​សិទ្ធិ​មនុស្ស​ និង​ការ​ទិញ​​ប្រភេទ​អាវុធរុស្ស៊ី​​ ដែល​រំលោភ​លើ​ច្បាប់​​ឆ្នាំ​ ២០១៧ របស់​អាមេរិក​​។ ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយ​ ​​ក្នុង​រយៈ​ពេល​ ៣០ ឆ្នាំ​ចុង​ក្រោយ​នេះ​ ​សហរដ្ឋ​អាមេរិក​បានផ្ដល់​អទិភាពខ្ពស់ ​​លើ​ការ​​​ពង្រឹង​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​ឥណ្ឌា​​​ ​ដើម្បី​ជួយ​ទប់​ទល់​នឹង​ការ​កើន​ឡើង​នៃ​ឥទ្ធិពល​របស់​ចិន​ក្នុង​តំបន់​៕​

ដោយ៖ហួន ឌីណា

ប្រភព៖ US defends arms sales to Pakistan following criticism from India

ads banner