រុស្ស៊ី​ត្រួស​ត្រាយ​ផ្លូវ​កាត់​ទឹក​ដី​អ៊ុយក្រែន​១៥ ភាគ​រយ​ ដោយ​ប្រកាស​ពី​ជម្នះ​លើ​ការ​ធ្វើ​ប្រជាមតិ​   ​

រុស្ស៊ី៖ រុស្ស៊ី​ត្រួស​ត្រាយ​ផ្លូវ​ដើម្បី​កាត់​ទឹក​ដី​អ៊ុយក្រែន​១៥ភាគ​រយ​ថា ​ជា​របស់​ខ្លួន​ដោយ​ប្រកាស​ពី​ជ័យ​ជម្នះ​លើ​ការ​ធ្វើ​ប្រជាមតិក្នុង​​តំបន់​ចំនួន​​បួន​របស់​អ៊ុយក្រែន​ ហើយ​ថា​ប្រជាជន​ភាគច្រើនលើស​លប់​ ​ចង់​ចូល​រួម​ជាមួយ​រុស្ស៊ី​ ទោះ​បី​ជា​មាន​ការ​ថ្កោល​ទោស​​ថារំលោភ​​ច្បាប់​អន្តរជាតិ​​​​ក្ដី​។​

យោង​តាមក្រុម​​មន្រ្តី​ដែល​រុស្ស៊ី​លើក​បន្តុប​ សំឡេង​ឆ្នោត​ ៩៣​ ភាគ​រយ​​នៅ​តំបន់​ហ្សាប៉ូរីចា​ ៨៧ ភាគ​រយ​នៅ​តំបន់​ខឺសុន​ ៩៨ ភាគ​រយ​នៅ​តំបន់លូហានស្ក៍​ និង​ ៩៩ ភាគ​រយ​នៅ​តំបន់​ដុនណិតស្ក៍​ បាន​​​​គាំទ្រ​លើ​ការ​ចូល​រួម​ជាមួយ​រុស្ស៊ី​។ ​ ​

អ្នក​​នាំ​ពាក្យ​វិមាន​ក្រឹមឡាំង​ លោក​ Dmitry Peskov ​បាន​​អះអាង​ថា​ សន្លឹក​ឆ្នោត​នឹង​​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ពី​ទស្សនៈ​ផ្លូវ​ច្បាប់​​​អន្តរជាតិ​​ ដោយ​វា​ភ្ជាប់​​ជាមួយ​​នឹង​​ផល​​វិបាក​ ដើម្បី​​ការ​ការពារ ក៏​ដូច​ជា​​​ការ​ធានា​សន្តិសុខតំបន់​ទាំង​នោះ​។

តាម​រយៈ​លទ្ធផល​ប្រជាមតិ​នេះ​រុស្ស៊ី​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កាត់​យក​ទឹក​ដី​អ៊ុយក្រែន​​ប៉ុន្មាន​ថ្ងៃ​ខាង​មុន​ នៅ​ពេល​​លោក​​ប្រធានាធិបតី​ វ៉្លាឌីមៀរ​ ពូទីន​ ធ្វើ​ការ​ប្រកាស​នៅ​ក្នុង​សភា​រុស្ស៊ី​នៅ​ថ្ងៃ​ទី​ ៣០ ខែ​កញ្ញា​​។ ហើយ​សកម្មភាព​ដែល​រំលោភ​លើ​រដ្ឋ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​នេះ​ នឹង​ធ្វើ​ឱ្យ​សង្រ្គាម​​កាន់​តែ​មាន​ភាព​តាន​តឹង​ ដោយ​រុស្ស៊ី​នឹង​អាច​យក​លេស​ការ​ពារ​ទឹក​ដី​របស់​ខ្លួន​ ដើម្បី​បង្កើន​រាល់​ចលានា​យោធា រួម​ទាំង​ប្រើ​​​អាវុធ​នុយក្លេអ៊ែរ​តាម​ការ​គំរាម​​ ក្នុង​ប្រតិបត្តិការ​ឈ្លាន​ពាន​របស់​ខ្លួន​។

សូម​បញ្ជាក់​ថា​ លោក​ខាង​លិច​បាន​ហៅ​ការ​ធ្វើ​ប្រជាមតិ​​ដែល​រៀប​ចំ​ឡើង​ទាំង​ប្រញាប់​ប្រញាល់​នេះ​ ជា​ការ​ធ្វើ​ប្រជាមតិ​ក្លែង​ក្លាយ​ ឥត​ប្រយោជន៍​ពេញ​ដោយ​ការ​បង្ខិត​បង្ខំ​ និង​រំលោភ​លើ​ច្បាប់​អធិបតេយ្យ និង​បូរណភាព​ទឹក​ដី​អន្តរជាតិ​ ក្នុង​រូប​ភាព​ដូច​គ្នា​នឹង​ការ​ធ្វើ​ប្រជាមតិ​នៅ​តំបន់​គ្រីមៀ​ឆ្នាំ​២០១៤​។ បន្ថែម​ពី​នេះ​ ការ​ធ្វើ​ប្រជាមតិ​​​នេះ​ មិន​ត្រូវ​បានចូល​រួម​​ដោយ​ប្រជាជន​ដែល​រស់​នៅ​ក្នុង​តំបន់​ទាំង​មូល​នោះ​ទេ​ ដោយ​​សារ​​តែ​ប្រជាជន​ជាច្រើន​​បាន​ធ្វើ​ការ​ភៀស​ខ្លួន​ដើម្បី​សុវត្ថិភាព​​នៅ​ពេល​សង្រ្គាម​ផ្ទុះ​ឡើង​ និង​ម្យ៉ាង​ទៀត​ កង​ទ័ព​រុស្ស៊ី​​​ក៏​មិន​បាន​គ្រប់​គ្រង​តំបន់​ទាំង​៤​ទាំង​មូល​នោះ​ដែរ​។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ អ៊ុយក្រែន​​បាន​​ជំរុញ​​ឱ្យ​​សហភាព​​អឺរ៉ុប​​ដាក់​​ទណ្ឌកម្ម​​ថ្មី​បន្ថែម​ទៀត​ ហើយ​ទី​ប្រឹក្សា​ប្រធានាធិបតី​អ៊ុយក្រែន​ លោក ​Mykhailo Podolyak ​បាន​ថ្លែង​ថា​​ ប្រជាជន​អ៊ុយក្រែន ​ដែល​​ជួយ​រុស្ស៊ី​ រៀប​ចំ​ការ​​ធ្វើ​ប្រជាមតិ​ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់​ពី​បទ​ក្បត់​ជាតិ​ និង​ជាប់​ពន្ធនាគារ​យ៉ាង​តិច​៥​ឆ្នាំ​៕​

ដោយ៖ហួន ឌីណា ​ប្រភព៖ Kremlin claims victory in controversial Ukraine referendums set to pave way for annexation

ads banner