សង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរចាត់វិធានការចំពោះអាជីវកម្មលក់​បារី​អេឡិច​ត្រូ​និកតាមអនឡាញ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការងារលើកកម្ពស់សុខមាលភាពកុមារនិងយុវជនទទួចឱ្យអាជ្ញាធរចាត់វិធានការបន្ថែមទៀតប្រឆាំងនឹងជំនួញបារីអេឡិចត្រូនិកតាមអនឡាញ។ស្ថាប័នចំនួនពីររួមមានអង្គ​ការ​ចលនា​ដើម្បី​សុខ​ភាព​កម្ពុជានិងសម្ព័ន្ធ​កម្ពុជា​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លងកាលពីថ្ងៃទី២៧ខែកញ្ញាបាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌​មានរួម​មួយ ព្រមានពី​ករណីឈ្មួញជ្រើសយក​ផលិត​ផល​ដែល​យុវ​ជននិង​កុមារ​ស្គាល់​ស្រាប់ដាក់លើសំបកបារីបារីអេឡិចត្រូនិកហើយលក់តាមអនឡាញដោយផ្ដោតសំខាន់លើទីផ្សារនៅកម្ពុជា។

សេចក្ដីប្រកាសព័ត៌មានលើកឡើងថា អ្នក​ផលិត​បារី​អេឡិច​ត្រូនិក បាន​ផលិត​ទឹក​សូលុយស្យុង​រស​ជាតិ​កូកា​កូឡា(Cocacola) ប៉ិប​ស៊ី(Pepsi) ហ្វាន់​តា(Fanta) គោ​ជល់(Red Bull) ស្ករ​កៅ​ស៊ូ​ឌុប​បល​មីន(Duoblemint) និង​ស្ករ​ផ្លេ(Play) ដើម្បីដាក់លក់តាមបណ្ដាញសង្គមនិង​ស្វែង​រក​អតិថិជន​ថ្មី គឺ​សំដៅ​ទៅ​លើ​យុវជ​ន និង​កុមារ​។

សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា៖«​បារី​អេឡិច​ត្រូនិក​នេះ គឺ​មាន​ផ្ទុក​សារ​ធាតុ​នី​កូ​ទីន បើ​សិន​ជា​យុវជន​ និង​កុមារ​បាន​ប្រើ​ប្រាស់​បារី​នេះ វា​បង្ក​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់​ធ្ងរ ដល់​សួត បេះដូង និង​ជា​ពិសេស​ខូត​ខាត​ដល់​ប្រព័ន្ធ​ខួរ​ក្បាល​។ប៉ុន្តែវាត្រូវបានផ្សព្វផ្សាយបំភ័ន្តដោយដោយអ្នកចែកចាយនិងអ្នកផលិតថាជាមធ្យោបាយផ្ដាច់បារី »។ធ្វើឲ្យយុវជនប្រើប្រាស់បារីធឲសោះ

​នាយក​ប្រតិបត្តិ​ការ​អង្គការ​ចលនា​ដើម្បី​សុខ​ភាព​កម្ពុជាលោក វេជ្ជបណ្ឌិត មុំ គង់ បាន​ប្រាប់​ថា បារី​អេឡិច​ត្រូនិក និង​បារី​ធម្មតា គឺ​វា​ជា​ផលិត​ផល​ថ្នាំ​ជក់ និង​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព​ដូចគ្នា​។ចំណែក​​ភាព​​ខុស​គ្នា​រវាង​បារី​អេឡិច​ត្រូនិក គឺ​អ្នក​ប្រើ​ប្រាស់ ជក់​បារី​នេះ មិន​មាន​ផ្សែង​ទេ ហើយ​បារី​នេះ គឺ​ផលិត​ឡើង​សម្រាប់​យុវជន និង​កុមារ​។

លោកវេជ្ជបណ្ឌិត មុំ គង់ មានប្រសាសន៍​៖ «​ចំពោះ​យុវជន និង​កុមារ​ដែល​ប្រើ​ប្រាស់​បារី​អេឡិច​ត្រូនិក គឺ​វា​មាន​សារ​ធាតុ​នីកូទីន ហើយ​សារ​ធាតុ​នេះ​ញៀន​ខ្លាំង​ណាស់ ដែល​ធ្វើ​អោយ​ខួរ​ក្បាល​កុមារ និង​យុវជន​ត្រូវ​បាន​ប៉ះ​ពាល់ ពីព្រោះ​ថា​ខួរ​ក្បាល​របស់​ពួក​គាត់​កំពុង​លូត​លាស់ ប៉ុន្តែ​បើ​ជក់​អាណឹង​ហើយ គឺ​ខួរ​ក្បាល​របស់​ពួក​គាត់​មិន​អាច​លូត​លាស់​ឡើយ»​។

លោកវេជ្ជបណ្ឌិតបន្តថា៖«ដូច្នេះអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកដែលបានផ្សព្វផ្សាយ និងលក់ផលិតផលបារីអេឡិចត្រូនិក ក៏ដូចជាផលិតផលអេចឈ៍ ធី ភី ឲ្យបានតឹងរឹងបំផុត ដើម្បីការពារសតិប្រាជ្ញាកុមារនិងយុវជនកុំឲ្យធ្លាក់ទៅក្នុងការញៀនបារីអេឡិចត្រូនិកនេះ»។

លោក​បន្ថែម​ថា កន្លង​មករាជ​រដ្ឋាភិបាល​បាន​ហាម​ឃាត់ ការ​នាំ​ចូលនិង​ទប់​ស្កាត់​ការ​ប្រើ​ប្រាស់​បារី​អេឡិច​ត្រូនិក​នេះ​តាំង​ពី​ឆ្នាំ​២០០៤​មក​ដល់​ឆ្នាំ​២០២១​នេះរាជរ​ដ្ឋាភិបាល​បាន​ហាម​ឃាត់​ផលិត​ផលប្រ​ហាក់ប្រហែល​នឹង​បារី​អេឡិចត្រូ​និក​ដែរ ​ប៉ុន្តែនៅតែមាករណីលក់តាមអនឡាញទៀត។

មន្ត្រីគម្រោងរបស់អង្គការសម្ព័ន្ធកម្ពុជាដើម្បីប្រយុទ្ធនឹងជំងឺឆ្លងដែលសុំមិនបញ្ចេញអត្តសញ្ញាណព្រោះបារម្ភពីសុវត្ថិភាពបាននិយាយថាលោកសង្កេតឃើញឈ្មួញនៅតែលក់បារីអេឡិចត្រូនិកតាមអនឡាញបើទោះ​បី​​ជាអាជ្ញាធរហាមឃាត់ការចរាចរណ៍បារីទាំងនោះក៏ដោយ។

អង្គការសម្ព័ន្ធកម្ពុជាដើម្បីប្រយុទ្ធនឹងជំងឺឆ្លង៖«យើងដឹងថាមានការធ្វើចរាចរណ៍(បារីអេឡិចត្រូនិច)លើទីផ្សារអនឡាញ ប៉ុន្តែយើងមិនទាន់ឃើញមានចំណាត់ការណាមួយទេ»។

តាមយោង​តាម​ការ​សិក្សា​ប្រមូល​ទិន្នន័យ​ដោយ CDC នៃ​សហ​រដ្ឋអាមេរិក ចាប់​ពី​ខែ​សីហា ឆ្នាំ​២០១៩ ដល់​ខែ​កុម្ភៈ ឆ្នាំ​២០២០ បាន​បង្ហាញ​ថា​មាន​ប្រជាជន​អាមេរិក​ចំនួន​ ២៨០៧​នាក់ បាន​ឈឺ និង​៦៨​នាក់ បាន​បាត់​បង់​ជីវិត ដោយ​សារ​តែ​ជំងឺ​សួត ដែល​បណ្ដាល​មក​ពី​ការ​ប្រើ​ប្រាស់​បារី​អេឡិច​ត្រូនិក​៕

អគ្គស្នងការនគរបាលជាតិ កាលពីខែមិថុនានេះ បានដាក់បទបញ្ជាឱ្យនគរបាលសហការជាមួយអាជ្ញាធរទាំងអស់បន្តបង្ក្រាបការប្រើប្រាស់ផលិតផលស៊ីហ្សា និងបារីអេឡិចត្រូនិក ដែលកម្រើកឡើងវិញនៅក្នុងសង្គមកម្ពុជា។ បន្ទាប់ពីបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ អាជ្ញាធរបានបង្ក្រាបទីតាំងលក់បារីអេឡិចត្រូនិករាប់សិបកន្លែងនៅទួទាំងប្រទេសនិងរឹតអូសបានទំនិញរាប់ពាន់ដើម។ទោះជាយ៉ាងណាសង្គមស៊ីវិលនៅសង្កេតឃើញថា ឈ្មួញបានប្រើមធ្យោបាយដើម្បីលក់បារីអេឡិចត្រូនិកតាមអនឡាញវិញម្ដង៕ ដោយ៖ជាសុខនី

ads banner