សម្ដេចក្រឡាហោម ស ខេង ជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតចិនពាក់ព័ន្ធករណីជនជាតិចិនដែលចូលមកកម្ពុជាធ្វើការងារខុសច្បាប់
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធករណីជនជាតិចិនដែលចូលមកកម្ពុជាធ្វើការងារខុសច្បាប់ ហើយត្រូវបានអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាធ្វើការបង្ក្រាបនិងឃាត់ខ្លួនបានជាបន្តបន្ទាប់។ ជំនួបពិភាក្សានេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ចូលជួបពិភាក្សាការងារ នៅវិមានរដ្ឋសភា។
សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនឯកអគ្គរដ្ឋទូតចិននូវលទ្ធផលកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទនារយៈពេលចុងក្រោយ ដោយសម្ដេចបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ភាគីចិនព្រមទាំងបណ្ដាភាគីមិត្តក្នុងតំបន់ទាំងអស់ដែរ។ ដើម្បីជំរុញដល់ដំណើរការប្រតិបត្តិការនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចបង្កើតយន្តការសំខាន់ៗ រួមមានការបង្កើតក្រុមការងារបង្ក្រាបល្បែងស៊ីសងខុសច្បប់ ក្រុមការងារប្រតិបត្តិការអង្កេត និងស្រាវជ្រាវ និងក្រុមការងារត្រួតពិនិត្យក្រុមពលករហត្ថពលម្មបរទេសនៅកម្ពុជាផងដែរ។
សម្ដេចក្រឡាហោមបានបញ្ជាក់ថា កម្ពុជា ក៏ជាប្រទេសរងគ្រោះដោយសារការឆ្លៀតឱកាសកេងប្រយោជន៍ពីចំណុចខ្វះខាតមួយចំនួនពីសំណាក់ក្រុមជនទុច្ចរិត ដើម្បីប្រព្រឹត្តបទល្មើស។ សម្ដេច ក៏អរគុណចំពោះកិច្ចសហប្រតិបត្តិការ ពិសេសការផ្ដល់កិច្ចសហប្រតិបត្តិការឱ្យគ្នាទៅវិញទៅមកក្នុងការបង្ការ និងបង្ក្រាបបទល្មើសប្រភេទនេះនាពេលកន្លងមកជាមួយភាគីចិន។ សម្ដេចក្រឡាហោម ស ខេង ក៏បានស្នើភាគីចិនបន្តគាំទ្រការងារនេះ តាមរយៈការស្រាវជ្រាវ ស៊ើបង្កេត និងបង្ក្រាបមេក្លោងនៅក្នុងប្រទេសសាម៉ីដែលពួកគេមានបណ្ដាញទំនាក់ទំនងប្រព្រឹត្តបទល្មើសឆ្លងដែនខុសច្បាប់ ហើយកម្ពុជានឹងបន្តខិតខំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបពួកឧក្រិដ្ឋជនទាំងនោះដែលមាននៅក្នុងប្រទេសកម្ពុជា។
![](https://asset.ams.com.kh/central/media/2022/09/photo_2022-09-28_10-43-14-1024x683.jpg)
សម្ដេចបានរម្លឹកទៀតថាកាលពីពេលថ្មីៗនេះដែលមានការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន សម្ដេចក៏បានលើកឡើងបញ្ហានេះទៅកាន់អង្គប្រជុំ និងបានគូសបញ្ជក់អំពីសារៈសំខាន់នៃការរួមគ្នាឈានទៅកាត់ផ្ដាច់បណ្ដាញឧក្រិដ្ឋជនបង្ក្រាប ចាប់ខ្លួនជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ជាធរមាន។
ចំណែកឯកអគ្គរដ្ឋទូតចិនបានអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ នៅក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ ដើម្បីបម្រើដល់ផលប្រយោជន៍រួមទៅវិញទៅមកសម្រាប់ប្រជាជនប្រទេសទាំងពីរកម្ពុជា-ចិន ហើយបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ លើករណីនេះ និងបានអរគុណសម្ដេចក្រឡាហោម ដែលបានបង្កើតក្រុមការងារនិងមធ្យោបាយនានា សម្រាប់ស្ថានទូត ឬអ្នកពាក់ព័ន្ធអាចផ្ដល់នូវព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងករណីបទល្មើសឆ្លងដែនផ្សេងៗដើម្បីមានកិច្ចអន្តរាគមន៍។
ឯកឧត្តម វ៉ាង វិនធាន ក៏បានជម្រាបជូនសម្ដេចក្រឡាហោម ស ខេង ថា ស្ថានទូតចិនបានធ្វើការងារនេះ ដោយបន្តជំរុញការផ្សព្វផ្សាយអំពីព័ត៌មានទាំងនេះទៅដល់បណ្ដាញផ្សព្វផ្សាយ ក៏ដូចជាសាធារណជននានាឱ្យបានដឹងពីមធ្យោបាយ និងព័ត៌មានមកខាងអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាតាមរយៈគេហទំព័រហ្វេសប៊ុក ឬប្រព័ន្ធទូរស័ព្ទ Hot Line ដែលបានផ្សព្វផ្សាយកន្លងមក ហើយសូមថ្លែងអំណរគុណការយកចិត្តទុកដាក់របស់អាជ្ញាធរកម្ពុជា ដែលបានធ្វើកិច្ចអន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋចិនរងគ្រោះក្នុងករណីកន្លងមក និងសូមអរអបសាទរចំពោះលទ្ធផលជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់នេះ ភាគីចិនក៏ត្រៀមខ្លួនផ្ដល់កិច្ចសហការ និងសំណូមពរផ្សេងៗរបស់ភាគីកម្ពុជាដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងបទល្មើស ក៏ដូចជាជនល្មើសដែលពាក់ព័ន្ធ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណការប្ដេជ្ញាចិត្តរបស់ឯកអគ្គរដ្ឋទូត និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទនេះ ដោយចាត់ទុកថាជាមូលដ្ឋានរឹងមាំនិងសំខាន់មិនអាចខ្វះបាន ដើម្បីរួមគ្នាក្នុងក្នុងបេសកកម្មនេះ ព្រមទាំងលុបបំបាត់ការផ្សព្វផ្សាយនានាដែលខុសពីភាពជាក់ស្ដែងនៅកម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង