រាជរដ្ឋាភិបាលថៃគ្រោងនឹងខ្ចីប្រាក់ថ្មីចំនួន ២១,៦ ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ ២០២៣
បាងកក៖ ក្រសួងហិរញ្ញវត្ថុថៃបានឲ្យដឹង កាលពីថ្ងៃអង្គារទី២៨ ខែកញ្ញាថា រាជរដ្ឋាភិបាលគ្រោងនឹងខ្ចីប្រាក់ថ្មីប្រហែល ៨២០ពាន់លានបាត ឬប្រមាណ ២១.៦៤ពាន់លានដុល្លារ) ក្នុងឆ្នាំសារពើពន្ធ២០២៣ ចាប់ពីថ្ងៃទី ១ ខែតុលា ជាអាទិភាព ដើម្បីផ្តល់ហិរញ្ញប្បទានដល់ឱនភាពថវិកា។
សេចក្តីថ្លែងការណ៍របស់ក្រសួងថា ការខ្ចីប្រាក់នេះគឺជាផ្នែកមួយនៃផែនការគ្រប់គ្រងបំណុលកាន់តែទូលំទូលាយនៅក្នុងឆ្នាំសារពើពន្ធ ដែលរួមបញ្ចូលផងដែរនូវបំណុលដែលមានស្រាប់ចំនួន ១.៧៤ពាន់ពាន់លានបាត (៤៥.៩២ ពាន់លានដុល្លារអាមេរិក) និងការសងបំណុលចំនួន ៣៦០ពាន់លានបាត។
ផែនការបំណុលសរុបដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ ក៏រួមបញ្ចូលទាំងការខ្ចីប្រាក់ថ្មីចំនួន ២៣៣ពាន់លានបាតដោយសហគ្រាសរដ្ឋ និងទីភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀតផងដែរ។
ផែនការបំណុលឆ្នាំ ២០២៣ ផ្តោតលើការជំរុញសេដ្ឋកិច្ចតាមរយៈការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលតម្លៃប្រេងពិភពលោក និងចលាចលរវាងរុស្ស៊ី និងអ៊ុយក្រែន។
រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការផ្សេងៗដើម្បីជួយសម្រាលផលប៉ះពាល់នៃតម្លៃប្រេងខ្ពស់និងតម្លៃរស់នៅខណៈអតិផរណាឡើងដល់កម្រិតខ្ពស់ ពុំធ្លាប់មាន ក្នុងរយៈពេល ១៤ ឆ្នាំ។
កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Arkhom Termpittayapaisith បាននិយាយថា លោករំពឹងថា សេដ្ឋកិច្ចនឹងកើនឡើងពី ៣ ទៅ ៣.៥ភាគរយនៅឆ្នាំនេះ។
ក្រសួងថា រាជរដ្ឋាភិបាលព្យាករឱនភាពថវិកាចំនួន ៦៩៥ពាន់លានបាត (១៨.៣៤ពាន់លានដុល្លារ) សម្រាប់ឆ្នាំសារពើពន្ធ។
ក្រសួងបន្តថា បំណុលសាធារណៈរបស់ប្រទេសថៃត្រូវបានគេរំពឹងថា នឹងមានចំនួន ៦០.៤៣ ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅចុងឆ្នាំសារពើពន្ធ នៅតែស្ថិតក្នុងដែនកំណត់ ដែលបានអនុម័ត ៧០ ភាគរយនៃផលិតផលក្នុងស្រុកសរុប៕ ប្រភពពី CNA, ដោយ៖ សារ៉ាត