ប្រាក់យ៉ន់ចិនធ្លាក់ចុះដល់កម្រិតទាបថ្មី ខណៈប្រាក់ដុល្លារកំពុងឡើងថ្លៃ
ប្រាក់យ៉ន់របស់ចិនបានធ្លាក់ចុះធៀបនឹងប្រាក់ដុល្លារ ក្នុងពេលបើកជួញដូរដំបូង នាថ្ងៃពុធ ទី២៨ ខែកញ្ញានេះ។ តម្លៃប្រាក់យ៉ន់ចិននៅក្រៅប្រទេសបានធ្លាក់ចុះ ដល់កម្រិតទាបបំផុត ដោយសារសម្ពាធពីការរំពឹងទុកដែលថាធនាគារកណ្តាលអាមេរិកនឹងដំឡើងអត្រាការប្រាក់បន្ថែម។
ប្រាក់យ៉ន់ក្រៅស្រុកបានធ្លាក់ចុះដល់ ៧.២៣៤៩/ដុល្លារ ដែលជាចំណុចទាបបំផុត ចាប់តាំងពីទិន្នន័យប្រាក់យ៉ន់ក្រៅស្រុកត្រូវបានដាក់ឲ្យដំណើរការ កាលពីឆ្នាំ២០១១។ នៅពេលព្រឹកតម្លៃជួញដូរបស់វា គឺ ៧.២២៨៦/ដុល្លារ។
ដូចគ្នាដែរ តម្លៃប្រាក់យ៉ន់ចិនក្នុងស្រុកក៏ធ្លាក់តាម ពោលគឺវាបានធ្លាក់ដល់តម្លៃ ៧.២៣០២/ដុល្លារ។ ការធ្លាក់ចុះប្រាក់យ៉ន់ធៀបនឹងប្រាក់ដុល្លារអាមេរិកនាពេលនេះ គឺជាកំណត់ត្រាថ្មីមួយចាប់តាំងពីមានវិបត្តិសេដ្ឋកិច្ចសកល ឆ្នាំ២០០៨មក។ សម្រាប់ការជួញដូរបូរប្រាក់យ៉ន់ កាលពីថ្ងៃយប់ថ្ងៃទី២៧ ខែកញ្ញា វាត្រូវបានជួញដូរក្នុងតម្លៃ ៧.១៨/ដុល្លារ។
អ្នកជួញដូរក្នុងផ្សារហិរញ្ញវត្ថុបានលើកឡើងថារូបិយប័ណ្ណនានា ទូទាំងពិភពលោកបានធ្លាក់ចុះក្រោមទាំងអស់ សូម្បីតែប្រាក់យ៉ន់របស់ចិនក៏មិនអាចគេចផុតដែរ។ អ្នកជំនាញជួញដូររូបិយប័ណ្ណក៏បានលើកឡើងទៀតថា ក្រុមហ៊ុនពាណិជ្ជកម្មធំៗក៏នាំគ្នាទិញប្រាក់ដុល្លារ ដែលធ្វើឲ្យតម្លៃរបស់វាកាន់តែកើនឡើងទៀតធៀបនឹងរូបិយប័ណ្ណផ្សេងទៀត នាថ្ងៃពុធ ទី២៨ ខែកញ្ញា។ នេះក៏ជាមូលហេតុដែលធ្វើឲ្យប្រាក់ចិន រងសម្ពាធថែមទៀត។
ការធ្លាក់ចុះនៃប្រាក់យ៉ន់នាពេលនេះ ក៏កើតឡើងបន្ទាប់ពីធនាគារកណ្តាលរបស់ចិន កាលពីថ្ងៃចន្ទ ទី២៥ បានប្រកាសពីវិធានការទប់ការធ្លាក់ចុះនៃតម្លៃប្រាក់យ៉ន់ ដោយធ្វើឲ្យវាមានតម្លៃឡើងវិញធៀបនឹងរូបិយប័ណ្ណផ្សេងទៀត។
កាលពីដើមខែកញ្ញានេះ ធនាគារចិនក៏បានកាត់បន្ថយចំនួនទុនបម្រុងជារូបិយប័ណ្ណបរទេស ដែលស្ថាប័នហិរញ្ញវត្ថុនៅក្នុងស្រុកគួរតែមាន។ វិធានការនេះ ត្រូវបានគេមើលឃើញថាចិនមានគោលបំណងកាត់បន្ថយការធ្លាក់ថ្លៃប្រាក់យ៉ន់របស់ខ្លួន។
អ្នកជួញដូររូបិយប័ណ្ណនៅធនាគារមួយរបស់ចិនបានលើកឡើងថា វិធានការនានារបស់អាជ្ញាធរចិន ដើម្បីទប់ទល់នឹងភាពទន់ខ្សោយនៃប្រាក់យ៉ន់ គឺមានឥទ្ធិពលតិចតួចប៉ុណ្ណោះ។
ភាពខ្លាំងរបស់ប្រាក់ដុល្លារកើតឡើងនៅពេលដែលធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកបានដំឡើងអត្រាការប្រាក់បន្ថែមទៀតកាលពី២ សប្តាហ៍មុន។ ចំពោះសហរដ្ឋអាមេរិកការដំឡើងអត្រាការប្រាក់បានកើតឡើង៣ដងជាប់គ្នាៗ ដែលជាសញ្ញាបង្ហាញថាការចំណាយលើកម្ចីនឹងបន្តកើនឡើងនៅឆ្នាំនេះ៕ ដោយ CPA/YAN AN