សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញវិលត្រឡប់មកមាតុប្រទេសកម្ពុជាវិញ ក្រោយពីចូលរួមមហាសន្និបាត UN បំពេញទស្សនកិច្ចនៅគុយបា និងចូលរួមបុណ្យសពលោក អាបេ
ភ្នំពេញ៖ នៅសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ វិលត្រឡប់ទៅកាន់មាតុប្រទេសវិញ ដោយសុវត្ថិភាព ក្រោយបំពេញទស្សនៈកិច្ចនៅក្រៅប្រទេសរយៈពេល ១សប្ដាហ៍។
អញ្ជើញទទួលដំណើរនិវត្តន៍ដល់ព្រលានអន្តរជាតិភ្នំពេញ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោកជំទាវ កិត្តិសង្កហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា ព្រឹត្តសភា និងអធិការកិច្ច និងមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។
សូមជម្រាបថា
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចូលរួមសម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាត អង្គការសហប្រជាជាតិ (មសអសប) ក្រោមប្រធានបទ «ចំណុចរបត់សំខាន់នៃការផ្លាស់ប្តូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិវត្តកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា» ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងញូវយ៉ក។
សម្រាប់ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋគុយបាវិញ ដោយតបតាមការអញ្ជើញរបស់លោកប្រធានាធិបតី មីហ្គេល ឌីយ៉ាស-កាណែល បឺមូដេស សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបាពីថ្ងៃទី២៣-២៥ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីបន្តពង្រឹងចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងគុយបា និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ។
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដល់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិរបស់លោក អាបេ ស៉ីនហ្សូ (ABE Shinzo) អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលប្រព្រឹត្តនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។ នៅចំពោះមុខលោកនាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ និងលោកស្រី អាបេ ស៊ិនហ្សូ សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាស៍ « តាងនាមឲ្យ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះមហាក្សត្រី និងសម្ដេចផ្ទាល់ សូមចូលរួមរំលែកទុក្ខ និងការគោរពស្រឡាញ់ សោកស្តាយបំផុត ចំពោះការបាត់បង់រូប ឯកឧត្តម អាបេ ស៊ិនហ្សូ ដែលជារដ្ឋបុរសដ៏ឆ្នើមរបស់ប្រទេស និងប្រជាជនជប៉ុន និងជាមិត្តជាទីគោរពស្រឡាញ់របស់ប្រទេស និងប្រជាជនកម្ពុជា ។
សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន មុនពេលអញ្ជើញនិវត្តន៍មកកាន់កម្ពុជាវិញហើយ។
ក្នុងជំនូបនេះ នាយករដ្ឋមន្រ្តីជប៉ុន បានស្នើសុំសម្តេចតេជោ ហ៊ុន សែន បន្តគាំទ្រអ្នកវិនិយោគជប៉ុននៅកម្ពុជា ខណៈក្រុមហ៊ុនជប៉ុន នឹងបន្តបោះទុនវិនិយោគបន្ថែមនៅកម្ពុជា។ លោក ក៏បានស្នើសុំសម្តេចតេជោ គាំទ្រជប៉ុន ក្នុងក្របខណ្ឌរវាងអាស៊ាននិងជប៉ុនផងដែរ៕ ស៊ូ វណ្ណលុក