អាជ្ញាធរជាតិអប្សារា៖ សកម្មភាពរំដោះទឹកចេញពីប្រាសាទនានាមិនបានប៉ះពាល់ដល់វិស័យទេស​ចរណ៍ទេ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖អ្នកនាំពាក្យអាជ្ញាធរជាតិអប្សារានាព្រឹកថ្ងៃទី២៨ខែកញ្ញានេះបានគូសបញ្ជាក់ពីការព្រួយបារម្ភដែលថាអាចប៉ះពាល់ដល់វិស័យទេសចរណ៍ចេញពីសកម្មភាពរំដោះទឹកចេញពីប្រាសាទ។ លោក​បានពន្យល់ថាមិនប៉ះពាល់នោះទេដោយសារតែក្រុមការងារអាជ្ញាធរជាតិអប្សារាកំពុងយកចិត្តទុកដាក់លើបញ្ហានេះខណៈដែលប្រព័ន្ធបង្ហូរទឹករបស់ប្រាសាទនានាគឺមានស្រាប់ដែលសម្រួលឱ្យកិច្ចការនេះ​កាន់​តែងាយ​ស្រួល។

ឆ្លើយតបទៅនឹងការរងឥទ្ធិពលព្យុះណូរុពីប្រទេសហ្វីលីពីន ក្រុមការងារអាជ្ញាធរបានចេញធ្វើសកម្ម ភាពរំដោះទឹកចេញពីប្រាសាទមួយចំនួនដូចជា ប្រាសាទអង្គរវត្ត ព្រះខ័ន តាព្រហ្ម និងបាយ័ន ជាដើម ដែលការបញ្ចៀសទឹកត្រូវបានធ្វើឡើងតាមប្រព័ន្ធប្រឡាយបុរាណទៅតាមស្ទឹងនានា ដូចជា​ស្ទឹងសៀមរាប ស្ទឹងរលួស ស្ទឹងពួក និងស្ទឹងព្រះស្រុក ដើម្បីកុំឱ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់​តំបន់ប្រាសាទ និងក្រុងសៀមរាប។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សារាមានប្រសាសន៍ថា៖ «សកម្មភាពការងារដែល បញ្ចៀសទឹកកុំឱ្យមានទឹកច្រើនពេក ក្រែងប៉ះពាល់ដល់ប្រាសាទ ក៏ប៉ុន្តែមិនមានប្រាសាទណាមួយ ដែលរងការលិចលង់នោះទេ! គ្រាន់តែយើងធ្វើការងារដើម្បីបង្វែរផ្លូវទឹកចេញតែប៉ុណ្ណោះ។»

លោកបន្តដោយបញ្ជាក់ទៀតថា៖ «សកម្មភាពនេះមិនមានបញ្ហារំខានទៅដល់ទេសចរណ៍ក៏ដូចជា ប៉ះពាល់ទៅដល់ហេដ្ឋារចនាសម្ព័ន្ធដែរ គឺយើងមានវិធីសាស្ត្រក្នុងការគ្រប់គ្រងប្រព័ន្ធទឹកទាំង នោះ។» បញ្ហាគឺអាចមាននៅត្រង់ការមានភ្លៀងធ្លាក់ច្រើនពេកនេះនឹងអាចធ្វើឱ្យដីមាន​សភាព​ជ្រាយ និងអាចបង្កជាការដួលរលំដើមឈើ ប៉ុន្តែខាងអាជ្ញាធរកំពុងធ្វើការយ៉ាងយកចិត្តទុក ដាក់​មិនឱ្យ​មានបញ្ហាដោយប្រការណាមួយអាចបង្កជាគ្រោះថ្នាក់ទៅដល់ភ្ញៀវទេសចរនោះទេ។

លោក ឡុង កុសល ពន្យល់បន្ថែម៖«សកម្មភាពរំដោះទឹកចេញនេះទៀតសោតប្រព្រឹត្តិទៅដោយ​លក្ខណៈស្មុគស្មាញព្រោះត្រូវការកម្លាំងច្រើនដើម្បីបន្តធ្វើការងារនេះសម្រាប់ទប់ទល់ទៅនឹង​ស្ថាន​ភាព​ទឹកដែលមិនអាចធ្វេសប្រហែសបានដូចជាពេលនេះ។អាជ្ញាធរក៏នឹងបន្ត​ធ្វើកិច្ច​ការងារនេះដោយ​មិនមានការកំណត់ពេលវេលាបញ្ឈប់នោះទេ។ពោលគឺរហូតទាល់តែស្ថានភាពទឹកភ្លៀងនៅកម្ពុជាបាន​​ធូរស្បើយ»។

នាយដ្ឋានគ្រប់គ្រងទឹក ព្រៃឈើនិងហេដ្ឋារចនាសម្ព័ន្ធនៃអាជ្ញាធរជាតិអប្សរាបានរំដោះទឹក​តាម​ទ្វារ​ទឹក​​និងតំបន់ប្រាសាទមួយចំនួនបង្ការកុំឱ្យជន់លិចប្រាសាទ។ក្រុមការងារអាជ្ញាធរជាតិ​អប្សរា​កំពុង​​រំដោះទឹកចេញពីប្រាសាទដើម្បីបញ្ចៀសពីការជន់លិច។

អាជ្ញាធរជាតិអប្សារាក្រៅពីការងាររំដោះទឹកចេញ ក្រុមការងារក៏បានប្រមូលទឹកដើម្បីបំពេញក្នុង ប្រព័ន្ធគ្រប់គ្រងបុរាណដើម្បីធានាដល់តុល្យភាពនៃការប្រើប្រាស់ទឹកក្នុងតំបន់អង្គរមានដូចជា បារាយ​ណ៍ខាងលិច បារាយណ៍ខាងជើង កសិន្ធុអង្គរធំ កសិន្ធុអង្គរវត្ត ស្រះស្រង់ រួមនិងកសិន្ធុ​ព្រះខ័នជាដើម។

គួរបញ្ជាក់ផងដែរថា ឥទ្ធិពលនៃព្យុះណូរុ ពីប្រទេសហ្វីលីពីន បានបណ្ដាលឱ្យកម្ពុជារងសម្ពាធទាប និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់ពីពាក់កណ្ដាលខែ កញ្ញាមក។ ការណ៍នេះ ធ្វើឱ្យមានភ្លៀងធ្លាក់​ជាច្រើនដង និងបណ្ដាលឱ្យជន់លិចស្រុកមួយចំនួនក្នុងខេត្តសៀមរាប និងខេត្តផ្សេងៗទៀត៕

ដោយ៖ឈិន ម៉ានិច្ច .អាជ្ញាធរជាតិអប្សរាបានរំដោះទឹកតាមទ្វារទឹកនិងតំបន់ប្រាសាទមួយចំនួនបង្ការកុំឱ្យជន់លិចប្រាសាទ(រូបថតអាជ្ញាធរជាតិអប្សរា)

ads banner