សាលារាជធានី៖សមាគមគ្រូបង្រៀនមិនត្រូវអនុញ្ញាត ឱ្យអតីតមន្ត្រីគណបក្សសង្រ្គោះជាតិដែលជាប់បម្រាមនយោបាយចូលរួមក្នុងការហែញត្តិឡើយ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖សាលារាជធានីភ្នំពេញបានអនុញ្ញាតឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យជួបជុំមនុស្ស២០០នាក់ប្រារព្ធទិវាគ្រូបង្រៀននៅថ្ងៃទី៥ខែតុលា នៅទីលានប្រជាធិតេយ្យតាមគ្រោងទុក តែរដ្ឋបាលរាជធានីតម្រូវឱ្យសមាគមនេះត្រូវធានាថា ការជួបជុំនោះមិនអនុញ្ញាតឱ្យអ្នកនយោបាយ ដែលត្រូវបានហាមឃាត់ដោយតុលាការកំពូលរយៈពេលប្រាំឆ្នាំចូលរួមឡើយ ល្គឹកណាតែបុគ្គលនោះទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញពីព្រះមហាក្សត្រទើបចូលរួមបាន។

លក្ខខណ្ឌនេះត្រូវបានកំហិតនៅក្នុងជំនួបរវាងអាជ្ញាធររាជធានីភ្នំពេញ និងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅថ្ងៃទី២៨ខែតុលានេះនាសាលារាជធានីភ្នំពេញ។

 លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញថ្លែងតាមទូរស័ព្ទក្រោយជំនួបនោះថា«សមាគមត្រូវទទួលខុសត្រូវថា អ្នកដែលត្រូវបានតុលាការកំពូលហាមឃាត់សិទ្ធិធ្វើនយោបាយក្នុងរយៈពេលប្រាំឆ្នាំមិនឱ្យទៅធ្វើនយោបាយនៅកន្លែងជួបជុំទេ លើ​ក​លែងតែអ្នកដែលទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ»។

លោកអភិបាលរងបន្តថា ក្រៅពីលក្ខខណ្ឌនេះអាជ្ញាធរបានណែនាំសមាគមគ្រូបង្រៀនសម្ដែងមតិ ដោយមិនត្រូវប៉ះពាល់ដល់ស្ថាប័នព្រះមហាក្សត្រ ឬស្ថាប័នកំពូលថ្នាក់ជាតិឡើយ ហើយអាជ្ញាធរនឹងធានារក្សាសន្តិសុខការពារការជួបជុំនោះ។ បន្ថែមលើនេះ ការហែញត្តិយកទៅដាក់ទៅដាក់ស្ថាប័នមួយចំនួនក៏មិនត្រូវបានអនុញ្ញាតដែរ ដោយត្រូវជំនួសមកវិញ គឺតំណាងស្ថាប័នទាំងបីនឹងអញ្ជើញមកទទួលញត្តិផ្ទាល់នៅកន្លែងជួបជុំ។

ចំណែកលោកស្រី អ៊ុក ឆាយយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យឱ្យដឹងថា អាជ្ញាធរបានលើកពីមូលហេតុមិនឲ្យយកញត្តិទៅដល់ស្ថាប័នទាំងបីផ្ទាល់ក្រោមហេតុបញ្ចៀសការកកស្ទះ។ លោកស្រីថា«យើងខំទាញហេតុផលប្រាប់ទៅខាងក្រុងដែរថា ការដើរដាក់ញត្តិធ្វើដោយសន្តិវិធីមិនប្រទាំងប្រទើសទេ នៅតែមិនត្រូវបានអនុញ្ញាត តែយ៉ាងណាយើងនឹងគោរពតាមការព្រមព្រៀងជាមួយសាលាក្រុងដើម្បីឲ្យការជួបជុំសម្ដែងរបស់យើងប្រព្រឹត្តទៅដោយរលូន»។

បើតាមលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានបទដែលត្រូវប្រារព្ធនៅក្នុងទិវាគ្រូបង្រៀនឆ្នាំ២០២២គឺ«កម្រិតស្ថានភាពគ្រូបង្រៀននៅកម្ពុជា»ដែលលោកស្រីចង់ឃើញរូបភាពថ្មីនៅក្នុងវិស័យអប់រំ គ្រូបង្រៀនគួរបង្ហាញភាពស្អាតស្អំថ្លៃថ្នូរដោយបញ្ឈប់ការយកនំទៅលក់ក្នុងសាលា និងបញ្ឈប់បើកការបង្រៀនគួរក្រៅម៉ោងដើម្បីបានចំណូលនិងគាបពិន្ទុសិស្សចំពោះគ្នាគ្មានលទ្ធភាពរៀនគួរក្រៅម៉ោង។

ចំណែកក្រសួងអប់រំយុវជននិងកីឡា នឹងរៀបចំទិវាគ្រូបង្រៀននៅថ្ងៃទី៥តុលា ក្រោមប្រធានបទ«គ្រូបង្រៀ​​​នយើង អនាគតយើង ប្រទេសជាតិយើង»មួយថ្ងៃពេញនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញនិងមានផ្សាយផ្ទាល់តាមប្រព័ន្ធអនឡាញ។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងថា ក្រសួងអប់រំ ផ្តោតលើការលើកកម្ពស់ ជីវភាព និងគុណវុឌ្ឍិរបស់គ្រូបង្រៀនសម្រាប់ចូលរួមចំណែកពង្រឹងគុណភាពអប់រំដូចមានចែងនៅក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣។​ លោកថា«ជាក់ស្ដែងប្រាក់ខែគ្រូបង្រៀននៅឆ្នាំ២០១៥ គឺចន្លោះជាង៥សែនរៀលដល់១,២លានរៀល និងឆ្នាំ២០២២គឺចន្លោះ១,២លានរៀល ដល់២,១លានរៀល ហើយសម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនមហាជនរួចមកហើយថា ចាប់ពីដើមឆ្នាំ២០២៣តទៅ ប្រាក់ខែគ្រូបង្រៀនគឺមានចំនួន ១,៥លានយ៉ាងតិច»៕ ដោយ៖CPA

ads banner