វៀតណាមលោតចូលក្នុងឧស្សាហកម្មផលិតបន្ទះឈីបជាលើកដំបូង
វៀតណាម៖ក្រុមហ៊ុន FPT Semiconductor ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់វៀតណាម FPT ចាប់ផ្តើមដំណើរការផលិតបន្ទះឈីបលើកដំបូងរបស់ខ្លួន នាថ្ងៃពុធ ទី២៨ ខែកញ្ញាឆ្នាំ២០២២។ បន្ទះឈីបនេះ នឹងត្រូវប្រើប្រាស់ក្នុងឧបករណ៍វេជ្ជសាស្ត្រ។ នេះជាបេសកកម្មមួយទៀតរបស់វៀតណាមចូលរួមចំណែកក្នុងទីផ្សារផលិតបន្ទះឈីប ដែលកំពុងមានការប្រកួតប្រជែងក្នុងពិភពលោក។
បន្ទះឈីប (Integrated Circuit / Chip) គឺជាបន្ទះសៀគ្វីអគ្គិសនីតូចមួយ ដែលប្រមូលផ្តុំទៅដោយរេស៊ីស្តង់ កាប៉ាស៊ីទ័រ ដ្យូត រាប់សិបលានប្រទាក់ក្រឡាគ្នា។
ក្រុមហ៊ុនមានបំណងផ្គត់ផ្គង់បន្ទះឈីបចំនួន ២៥លានគ្រាប់នៅទូទាំងពិភពលោកនា ឆ្នាំ២០២៣ ហើយកំពុងសម្លឹងមើលប្រទេសជប៉ុន តៃវ៉ាន់ ចិន និងសហរដ្ឋអាមេរិក សម្រាប់ទីផ្សារលក់ផលិតផលបន្ទះឈីបរបស់ខ្លួន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនដោយអះអាងថាបន្ទះឈីបនេះនឹងត្រូវប្រើប្រាស់ក្នុងបករណ៍អេឡិចត្រូនិករហូតដល់សម្ភារៈក្នុងវិស័យអវកាស។បន្ទះឈីបកំពុងមានតម្រូវការខ្ពស់លើទីផ្សារ ដោយសារតែការរំខានមកលើខ្សែសង្វាក់ផ្គត់ផ្គង់តាំងពីចុងឆ្នាំ២០១៩កន្លងមក។
ក្រុមហ៊ុនផលិតបន្ទះឈីប ឬសិមីខនដាក់ទ័រក្នុងពិភពលោក នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានដាក់ការជឿជាក់របស់ខ្លួនខ្លាំងមកលើប្រទេសអាស៊ីអាគ្នេយ៍។ អាស៊ីអាគ្នេយ៍ ដែលជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់ក្នុងតំបន់រួចទៅហើយនោះ គឺជាទិសដៅផលិតកម្មដ៏សំខាន់ជំនួសប្រទេសចិន។
ក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងចាប់ផ្តើមផលិតផ្នែកខ្លះនៃសិមីខនដាក់ទ័រនៅក្នុងប្រទេសវៀតណាមក្នុងខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីបានចាក់បញ្ចូលទឹកប្រាក់វិនិយោគចំនួនជិត ១ប៊ីលានដុល្លារក្នុងរោងចក្ររបស់ខ្លួននាខេត្តថៃង្វៀនភាគខាងជើងវៀតណាមកាលពីដើមឆ្នាំកន្លងទៅ។ ចំណែកឯក្រុមហ៊ុនជំនាញបន្ទះឈីបដ៏ធំគឺ Intel ក៏បានបង្កើនទឹកប្រាក់វិនិយោគលើបន្ទះឈីបនៅវៀតណាមជិត៥០ភាគរយ កាលពីឆ្នាំ២០២១។
ឧហ្សាហកម្មផលិតបន្ទះឈីបសរុបរបស់ប្រទេសវៀតណាមមានសក្ដានុពលក្នុងការរីកលូតលាស់ ដែលអាចឈានទៅដល់ទំហំ ១.៦៥ប៊ីលានដុល្លារនៅក្នុងឆ្នាំ២០២៥។ នេះបើយោងតាមរបាយការណ៍ខែសីហា ចេញផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារសហរដ្ឋអាមេរិក Technavio។
FPT Semiconductor មានគោលបំណងស្រូបយកចំណែកនៃទីផ្សារផលិតបន្ទះឈីបរបស់អាស៊ីប៉ាស៊ីហ្វិក ដែលមានទំហំជាង៦០ភាគរយនៃការលក់ទូទាំងពិភពលោក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។ FPT Semiconductor បញ្ចេញបន្ទះឈីបដំបូងរបស់ខ្លួន កាលពីខែសីហា ឆ្នាំ២០២២ ដែលជាការរចនាផ្ទាល់ដោយក្រុមហ៊ុននេះ និងផលិតនៅកូរ៉េខាងត្បូង៕
ដោយ៖ CPA/ យ៉ាន អាន