ក្រុមអ្នកស្ម័គ្រចិត្តបង្កើតសុដន់សិប្បនិម្មិតធ្វើពីអំបោះចាក់និងសំឡី សម្រាប់ស្ត្រីដែលកើតជំងឺមហារីកសុដន់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ Cambodia Knitted Knockers ឬ នីតធីត ណុកឃ័រកម្ពុជា គឺជាក្រុមស័្មគ្រចិត្តផលិតសុដន់សិប្បនិម្មិតពីការចាក់អំបោះកប្បាសសម្រាប់បរិច្ចាគជូនស្រ្ដីដែលបានទទួលការវះកាត់សុដន់ពីការព្យាបាលជម្ងឺមហារីកសុដន់  និងមន្ទីរពេទ្យដែលព្យាបាលជម្ងឺមហារីកសុដន់។

កញ្ញា វ៉ន ពេជ្រចាន់រតនា ជាសហស្ថាបនិកនៃនីតធីត ណុកឃ័រកម្ពុជា រួមជាមួយនិងសហស្ថាបនិកផ្សេងទៀតនៅទីក្រុងភ្នំពេញបានបង្កើតក្រុមមួយនេះឡើងនៅខែកក្កដាឆ្នាំ ២០២២ ក្នុងគោលបំណងចង់ឱ្យសុដន់សិប្បនិម្មិតដែលផលិតពីអំបោះកប្បាសនេះ (knitted knockers)មានលក្ខណៈស្រួលរកចំពោះស្រីដែលបានទទួលការវះកាត់យកផ្នែកខ្លះនៃសុដន់​ចេញ (lumpectomy) ឬការវះកាត់យកសុដន់ចេញទាំងស្រុង (mastectomy)។

កញ្ញា វ៉ន ពេជ្រចាន់រតនា លើកឡើងថា នីតធីត ណុកឃ័រ គឺជាជម្រើសមួយសម្រាប់អ្នកទើបតែវះកាត់ថ្មីៗ ក្នុងដំណាក់កាលសះជា ដើម្បីត្រៀមទទួលបានសុដន់សិប្បនិម្មិតធ្វើពីស៊ីលីកូនពាក់ពីក្រៅ ឬការវះកាត់កែរូបរាងសុដន់ឡើងវិញ (reconstruction)។ កញ្ញាបន្តថាសុដន់សិប្បនិម្មិតនេះអាចជួយបន្ថយការព្រួយបារម្ភពីរូបរាងរបស់ស្ត្រីដែលបានបាត់បង់សុដន់ ហើយនិងជាជំនួយដល់ពួកគេក្នុងការលើកទឹកចិត្តឱ្យឆាប់វិលត្រលប់មកភាពធម្មតាវិញក្រោយការព្យាបាល។

កញ្ញា រតនា បញ្ជាក់ថា៖ «ខ្ញុំសប្បាយចិត្ត ហើយទោះបីនីតធីត ណុកឃ័រជារបស់មួយមានលក្ខណៈមិនអស្ចារ្យណាស់ណាទេ ប៉ុន្ដែវាអាចចូលរួមធ្វើឱ្យស្រ្ដីទទួលបានភាពជឿជាក់មកវិញ។ ដូចថាពេលគាត់វះកាត់ហើយ គាត់មិនបាច់បារម្ភពីអ្វីទេ ឬក៏មានអារម្មណ៍ធ្លាក់ទឹកចិត្តខ្លាំងទេ»

តាមការផ្សព្វផ្សាយក្នុងបណ្ដាញសង្គមនីតធីត ណុកឃ័រ ចាក់ពីអំបោះកប្បាស ដែលមានភាពទន់ និងងាយស្រួលប្រើប្រាស់តាមតម្រូវការ។ វាខុសពីសុដន់សិប្បនិម្មិតដែលធ្វើពីស៊ីលីកូន ដែលមានភាពហប់ ធ្ងន់ ឆាប់បែកញើសស្អុះស្អាប់បើក្នុងអាកាសធាតុក្ដៅ ហើយពិបាកស្វែងរកក្នុងប្រទេសកម្ពុជា។ អ្នកប្រើប្រាស់អាចពាក់សុដន់សិប្បនិម្មិតនេះជាមួយអាវទ្រនាប់ធម្មតា និងអាចបោកគក់សម្អាតដោយដៃឬដាក់ក្នុងម៉ាស៊ីន។ ម្យ៉ាងទៀតអាចបន្ថែម ឬដកសំឡីចេញទៅតាមទំហំដែលចង់បាន ហើយក៏អាចបន្ថែមទម្ងន់ដោយដាក់ថ្ម ឬកាក់តាមប្រហោងដាក់សំឡី។

ចាប់តាំងពីពេលបង្កើតក្រុមស្ម័គ្រចិត្តមក នៅខែកក្កដា នីតធីត ណុកឃ័រកម្ពុជា បានបរិច្ចាគក្នុងគម្រោងទី១ ទៅជូនដល់មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្ដីសង្ឃឹមចំនួន ៥២ គូ។ អ្នកស្ម័គ្រចិត្តចូលរួមចាក់សុដន់សិប្បនិម្មិតនេះ ជាអ្នកមកពីក្រុម Phnom Penh Stitch’n’Bitch ។ គម្រោងទី ២ ដែលនឹងចាប់ផ្ដើមនៅខែតុលា ពួកគេនឹងបរិច្ចាកដល់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ សម្រាប់ថ្ងៃអនាគត កញ្ញា រតនា គិតថាក្រុមរបស់ខ្លួន អាចផលិត និងបរិច្ចាគទៅដល់មន្ទីរពេទ្យធំៗនៅក្នុងរាជធានីភ្នំពេញ ដូចជាមន្ទីរពេទ្យកាល់ម៉ែតជាដើម។

សម្រាប់សាធារណជនដែលចាប់អារម្មណ៍ចូលរួមជាមួយ នីតធីត ណុកឃ័រកម្ពុជា អាចធ្វើតាមរយៈការស្ម័គ្រចិត្តចូលរួមចាក់សុដន់សិប្បនិម្មិតឬបរិច្ចាកជាថវិកាឬចូលរួមជាអ្នករៀបចំ​កម្មវិធី។ ដូចគ្នានេះដែរ នីតធីត ណុកឃ័រកម្ពុជា ក៏ជាកន្លែងសម្រាប់អ្នកជម្ងឺដែលទទួលបានការវះកាត់ព្យាបាលជំងឺមហារីកសុដន់ ទទួលបានការគាំទ្រ និងផ្សារភ្ជាប់ទំនាក់ទំនង ព្រមទាំងចែករំលែកបទពិសោធន៍ និងទុក្ខលំបាករបស់ពួកគេជាមួយគ្នា ដើម្បីកុំឱ្យពួកគេមានអារម្មណ៍ថាឯកា៕ ដោយ៖វ៉ន ច័ន្ទមករា

ads banner