មនុស្សចាស់នៅកម្ពុជានឹងប្រឈមបញ្ហាស្រ្តេសដោយសារតែត្រូវមើលថែក្មេងជំនួសអាណាព្យាបាល

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អង្គការទស្សនៈពិភពលោក បានរកឃើញថា មនុស្សចាស់នឹងទទួលការប្រឈមដែលទាក់ទងបញ្ហាសុខភាព បញ្ហាស្រ្តេស និងផ្នែកហិរញ្ញវត្ថុ។ ក្នុងចំណោមមនុស្សចាស់ម្នាក់ អាចមើលក្មេងបានបីនាក់ ជំនួសដោយឪពុក ម្ដាយ ហើយការទំនួលខុសត្រូវទាំងនេះ បានធ្វើឲ្យមនុស្សចាស់ មានបន្ទុកបន្ថែមក្នុងវ័យនេះ។នេះបើយោងតាមការសិក្សាស្រាវជ្រាវរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ-កម្ពុជា ដែលចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។

ជុំវិញរឿងនេះឯកឧត្តម តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាសង្គម បានប្រាប់ថាកន្លងមកមនុស្សវ័យចាស់ ទទួលការប្រឈមជាច្រើនស្រាប់ហើយ នៅពេលដែលដល់វ័យចាស់ គឺតែងតែមានបញ្ហាសុខភាព និងបញ្ហាស្ត្រេសជាដើម។

ឯកឧត្តមបានបញ្ជាក់ថា៖ «បញ្ហាប្រឈមទាំងនេះ មិនមែនរាជរដ្ឋាភិបាលមិនបានគិត មិនបានដោះស្រាយទេ យើងកំពុងតែគិត និងដោះស្រាយ។ ហើយកន្លងមក យើងបានដោះស្រាយ តាមរយៈការផ្ដល់ជូនគាត់ នូវប្រព័ន្ធជំនួយសង្គម ឬប្រព័ន្ធគាំពារសង្គម។

លោកបន្តថា៖«ឥលូវនេះយើងកំពុងគិតថា ពួកគាត់នឹងទទួលបានអ្វីទៀតពីរាជរដ្ឋាភិបាល។ យើងកំពុងគិតពីកញ្ចប់គ្រួសារ ប៉ុន្តែយើងមិនទាន់អនុវត្ត»។

លោកបន្ថែមថា ក្រសួងសង្គមកិច្ច គឺជាតួអង្គមួយដែលសំខាន់ សម្រាប់គិតគូរបញ្ហាទាំងអស់នឹង ហើយមនុស្សវ័យចាស់ មានសមាគមនៅតាមឃុំ-សង្កាត់នីមួយៗ ដើម្បីជួយឲ្យមនុស្សចាស់ដែលមានការលំបាក ដូចជា ករណីស្លាប់ជាដើម។

ចំណែកឯ ប្រធានបណ្ដាញមនុស្សវ័យចាស់កម្ពុជា គឺអ្នកស្រី អ៊ូ វណ្ណដា បានប្រាប់ថា មនុស្សវ័យចាស់ ពិតជាមានការប្រឈមខ្លាំងណាស់ទាក់ទងនឹងហិរញ្ញវត្ថុ និងបញ្ហាសុខភាព។ក្រៅពីនេះទៀត មនុស្សវ័យចាស់ ត្រូវទទួលបន្ទុកបន្ថែមពីកូនចៅរបស់ពួកគាត់ ស្របពេលដែលស្ថិតក្នុងវ័យដែលពិបាក មនុស្សវ័យចាស់ ត្រូវមើលថែក្មេងៗ ជំនួសអាណាព្យាបាល។

អ្នកស្រី អ៊ូ វណ្ណដាថា៖ «ចង់សុំឲ្យរាជរដ្ឋាភិបាល ជួយផ្ដល់ប្រាក់ ក្នុងគាំទ្រដល់ជីវភាពពួគគាត់ពេលចាស់ទៅ ហើយផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ សម្រាប់ពួកគាត់ ដូចជាប័ណ្ណបសសដែរ»។

អ្នកស្រីបន្តថា មួយវិញទៀត ដូចជាសមាគមមនុស្សចាស់ ចងក្រងមក គឺមិនមានថវិកាជួយគាំទ្រដល់មនុស្សចាស់ទេ ដូច្នេះសុំឲ្យរាជរដ្ឋាភិបាលជួយគាំទ្រពួកគាត់ផង ពីព្រោះនេះជួយមិនឲ្យគាត់មានភាពឯកកោ និងជួយគ្នាបាន»។

អ្នកស្រីបន្ថែមថា បើសិនជាមនុស្សមានប័ណ្ណសមធម៌ នោះវាអាចជួយសម្រាលបន្ទុកបានច្រើន ទោះបីជាមនុស្សចាស់ទាំងនោះ មានបន្ទុកមើលថែក្មេងៗក៌ដោយ។

រីឯនាយកប្រតិបត្តិ អង្គការមនុស្សចាស់កម្ពុជា គឺ លោក ទុំ វីរ៉ា បានប្រាប់ថា វាជារឿងដែលមិនសមស្របដែលមនុស្សចាស់ត្រូវទទួលខុសត្រូវលើការមើលថែក្មេងៗបន្តពីឪពុកម្ដាយ ហើយបញ្ហានេះ កំពុងក្លាយជាប្រពៃណីមួយ ដែលតម្រូវឲ្យមនុស្សចាស់ត្រូវមើលថែក្មេងៗ។

លោក ទុំ វីរ៉ា លើកឡើងថា៖ «សម្រាប់ជាដំណោះស្រាយ គឺត្រូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ខាងរដ្ឋត្រូវតែក្រឡេកមើល ទៅលើការបង្កើតការងារក្នុងស្រុក ជិតផ្ទះរបស់ពួកគាត់ឲ្យបានច្រើន។ រដ្ឋត្រូវពង្រឹងកម្មវិធីជំនួយសង្គម និងកម្មវិធីគាំពារសង្គមនានា ដើម្បីជួយដល់មនុស្សចាស់ ជួយដល់គ្រួសារពួគគាត់ ក្នុងការបង្កើនចំណូល»។

សូមបញ្ជាក់ថា នៅឆ្នាំ២០១៩ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) បានរកឃើញមានជីដូន ជីតា ជាង ៩៩ភាគរយ ជាអ្នកមើលថែទាំចៅ ជាពិសេសនៅពេលឪពុកម្ដាយចេញទៅធ្វើការនៅក្រៅប្រទេស។ នេះបើតាមការបញ្ជាក់ពីនាយកប្រតិបត្តិ អង្គការមនុស្សចាស់កម្ពុជា៕ ដោយ៖ ជា សុខនី

ads banner