ការធ្លាយបំពង់បង្ហូរហ្គាស Nord Stream បង្កជាការព្រួយបារម្ភពីផលប៉ះពាល់បរិស្ថាន និងអាកាសធាតុ
ដាណឺម៉ាក៖ ការធ្លាយបំពង់បង្ហូរហ្គាសពីរុស្ស៊ីទៅអឺរ៉ុបក្នុងសមុទ្របាល់ទិកដោយមិនដឹងមូលហេតុទាំង Nord Stream 1 និង Nord Stream 2 កំពុងបង្កជាការព្រួយបារម្ភយ៉ាងខ្លាំង ពីផលប៉ះពាល់លើប្រព័ន្ធអេកូឡូស៊ី និងអាកាសធាតុ ដែលទន្ទឹមនឹងវិបត្តិថាមពលនៅប្លុកអឺរ៉ុប។
យោងតាមអាជ្ញាធរថាមពលដាណឺម៉ាក ការលេចធ្លាយចំនួនពីរត្រូវបានរកឃើញនៅលើបំពង់បង្ហូរ Nord Stream 1 និងមួយកន្លែងទៀតនៅលើបំពង់ Nord Stream 2 ក្បែរកោះ Bornholm របស់ដាណឺម៉ាក កាលពីថ្ងៃអង្គារ ទី ២៧ ខែកញ្ញា។ ទោះបីជាបំពង់បង្ហូរទាំងពីរ មិនដំណើរការក្ដី ប៉ុន្តែមានផ្ទុកហ្គាស ដែលផ្សំឡើងដោយឧស្ម័នមេតានជាប្រភេទឧស្ម័នផ្ទះកញ្ចក់ដ៏ធំបន្ទាប់ពីឧស្ម័នកាបូនឌីអុកស៊ីត ដែលរួមចំណែកដល់ផលប៉ះពាល់បរិស្ថាន និងការប្រែប្រួលអាកាសធាតុ។
តាមធម្មតា នៅពេលមានការលេចធ្លាយបំពង់បង្ហូរហ្គាសដែលដាក់នៅបាតសមុទ្រ ហ្គាសនឹងផុសចេញជាពពុះឡើងទៅលើផ្ទៃសមុទ្រ ហើយមេតានដែលនៅក្នុងនោះនឹងភាយចេញទៅក្នុងបរិយាកាសផែនដី។ ប៉ុន្តែនេះមិនមានន័យថា វានឹងគ្មានផលប៉ះពាល់នោះទេ ប្រសិនបើការលេចធ្លាយមិនកើតឡើង ព្រោះនៅទីបំផុត មនុស្សនៅតែយកហ្គាសទៅប្រើ ដែលបំភាយឧស្ម័នផ្ទះកញ្ចក់ទៅបរិយាកាសដដែល។
អ្នកនាំពាក្យក្រសួងបរិស្ថានអាល្លឺម៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពពុះហ្គាសនាពេលនេះ មិនបង្កជាការគំរាមកំហែងដល់បរិស្ថានសមុទ្រនៅសមុទ្របាល់ទិកនោះទេនាពេលនេះ។ អ្នកនាំពាក្យដដែលក៏កត់សម្គាល់ផងដែរថា មេតានដែលមាននៅក្នុងហ្គាសមិនរលាយជាមួយទឹកនោះទេ នេះមានន័យថា មេតានមិនបង្កជាការបំពុលទឹកនោះទេ។
ទោះជាយ៉ាងណាក៏ដោយ ការលេចធ្លាយបំពង់បង្ហូរ Nord Stream ទាំងពីរនៅតែអាចបង្កផលប៉ះពាល់ជីវៈចម្រុះក្នុងសមុទ្របាល់ទិកភ្លាមៗ។ អ្នកជំនាញខាងបរិស្ថានពន្យល់ថា សមាធាតុសំខាន់ណាមួយនៃហ្គាសនឹងរលាយ ក្លាយជាជាតិពុលក្នុងទឹក ដែលប៉ះពាល់ដល់ត្រី សត្វមានសម្បក (ខ្យង ងាយ ក្ដាម…) និងជីវិតសត្វសមុទ្រដទៃទៀតក្នុងតំបន់។ ជាពិសេសជីវៈណាដែលមិនអាចគេចឱ្យទាន់ពេល នៅពេលពពុះហ្គាសផុលឡើង។
បន្ថែមពីនេះ ការផុលចេញពីទឹករបស់ហ្គាសទៅក្នុងបរិយាកាស គឺជាការព្រួយបារម្ភក្នុងរូបភាពធំ ដោយសារវាបំភាយមេតាន ខណៈដែលអ្នកវិទ្យាសាស្ត្រនិយាយថា ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ប្រភេទនេះក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនឹងក្លាយជាគន្លឹះដ៏សំខាន់ក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។
សហការិនីស្រាវជ្រាវនៅវិទ្យាស្ថានSustainable Gasនៃសាកលវិទ្យាល័យ Imperial College London លោកស្រី Jasmin Cooper បានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា វាពិបាកក្នុងការកំណត់បរិមាណឲ្យបានច្បាស់ថាតើបរិមាណហ្គាសប៉ុន្មានរួចហើយ ដែលបំភាយទៅដល់បរិយាកាស ចេញពីកន្លែងដែលលេចធ្លាយ។ លោកស្រីលើកឡើងថា ក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom ដែលជាម្ចាស់បំពង់បង្ហូរទាំង២ ប្រហែលជាមានការប៉ាន់ប្រមាណដោយផ្អែកលើការបញ្ចេញហ្គាស ប៉ុន្តែបើនិយាយពីចំនួនហ្គាស/មេតានដែលបញ្ចេញទៅក្នុងបរិយាកាសរួចហើយនោះ គេត្រូវការក្រុមមួយដើម្បីវាស់វែង។
អនុប្រធានផ្នែកវាស់វែងនៅក្រុមហ៊ុនផ្កាយរណបសម្រាប់ការវាស់វែងមេតាន GHGSat លោក Jean-Francois Gauthier បានអះអាងថា បើតាមការប៉ាន់ប្រមាណបែបចាស់ ដោយផ្អែកលើទិន្នន័យដែលមាន កន្លែងដែលលេចធ្លាយទាំង៣នៃបំពង់បង្ហូរ Nord Stream អាចបញ្ចេញមេតានយ៉ាងហោចណាស់ ៥០០ តោនក្នុងមួយម៉ោង នៅពេលបំពង់បែកដំបូងៗ ហើយអត្រានេះថយចុះតាមពេលវេលារហូត។
ខណៈដែលគេមិនដឹងច្បាស់ពីបរិមាណដែលមានក្នុងបំពង់បង្ហូរ Nord Stream 1 អ្នកនាំពាក្យរបស់បំពង់ Nord Stream 2 បានឱ្យដឹងថា បំពង់បង្ហូរនេះមានផ្ទុកហ្គាស ៣០០ លានម៉ែត្រគូប។ អ្នកជំនាញថា ប្រសិនបើបរិមាណនេះត្រូវបំភាយទៅបរិយាកាសទាំងអស់ នោះឧស្ម័នមេតាន ២០០ ០០០ តោន នឹងត្រូវបំភាយចេញ ឬស្មើនឹង ៦ លានតោននៃកាបូនឌីអុកស៊ីត។ នេះបើតាមការគណនារបស់រ៉យទ័រ ដែលថាចំនួននេះស្មើនឹងចំនួនកាបូនឌីអុកស៊ីត ដែលក្រុងអូហៃយូ (អាមេរិក) ឬក្រុងហេលស៊ិនស្គី (ហ្វាំងឡង់) ឬក្រុងហាវ៉ាណា (គុយបា) បំភាយក្នុងមួយឆ្នាំៗ។
សូមបញ្ជាក់ថា សហភាពអឺរ៉ុប ស្ថិតក្នុងចំណោមប្រទេសជាង ១០០ រួមទាំងសហរដ្ឋអាមេរិក ប្រេស៊ីល ប៉ាគីស្ថាន និងម៉ិកស៊ិក ដែលសន្យាកាលពីឆ្នាំមុនថានឹងកាត់បន្ថយការបំភាយឧស្ម័នមេតានរួមគ្នារបស់ពួកគេ ឱ្យបាន ៣០ ភាគរយត្រឹមឆ្នាំ ២០៣០ ក្នុងគោលបំណងដើម្បីជួយទប់ទល់នឹងកម្រិតមហន្តរាយនៃការប្រែប្រួលអាកាសធាតុ។
ជុំវិញបញ្ហាចុងក្រោយនេះ លោក Stefano Grassi ប្រធានគណៈរដ្ឋមន្ត្រីនៃស្នងការថាមពលសហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃអង្គារថា វាប្រថុយនឹងក្លាយទៅជា «គ្រោះមហន្តរាយអាកាសធាតុ និងអេកូឡូស៊ី»។ លោកសរសេរនៅលើបណ្ដាញសង្គមធ្វីតធឺរថា៖ «យើងកំពុងទាក់ទងជាមួយ [រដ្ឋជាសមាជិកសហភាពអឺរ៉ុប] ដើម្បីរកមើលអ្វីដែលកើតឡើង និងស្វែងរកមធ្យោបាយលឿនបំផុត ដើម្បីបញ្ឈប់ការលេចធ្លាយ និងជៀសវាងការខូចខាតកាន់តែអាក្រក់»។
មកទល់ពេលនេះ គេមិនទាន់មានភាពប្រាកដប្រជាទេ ថានរណាជាអ្នកទទួលខុសត្រូវលើការលេចធ្លាយ។ ប៉ុន្តែមន្រ្តីរបស់ប្រទេសអឺរ៉ុបជាច្រើន បានចោទប្រកាន់វាទៅលើរុស្ស៊ី ថាធ្វើសកម្មភាពបំផ្លិចបំផ្លាញដើម្បីផលប្រយោជន៍នយោបាយ ចំពេលមានវិបត្តិថាមពលរុស្ស៊ី-អឺរ៉ុប ក្រោយសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង។ យ៉ាងណាមិញ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌ្មីទ្រី ប៉េស្កូវ បានអះអាងថា ការលេចធ្លាយ ដែលមិនធ្លាប់កើតមានពីមុនមកនេះ មិនទាន់អាចយកអ្វីមកសម្អាងថា រុស្ស៊ីជាអ្នកបំផ្លិចបំផ្លាញនោះឡើយ ខណៈរុស្ស៊ីមានការព្រួយបារម្ភយ៉ាងខ្លាំងលើបញ្ហានេះ៕ ដោយ៖ ហួន ឌីណា