ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលមានការយកចិត្តទុកជាអាទិភាពចំពោះការអប់រំបណ្តុះបណ្តាលធនធានមនុស្ស

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា រាជរដ្ឋាភិបាលមានការយកចិត្តទុកជាអាទិភាពចំពោះការអប់រំបណ្តុះបណ្តាលធនធានមនុស្ស ព្រោះជាគន្លឹះដែលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនតាមរយៈកត្តារួមផ្សំជាច្រើន រួមមាន៖ ១.កំណើនប្រកបដោយចីរភាព និងនិរន្តរភាព ២.សមត្ថភាពប្រកួតប្រជែងក្នុងទីផ្សាសាកលភាវូបនីយកម្ម ៣.ការកាត់បន្ថយឆាប់រហ័សនៃគម្លាតសេដ្ឋកិច្ច គម្លាតសមត្ថភាព និងគម្លាតខួរក្បាលជាមួយបណ្តាប្រទេសនានា និង៤.ភាពឯករាជ្យម្ចាស់ការ។ ដូចនេះទាមទារនូវការជំរុញឱ្យធនធានមនុស្សយើង មានគុណវុឌ្ឍិទាំងលើចំណេះដឹងទូទៅ ជំនាញវិជ្ជាជីវៈ កាយសម្បទាខាងក្រៅ និងបញ្ញាសម្បទាខាងក្នុង ដែលរួមទាំងគុណធម៌ និងសីលធម៌ផងដែរ។

ការបញ្ជាក់នេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង នៅសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។

ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអបអរសាទចំពោះនិស្សិតទាំង១,៥០០នាក់ ដែលនេះជាមោទនភាពសម្រាប់និស្សិតខ្លួនឯងបន្ទាប់ពីការតាំងចិត្តខិតខំប្រឹងប្រែងពុះពារជម្នះឧបសគ្គគ្រប់បែបយ៉ាងក្នុងការដុសខាត់នូវសមត្ថភាពរហូតទទួលបាននូវភាពជោគជ័យ ដូចក្នុងថ្ងៃនេះ។ ទន្ទឹមនឹងនេះ សូមសម្តែងនូវទឹកចិត្តត្រេកអរជាមួយឪពុកម្តាយ ក្រុមគ្រួសាររបស់និស្សិតជ័យលាភីទាំងអស់ ដែលបានចូលរួមប្រកបដោយទឹកចិត្តសប្បាយរីករាយ។ នេះជាការឆ្លុះបញ្ចាំងអំពីបំណងរបស់គ្រប់ក្រុមគ្រួសារ ដែលតែងចង់ឃើញបុត្រធីតារបស់ខ្លួនទទួលបាននូវការអប់រំខ្ពង់ខ្ពស់ មានចំណេះដឹងជ្រៅជ្រះ និងជាមូលធនប្រកបដោយគុណប្រយោជន៍សម្រាប់គ្រួសារ និងសង្គមជាតិ។ ជាមួយគ្នានេះ ក៏សូមអរគុណដល់គណៈគ្រប់គ្រង និងសាស្រ្តាចារ្យនៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តកំពង់ចាម ទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការសម្របសម្រួល គាំទ្រ និងចែករំលែកនូវចំណេះដឹងជូនដល់និសិ្សត រហូតបានបញ្ចប់ការសិក្សា ប្រកបដោយមោទនភាព ទោះបីជាត្រូវឆ្លងកាត់នូវការលំបាកគ្រប់យ៉ាង ជាពិសេសក្នុងដំណាក់រីករាលដាលនៃជំងឺកូវីដ-១៩។ លើសពីនេះ ក៏សូមវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យគ្រប់គ្រប់ និងសេដ្ឋកិច្ច (UME) ចំពោះការវិវឌ្ឍពង្រីកខ្លួន ដើម្បីសាបព្រោះបណ្តុះធនធានចំណេះដឹងដល់និស្សិតកម្ពុជាក្នុងការប្រកួតប្រជែងលើទីផ្សាការងារ ក៏ដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាប្រកបដោយសមត្ថភាព គុណភាព និងវិជ្ជាជីវៈ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការទទួលសញ្ញាបត្រនេះ មានន័យថា និសិ្សតជ័យលាភីទាំងអស់បានបញ្ចប់ដំណើរជំហានមួយទៀតក្នុងជីវិត។ មេរៀនដ៏សំខាន់សម្រាប់ជំហានបន្ទាប់ទៀតទាំងក្នុងការប្រកបការងារ និងជីវិតរស់នៅ មានជាអាទិ៍៖ ទី១.ជោគជ័យធំកើតពីការបូករួមផ្សំចូលគ្នានៃជោគជ័យតូចៗជាច្រើន។ ក្នុងន័យនេះ ភាពជោគជ័យដែលនិស្សិតសម្រេចបាននាពេលនេះ គឺកើតចេញពីភាពជោគជ័យជាជំហានៗជាច្រើនរួមផ្សំគ្នា រាប់ចាប់តាំងពីថ្ងៃសិក្សាដំបូងមកដល់មានសមត្ថភាពពេញលេញ។ ទី២. ការតស៊ូខិតខំប្រឹងប្រែងជាកត្តាកំណត់នូវភាពជោគជ័យ ព្រោះភាពជោគជ័យត្រូវការពេលវេលាទាំងក្នុងការសិក្សារៀនសូត្រ និងការអនុវត្តការងារជាក់ស្តែង និងទី៣.ការកំណត់គោលដៅច្បាស់លាស់នៅក្នុងរាល់សកម្មភាពការងារ និងក្នុងជីវិត ដែលនេះអាចជួយទម្លុះទម្លាយនូវរាល់បញ្ហាប្រឈមនានា និងរក្សានូវគោលគំនិតបន្តសម្លឹងមើលទៅលទ្ធផលនាថ្ងៃអនាគត៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ads banner