សមត្ថកិច្ចបន្តការស្រាវជ្រាវតាមបង្ក្រាបអំពើជួញដូរមនុស្សខុសច្បាប់ (Video Inside)
សមត្ថកិច្ចកម្ពុជាបានទទួលបានបណ្តឹង៣៤បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោង ដែលជាបណ្តឹងស្នើឱ្យជួយសង្គ្រោះជនបរទេស។ កម្ពុជាកំពុងស្ថិតក្នុងយុទ្ធការបង្ក្រាបអំពើជួញដូរមនុស្ស ក្រោយមានសេចក្តីរាយការណ៍ថាមានក្រុមទុច្ចរិត ដែលមានប្រភពមកពីក្រៅប្រទេស បានសហការជាមួយនឹងបក្ខពួកក្នុងប្រទេសកម្ពុជា ធ្វើអំពើបង្ខាំង និងចាប់ជំរិតមនុស្សក្រោមរូបភាពល្បួងមនុស្សមកធ្វើការក្នុងប្រទេសកម្ពុជា ដោយឱ្យកម្រៃពលកម្មច្រើន។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងថារវាងពីថ្ងៃទី២៦ដល់២៧កញ្ញា សមត្ថកិច្ចកម្ពុជា បានទទួលសំណើចំនួន៣៤ករណី ដែលស្នើឱ្យសង្រ្គោះជនបរទេស ចំនួន ៩៤នាក់។ សំណើទាំង៣៤ករណីនេះ ពាក់ព័ន្ធនឹងការជួយសង្គ្រោះជនជាតិវៀតណាម ៣៨ នាក់, ម៉ាឡេស៊ី ០៩នាក់, ឥណ្ឌា០៦នាក់, បង់ក្លាដេស ១នាក់, ចិន៣៧នាក់ និងចិនតៃ វ៉ាន់ ២នាក់។
យោងតាមក្រសួងមហាផ្ទៃ, ក្នុងប្រតិបត្តិការបង្ក្រាបអំពើជួញដូរមនុស្សខុសច្បាប់នេះ, កម្ពុជាបានរកឃើញជនបរទេស៣៦១នាក់, ឃាត់ខ្លួន៥៣នាក់, បិទក្រុមហ៊ុន១ទីតាំង, ផ្អាកអាជីវកម្ម ក៏ដូចជាបន្តស្រាវជ្រាវលើក្រុមហ៊ុនចំនួន ៥ទីតាំងបន្ថែមទៀត។
សម្តេចក្រឡាហោម ស ខេង បានអំពាវនាវដល់សាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាង បរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេសពាក់ព័ន្ធ បន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។