៩ខែអគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធដារបានជាង៩៥ភាគរយ នៃផែនការ (Video Inside)
ការប្រមូលចំណូលពន្ធដារក្នុងរយ:ពេល៩ខែឆ្នាំនេះ បានជាង៩៥%នៃច្បាប់ថវិកាជាតិ។ យោងតាមអគ្គនាយកដ្ឋានពន្ធដារលោក គង់ វិបុល ប្រាក់ចំណូលពន្ធដារ ក្នុងរយៈពេល៩ខែនេះ ស្មើនឹងជាង ២ពាន់៦៨០លានដុល្លារ ខណៈពេញមួយឆ្នាំនេះ នឹងមានការរំពឹងប្រមូលលើស ផែនការពី១០ ទៅ១៥% ។
លោក គង់ វិបុល ដែលជារដ្ឋមន្ដ្រីអមនាយករដ្ឋមន្ដ្រីបានបញ្ជាក់អំពីតួលេខ នៃការប្រមូលចំណូលពន្ធនេះ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមកម្មវិធីស្ដីពី «បច្ចុប្បន្នភាពសារពើពន្ធ និងសវនកម្មរបស់សភាពាណិជ្ជកម្មអាមេរិក» នៅសណ្ឋាគារ Raffles Hotel Le Royal នៅ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។
កម្មវិធីស្ដីពី «បច្ចុប្បន្នភាពសារពើពន្ធ និងសវនកម្មរបស់សភាពពាណិជ្ជកម្មអាមេរិក» ដែលបានធ្វើឡើងថ្ងៃនេះ ត្រូវគេរាយការណ៍ថាក្នុងគោលបំណងចែករំលែកព័ត៌មានសំខាន់ៗ ពីអគ្គនាយកដ្ឋានពន្ធដារ ទៅវិស័យឯកជន ដើម្បីឲ្យស្របទៅតាមបទប្បញ្ញត្ដិ និងគោលនយោបាយបច្ចុប្បន្ន របស់អគ្គនាយកដ្ឋានពន្ធដារ។
លោក គង់ វិបុល បានប្រាប់អ្នកចូលរួមថា ប្រាក់ចំណូលពន្ធបានប្រមូលជាង៩៥ភាគរយហើយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ និងអគ្គនាយកដ្ឋានពន្ធដារនៅសល់ពេល៣ខែទៀត ក្នុងការប្រមូលពន្ធ» ជាចុងក្រោយ។
យោងផែនការនៅក្នុងច្បាប់ថវិកាជាតិ ការប្រមូលចំណូលពន្ធ នៅក្នុងឆ្នាំ២០២២ បានកំណត់ ចំនួន ២ពាន់៨០០លានដុល្លារ ដែលនៅសល់ចំនួនប្រមាណ១២០លានទៀតតែប៉ុណ្ណោះដែល នឹងគំរប់ផែនការណ៍ប្រមូលក្នុងឆ្នាំ២០២២។
លោក គង់ វិបុល ថ្លែងសង្ឃឹមថា នៅឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ នឹងអាចប្រមូល ចំណូលពន្ធ បានលើសពីផែនការ ប្រមាណ១០ ទៅ១៥ភាគរយ ដោយមិនមានបញ្ហាអ្វី នោះ ឡើយ។