ក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងរំដោះទឹកចេញពីប្រាសាទ ដើម្បីបញ្ជៀសពីការជន់លិច !

អ្នកជំនាញផ្នែកធនធានទឹក នៃអាជ្ញាធរជាតិអប្សរា បាននឹងកំពុងខិតខំរំដោះទឹកតាមទ្វារទឹកមួយចំនួន នៅក្នុងក្រុងសៀមរាប ស្រុកពួក និងតំបន់ប្រាសាទមួយចំនួន នៅក្នុងខេត្ដសៀមរាប ដើម្បីបង្ការកុំឱ្យជន់លិចប្រាសាទ ខណ:ដែលទឹកជំនន់បានហូរធ្លាក់មកពីប៉ែកខាងលើយ៉ាងខ្លាំង។

លោក ភឿន សុខឃីម ប្រធាននាយដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹង នៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះថា ឥទ្ធិពលនៃព្យុះ ណូរុ ពីប្រទេសហ្វីលីពីន បណ្ដាលឱ្យកម្ពុជា ទទួលរងសម្ពាធទាប និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់ពីពាក់កណ្ដាលខែកញ្ញាមក។

ការណ៍នេះ ធ្វើឱ្យមានភ្លៀងធ្លាក់ជាច្រើនដង និងបណ្ដាលឱ្យជន់លិចស្រុកចំនួន៨ ក្នុងខេត្តសៀមរាប។ ជាពិសេសនៅរមណីយដ្ឋានអង្គរ ទឹកភ្លៀងច្រើនសន្ធឹក ត្រូវបានប្រមូលទុក និងខ្លះត្រូវបានរំដោះចេញផងដែរ ដោយសារបរិមាណហួសកម្រិត។ លោកបានបន្ដថា ក្រោយពីស្ថានភាពទឹកជន់ឡើងលើសកំរិត បណ្ដាលឱ្យក្រុមការងារ ធ្វើការបើកទ្វារទឹក ដើម្បីរំដោះទឹកចេញ នៅប្រាសាទមួយចំនួនដូចជា ប្រាសាទអង្គរវត្ត ព្រះខ័ន តាព្រហ្ម និងបាយ័ន្តជាដើម។ល។

ក្នុងការបញ្ជៀសទឹកតាមប្រព័ន្ធប្រឡាយបុរាណទៅតាមស្ទឹងនានា ដូចជាស្ទឹងសៀមរាប ស្ទឹងរលួស ស្ទឹងពួក និងស្ទឹងព្រះស្រុក ដើម្បីកុំឱ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់តំបន់ប្រាសាទ និងក្រុងសៀមរាប។លោកបានបន្ដទៀតថា ក្រៅពីនេះ ក្រុមការងារក៏បានប្រមូលទឹក ដើម្បីបំពេញក្នុងប្រព័ន្ធគ្រប់គ្រងបុរាណ ដើម្បីធានាដល់តុល្យភាពនៃការប្រើប្រាស់ទឹកក្នុងតំបន់អង្គរ មានដូចជា បារាយណ៍ខាងលិច បារាយណ៍ខាងជើង កសិន្ធុអង្គរធំ កសិន្ធុអង្គរវត្ត ស្រះស្រង់ រួមនឹងកសិន្ធព្រះខ័នជាដើម។ល។

បើតាមលោក ភឿន សុខឃីម ការគ្រប់គ្រងទឹកកុំឱ្យជន់លិចក្រុងសៀមរាប និងប្រាសាទបុរាណនេះ បានធ្វើឡើងជាប្រចាំ ព្រោះប្រាសាទត្រូវការទឹកគ្រប់គ្រាន់ ដោយមិនឱ្យបង្ហូរទឹកឱ្យហួសកំរិតបាននោះទេ។ លោក បានបញ្ជាក់ថា ជំនន់ទឹកភ្លៀងឡើងខ្លាំងនេះ បានកើតឡើងមុនអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ហើយនឹងបន្តមួយរយ:ខាងមុខនេះទៀត៕ ប្រភព ៖ អាជ្ញាធរជាតិអប្សរា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner