លោក ស្រី មាស មករា និងត្រូវ បានប្រកាស តែងតាំងចូលកាន់មុខតំណែងជាប្រធានមន្ទីររ៉ែ និងថាមពលខេត្តកែប

ខេត្តកែប ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកែប ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល ខេត្តកែប ។ពិធី នេះ បានរៀបចំឡើង នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ដែលមានវត្តមានអញ្ជើញចូលរួម សរុបចំនួន ១៦០នាក់ ។

បន្ទាប់ពី លោក ខៀវ ដារ៉ា ប្រធាននាយកដ្ឋានបុគ្គលិកក្រសួងរ៉ែ និងថាមពលអានប្រកាស តែងតាំង លោកស្រី មាស មករា ជាប្រធានមន្ទីររ៉ែ និងថាមពលខេត្តកែប និង ការប្រគល់ត្រា មន្ទីរដោយ ឯកឧត្តមរដ្ឋមន្ត្រី ដល់លោកស្រីប្រធានមន្ទីរថ្មីរួចមក ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត មានប្រសាសន៍ថា ខេត្ត កែប គឺជាទីក្រុងទេសចរណ៍ធម្មជាតិ មួយដែលបានទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ជាច្រើនក្នុងមួយឆ្នាំៗ។

ដូចនេះភារកិច្ចសំខាន់ចំពោះមុខ ជាច្រើនដូចជា ការគ្រប់គ្រង់ធនធានរ៉ែ ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ និងធ្វើអាជីវកម្មធនធានធម្មជាតិឱ្យបានល្អ ប្រកបដោយនិរន្តរភាព សម្រាប់មនុស្សគ្រប់ជំនាន់ និងឧត្តមភាពយូអង្វែង ជាពិសេស ការអភិរក្សតំបន់ការពារធម្មជាតិ ឧទ្យានជាតិកែប បើយើងបាត់បង់ធម្មជាតិ ស្មើរនឹងយើងបំផ្លាញខ្លួនឯង ។ ក្នុងនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានក្រើនរំលឹក ដល់ប្រធានមន្ទីរថ្មី ត្រូវយកចិត្តទុកដាក់បំពេញតាមតួនាទី អោយបានលទ្ធផលល្អប្រសើរ មានកិច្ចសហការល្អជាមួយមន្ទីរជំនាញ ជំវិញខេត្ត ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងអង្គភាព ខិតខំលុបបំបាត់ភាពអសកម្ម ដើម្បីជំរុញការអនុវត្តវិស័យរ៉ែ និងថាមពល អោយកាន់តែល្អប្រសើរ ពិសេសការងារផ្តល់សេវាជូនប្រជាពលរដ្ឋ ។

ឯកឧត្តម ស៊ុយ សែម បានសង្កត់ធ្ងន់ ថា ចាប់ពីថ្ងៃប្រកាសចូលកាន់តំណែងនេះតទៅ លោកស្រីប្រធានមន្ទីរថ្មី ត្រូវជំរុញការយកចិត្តទុកដាក់ បន្ថែមទៀត លើការងារតួនាទីភារកិច្ចជាអ្នកគ្រប់គ្រង់ដឹកនាំមន្ទីរ អង្គភាព របស់ខ្លួន មានភារកិច្ចសហការគ្នាល្អ សាមគ្គីភាពផ្ទៃក្នុង ពិសេសអនុវត្តតាមការណែនាំពីថ្នាក់ ដឹកនាំខេត្ត ក្នុងនាមជាសេនាធិការរបស់ខេត្តលើវិស័យរ៉ែ និងថាមពល ។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា មន្ត្រីរាជការយើងទាំងអស់ ត្រូវគោរពប្រតិបត្តិតាមអភិក្រម ទាំង៤ ឱ្យខ្ជាប់ខ្ជួន ទើបពុំកើតមានភាពអសកម្ម ទាំងក្នុងការងារ ក៏ដូចជាសីលបធម៌រស់នៅ ផងដែរ។ ក្នុងនោះដែរឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីតួនាទីភារកិច្ច ក្នុងវិស័យរ៉ែ និងថាមពល ដែលបានដើតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ សេដ្ឋកិច្ចជាតិ ក៏ដូចជាក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃ ដែលទាមទាអោយមន្ត្រីជំនាញ ជាពិសេសមន្ទីររ៉ែ និងថាមពល ដែលជារដ្ឋបាល ថ្នាក់ក្រោមជាតិ ត្រូវខិតខំ លើកកម្ពស់សមត្ថភាព ក្នុងការគ្រប់គ្រងដឹកនាំ វិស័យរ៉ែ និងថាមពល ប្រកបដោយការទទួលខុសត្រូវ ប្រសិទ្ធភាព តម្លាភាព និងនិរន្តរភាព ៕ Sila Sarin

ads banner