អាជីវករនៅមុខអង្គរវត្ដសប្បាយចិត្ដ ដោយសារការលក់ដូរមានភាពល្អប្រសើរ ពីអ្នកទេសចរទៅទស្សនាអង្គរនានៅថ្ងៃភ្ជុំបិណ្ឌ

សៀមរាប ៖ ក្រុមអាជីវករនៅខាងមុខប្រាសាទអង្គរវត្ដ បានសម្ដែងការសប្បាយចិត្ដ ដោយសារការលក់ដូររបស់ពួកគាត់ មានភាពល្អប្រសើរ ពីភ្ញៀវទេសចរទៅទស្សនាអង្គរវត្ដច្រើន ក្នុងពិធីបុណ្យភ្ជុំបិណ្ឌបីថ្ងៃ ហើយពួកគាត់ថ្លែងអំណគុណរាជរដ្ឋាភិបាលដែលបានបើកទេសចរឡើងវិញ ខណៈជំងឺកូវីដ១៩បានធូរស្រាល។

លោក សាត មាស ក៍ដូចជាអាជីវករផ្សេងទៀត នៅខាងមុខអង្គរវត្ដ បានឱ្យដឹងនៅថ្ងៃទី២៨ខែកញ្ញានេះថា ក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃកន្លងមកនេះ មានអ្នកទេសចរជាច្រើនម៉ឺននាក់ បានទៅទស្សនាអង្គរវត្ដ ហើយពួកគាត់មួយចំនួនបានចូលទិញទំនិញ និងទទួលទានអាហារនៅកន្លែងអាជីវករខាងមុខប្រាសាទអង្គរ ។

ពួកគាត់បានបន្ដថា ក្នុងមួយថ្ងៃពួកគាត់អាចលក់ដូរបានច្រើនគួរសម្យពីអ្នកទេសចរជាតិនិងអន្ដរជាតិ បើធៀបកាលពីពីរឆ្នាំមុនក្នុងរដូវបុណ្យភ្ជុំដូចគ្នានេះដែរ មានភាពខុសគ្នាឆ្ងាយ ព្រោះក្នុងអំឡុងជំងឺកូវីដ១៩មិនមានអ្នកទេសចរទៅទស្សនាអង្គរ ប៉ុន្ដែសម្រាប់ឆ្នាំ២០២២នេះ គឺមានភ្ញៀវទេសចរច្រើនហួសពីការស្មាន ខណៈដែលអាជីវករនៅទីនោះរំពឹងលើភ្ញៀវទេសចរ។ក្រុមអាជីវករបានថ្លែងអំណគុណដល់រាជរដ្ឋាភិបាល ដែលបានបើកឱ្យអ្នកទេសចរដើរកំសាន្ដឡើងវិញ ដែលអាចឱ្យសេដ្ឋកិច្ចពួកគាត់មានភាពល្អប្រសើរ បន្ទាប់ពីជំងឺកូវីដ១៩បានធូរស្រាល។

យោងតាមរបាយការណ៍របស់នាយកដ្ឋាន ទេសចរណ៍ វប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបង្ហាញថា អ្នកទេសចរជាតិ និងអន្ដរជាតិ ទៅទស្សនារមណីយដ្ឋានអង្គរបីថ្ងៃ ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២២នេះ មានចំនួនប្រមាណ ១១ម៉ឺន៤៦១៦នាក់ ក្នុងនោះ អ្នកទេសចរជាតិ មានចំនួន ១១ ១ ១៤៦នាក់ ភ្ញៀវទេសចរបរទេសទិញសំបុត្រមាន ៣៤៧០នាក់ ។លំហូរទេសចរណ៍ចូលទស្សនាប្រាសាទអង្គរនេះ បានបង្ហាញថា វិស័យទេសចរណ៍បានងើបឡើងវិញបន្ទាប់ពីអាក់ខានពីរឆ្នាំកន្លងមក ដោយសារជំងឺកូវីដ១៩ ៕ សៀន សុផាត

ads banner