ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ប្រារព្ធវេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦

ភ្នំពេញ៖ សម្តេចអ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាព រៀបចំ «វេទិកាអន្តរសាសនាប្រឆាំងការជួញដួរមនុស្ស» នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីបានខកខានអស់រយៈពេលពីរឆ្នាំដោយសារការរាតត្បាតជំងឺកូវីដ១៩នោះ ។ វេទិកានេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។

សូមជម្រាបថា សារៈសំខាន់ នៃកម្មវិធីនេះ គឺជាការបង្ហាញនូវភាពសុខដុមរមនា នៃសាសនានៅកម្ពុជា ដែលតែងតែឯកភាព សហការ គាំទ្រគ្នាទៅវិញទៅមក ដោយភាពទន់ភ្លន់ មិនមានទំនាស់ មិនប្រទូស្តរាយគ្នា មិនបង្កឱ្យមានការបែកបាក់ និងគ្រោះមហន្តរាយក្នុងសង្គម។ ផ្ទុយទៅវិញ ភាពសុខុដុម នៃសាសនា បានដើរតួជាគន្លឹះក្នុងការកសាងនូវសន្តិភាពផ្លូវចិត្ត របស់បុគ្គល និងសន្តិសុខសង្គម ព្រមទាំងជួយពង្រឹងស្មារតី មនុស្សគ្រប់រូបឲ្យរឹងប៉ឹង រួមគ្នាតស៊ូ ជម្នះនឹងការញុះញង់ អូសទាញ ដែលជាល្បិចកលឧក្រិដ្ឋជនជួញដូរមនុស្ស។

វេទិកាអន្តរសាសនា លើកទី៦ ឆ្នាំ២០២២ នឹងមានការចូលរួមពីថ្នាក់ដឹកនាំ ព្រះពុទ្ធសាសនា មូស្លីម កាតូលិក គ្រិស្តបរិស័ទបំណងល្អ ប្រូតេស្តង់ និងអ្នកជំនឿផ្សេងៗទៀត ព្រមទាំងតំណាងអង្គការជាតិ-អន្តរជាតិមួយចំនួន ដែលកំពុងបំពេញការងារពាក់ព័ន្ធការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ប្រមាណ ១,៥០០អង្គ/នាក់។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ កម្ពុជា បាននឹងកំពុងបើកប្រតិបត្តិការយ៉ាងក្តៅគគុកបង្ក្រាបទីតាំជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម ជាពិសេសនៅតាមបណ្តាទីតាំងលេងល្បែងស៊ីសង។ ក្នុងនោះគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលដឹកនាំដោយសម្តេចក្រឡាហោម ស ខេង បានជំរុញកិច្ចសហប្រតិបត្តិការ បង្កើនការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងទម្រង់ថ្មីនេះយ៉ាងទូលំទូលាយ ដោយអនុញ្ញាតឱ្យជនរងគ្រោះដាក់បណ្តឹង ឬសេចក្តីរាយការណ៍ជាក់លាក់ពីជនរងគ្រោះ ទីតាំងបទល្មើស និងស្ថានភាពនៃបទល្មើស តាមបណ្តាញគេហទំព័រហ្វេសប៊ុក ផ្ទាល់របស់សម្តេចក្រឡាហោម និងតាមបណ្តាញដទៃទៀត របស់ក្រសួងមហាផ្ទៃ ដើម្បីបានធ្វើកិច្ចសហប្រតិបត្តិការបានឆាប់រហ័ស ទាន់ពេល ក្នុងគោលដៅស្វែងរក និងសង្គ្រោះជនរងគ្រោះ បង្ក្រាបបទល្មើសដែលលាក់បង្កប់ ក្នុងទីតាំងដែលគួរឲ្យសង្ស័យ និងនាំយកជនប្រព្រឹត្តបទល្មើស មកផ្តន្ទាទោសតាមច្បាប់ដោយឥតលើកលែង។

រយៈពេលចាប់ផ្តើមកិច្ចប្រតិបត្តិការ ក្នុងខែសីហា មកដល់ពេលនេះ សមត្ថកិច្ចបានរកឃើញជិត ៣០០ករណី និងសង្គ្រោះជនរងគ្រោះដោយអំពើជួញដូរមនុសស្ស ដែលបានទទួលរងនូវទណ្ឌកម្ម ការបិទសិទ្ធិសេរីភាព និងការកេងប្រវ័ញ្ចកម្លាំងពលកម្មរាប់រយនាក់ និងបានសង្គ្រោះមនុស្សចេញពីទីតាំងអាថ៌កំបាំងទាំងនោះជាច្រើននាក់បន្ថែមទៀត ព្រមទាំងមានវិធានការបិទទីតាំងប្រព្រឹត្តបទល្មើសជាច្រើនកន្លែង។ លទ្ធផលដែលទទួលបាននេះ គឺជាការបង្ហាញឱ្យច្បាស់ពីស្មារតីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការជួញដូរកម្លាំងពលកម្ម៕ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner