ស្ថានទូត អាមេរិកទទូចឲ្យពលរដ្ឋអាមេរិកាំងចាកចេញពីរុស្ស៊ីជាបន្ទាន់

អាមេរិក:ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងមូស្គូ នៅថ្ងៃពុធ ទី២៨ខែកញ្ញាម្សិលមិញ បានចេញសេចក្ដីប្រកាសអាសន្នសន្តិសុខ ជាថ្មីម្ដងទៀត ដោយទទូចឲ្យពលរដ្ឋអាមេរិកាំងចាកចេញពីប្រទេសរុស្ស៊ីជាបន្ទាន់ ក្នុងពេលដែលនៅមានផ្លូវសម្រាប់ ចាកចេញ។ ការប្រកាសនេះ ធ្វើឡើងមួយសប្ដាហ៍បន្ទាប់ពីប្រមុខដឹកនាំរុស្ស៊ី លោក វ្លាឌីមៀ ពូទីន អនុម័តក្រឹត្យស្ដីអំពី ការកេណ្ឌទ័ពរុស្ស៊ីបន្ថែមដើម្បីចាក់បញ្ចូលទៅក្នុងសមរភូមិប្រយុទ្ធឈ្លានពានប្រទេសអ៊ុយក្រែន។

បើតាមស្ថានទូតអាមេរិក រដ្ឋាភិបាលរុស្ស៊ីអាចបដិសេធមិនទទួលស្គាល់ពលរដ្ឋរុស្ស៊ីដែលមានសញ្ជាតិអាមេរិកាំង ហើយមិនឲ្យពួកគេទទួលបានជំនួយពីកុងស៊ុលអាមេរិក រារាំងមិនឲ្យចាកចេញពីប្រទេសរុស្ស៊ី និងកំណត់ឲ្យអ្នកកាន់សញ្ជាតិ២ ត្រូវចូលបម្រើទ័ពជាដើម។
ក្នុងន័យនេះ ស្ថានទូតអាមេរិកប្រចាំទីក្រុងមូស្គូ ព្រមានពលរដ្ឋអាមេរិកាំងកុំឲ្យធ្វើដំណើរទៅប្រទេសរុស្ស៊ី។

ចំណែកពលរដ្ឋអាមេរិកាំងដែលកំពុងមានវត្តមាននៅរុស្ស៊ី ត្រូវចាកចេញពីទីនោះជាបន្ទាន់ ចៀសវាងចូលរួមការប្រមូលផ្ដុំ ធ្វើបាតុកម្ម ហើយមិនត្រូវថតរូបកងកម្លាំងសន្តិសុខនៅទីនោះទេ ដោយសារតែសិទ្ធិនៃការប្រមូលផ្ដុំដោយសន្តិវិធី និងសិទ្ធិសេរីភាពនៃការបញ្ចេញមតិ មិនត្រូវបានធានាឡើយ នៅក្នុងប្រទេសរុស្ស៊ី។ នេះបើតាមស្ថានទូតអាមេរិក។

ចំពោះការចាកចេញពីប្រទេសរុស្ស៊ីវិញ ស្ថានទូតអាមេរិកទទួលស្គាល់ថា ខ្លួនខ្វះខាតយ៉ាងខ្លាំង លទ្ធភាពនិងមធ្យោបាយ ជួយឲ្យពលរដ្ឋអាមេរិកាំងបានចាកចេញពីរុស្ស៊ី ដោយបញ្ជាក់ថា ប្រសិនបើពលរដ្ឋអាមេរិកាំងណា មានបំណងចាកចេញពីរុស្ស៊ី នោះពួកគេគួរតែរៀបចំការធ្វើដំណើរដោយខ្លួនឯងឲ្យបានលឿនបំផុត តាមដែលអាចធ្វើទៅបាន។
គួររំឭកជូនថា ក្រសួងការបរទេសអាមេរិក ធ្លាប់បានអំពាវនាវឲ្យពលរដ្ឋអាមេរិកាំងចាកចេញពីរុស្ស៊ី តាំងពីខែមីនា ឆ្នាំ២០២២។ ខែមីនា ជាពេលដែលទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ មានភាពតានតឹងខ្លាំង ដោយសារតែការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។

ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអំពាវនាវឱ្យពលរដ្ឋអាមេរិកចាកចេញពីប្រទេសរុស្ស៊ីក្នុងខែមីនា ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ ជុំវិញការឈ្លានពានអ៊ុយក្រែន។ នៅខែសីហា សហរដ្ឋអាមេរិកបានទទូចដូច្នេះម្ដងទៀត ដោយលើកឡើងអំពី «ការអនុវត្តច្បាប់ក្នុងស្រុករបស់រុស្ស៊ីដោយបំពាន» និងសមត្ថភាពនៅមានកម្រិតរបស់ស្ថានទូតអាមេរិកនៅទីក្រុងមូស្គូ ក្នុងការជួយដល់ពលរដ្ឋអាមេរិកាំង ប្រសិនបើមានករណីយាយី ឬអំពើភេរវកម្មណាមួយកើតឡើង។

ជាការកត់សម្គាល់ ទន្ទឹមនឹងការចេញសេចក្ដីប្រកាសអាសន្នសន្តិសុខ នៅថ្ងៃពុធម្សិលមិញ ទីក្រុងវ៉ាស៊ីនតោនបានប្រកាសផ្ដល់ជំនួយជាអាវុធយុទ្ធភណ្ឌបន្ថែមដល់អ៊ុយក្រែន ក្នុងតម្លៃ ១,១ពាន់លានដុល្លារ។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre ថ្លែងបញ្ជាក់ប្រាប់អ្នកកាសែតថា កញ្ចប់ជំនួយរបស់អាមេរិក ដល់អ៊ុយក្រែនចុងក្រោយនេះ រួមមានប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់ (HIMARS) ចំនួន ១៨ គ្រឿង ដែលអ៊ុយក្រែនអាចប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពក្នុងសមរភូមិ ក៏ដូចជារថពាសដែក រ៉ាដា និងប្រព័ន្ធប្រឆាំងដ្រូនរាប់រយគ្រឿង។

លោកស្រី Karine Jean-Pierre៖ «សហរដ្ឋអាមេរិកនឹងបន្តឈរជាមួយប្រជាជនអ៊ុយក្រែន និងផ្ដល់ជំនួយសន្តិសុខដល់ពួកគេ ដើម្បីអនុញ្ញាតឲ្យពួកគេអាចបន្តការពារខ្លួនឯងឲ្យបានយូរទៅតាមភាពចាំបាច់»។ នេះបើតាមអ្នកនាំពាក្យសេតវិមានអាមេរិក នៅថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២៕
ដោយ: កែវ កិរិយា

https://www.aljazeera.com/news/2022/9/28/us-renews-call-for-citizens-to-leave-russia-amid-mobilisation
https://edition.cnn.com/2022/09/28/politics/us-embassy-russia-warns-americans-leave/index.html

ads banner