ប្រធានាធិបតីតួកគីគ្រោងនឹងពិភាក្សាជាមួយលោក ពូទីន អំពីការបោះឆ្នោតប្រជាមតិរបស់រុស្ស៊ីនៅអ៊ុយក្រែន

អង់ការ៉ា៖ ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គាន់ គ្រោងនឹងពិភាក្សាជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អំពីការបោះឆ្នោតប្រជាមតិដែលរៀបចំដោយរុស្ស៊ី នៅក្នុងតំបន់ចំនួនបួននៃភាគខាងកើតអ៊ុយក្រែន ដោយអ្នកបោះឆ្នោតភាគច្រើន ត្រូវបានគេជឿជាក់ថា បានជ្រើសរើសបញ្ចូលទឹកដីរបស់ពួកគេទៅក្នុងឧបសម្ព័ន្ធរបស់រុស្ស៊ី។

លោក អឺដូហ្គាន់ នៅថ្ងៃពុធសប្តាហ៍នេះ ក៏បានសន្ទនាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលបានស្នើសុំជំនួយពីគាត់ ដើម្បីបញ្ចុះបញ្ចូលលោក ពូទីន លើបញ្ហាការបោះឆ្នោតប្រជាមតិ។ នេះបើតាមប្រធានាធិបតីតួកគីថ្លែងក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារ អាណាឌូលូ (Anadolu)។ តបតាមសំណើរបស់ប្រធានាធិបតីអ៊ុយក្រែន លោក អឺដូហ្គាន់ បាននិយាយថា លោកនឹងធ្វើការសន្ទនាជាមួយលោក ពូទីន នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពីការធ្វើប្រជាមតិ ដែលលោកបានពិពណ៌នាថា មានបញ្ហា។

លោក អឺដូហ្គាន់ បានប្រាប់សារព័ត៌មាននេះទៀតថា ព្រឹត្តិការណ៍នៃការធ្វើប្រជាមតិនៅក្នុងទីក្រុងចំនួនបួននាំមកនូវបញ្ហា។ ខ្ញុំចង់ឱ្យពួកគេមិនធ្វើប្រជាមតិ ហើយជំនួសមកវិញ យើងអាចដោះស្រាយបញ្ហាតាមការទូត។

គួរបញ្ជាក់ថា ការបោះឆ្នោតប្រជាមតិដែលបានធ្វើឡើងនាពេលថ្មីៗនេះនៅក្នុងតំបន់ ដូណេតស្ក៍, លូហាន់ស្ក៍, ខើសុន និង ហ្សាប៉ូរីហ្ស៊ីយ៉ា ត្រូវបានច្រានចោលយ៉ាងទូលំទូលាយដោយសហគមន៍អន្តរជាតិ ដែលបានអះអាងថា ទង្វើនេះមិនស្របតាមស្តង់ដារប្រជាធិបតេយ្យឡើយ ៕ ប្រភព៖ News 360 ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner