សម្តេចតេជោ  ហ៊ុន សែន ប្រាប់អ្នកពាក់ព័ន្ធឱ្យរួមគ្នាការពារប្រទេសកម្ពុជា កុំក្លាយជាឋានសួគ៌នៃឧក្រិដ្ឋកម្ម

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២២នេះបានថ្លែងទៅកាន់អ្នកពាក់ព័ន្ធត្រូវរួមគ្នាការពារប្រទេសកម្ពុជាកុំក្លាយជាឋានសួគ៌នៃឧក្រិដ្ឋកម្ម។ការក្រើនរំឮករបស់ប្រមុខរដ្ឋាភិបាលយ៉ាងដូច្នេះធ្វើឡើងនៅក្នុងវេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ដែលបានប្រារព្ធធ្វើនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «គ្រប់តួអង្គទាំងអស់ត្រូ​វធ្វើសកម្មភាពព្រមៗគ្នាមិនចំពោះតែបញ្ហាជួញដូរមនុស្សទេតែវាមានមែកធាងរបស់ដែលត្រូវចាប់ផ្ដើម កុំចាំទាល់តែរដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្រែក ឬកុំចាំទាល់តែនាយករដ្ឋមន្ត្រីស្រែកបាននាំគ្នាធ្វើ(ប្រតិបត្តិការបង្ក្រាបការជួញដូរមនុស្ស ឬបង្ក្រាបល្បែងស៊ីសង) ធ្វើឲ្យដូចភ្លៀងរលឹមទៅ។ សង្គ្រោះជនរងគ្រោះឲ្យទាន់ពេលវេលា បើកការស៊ើបអង្កេតរកបក្ខពួកនិងស្រាវជ្រាវរកមេក្លោងមកផ្ដន្ទាទោសតាមច្បាប់ដោយគ្មានការលើកលែងសម្រាប់ករណីបង្ខាំងមនុស្សទុកជួញដូរ»។

ទន្ទឹមនឹងនេះសម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការជួញដូរមនុស្សជាបញ្ហាសាកល មិនមែនមានតែកម្ពុជានោះទេ តែបើមិនឆាប់រួមទប់ស្កាត់ទេវានឹងក្លាយជាគោលដៅសុវត្ថិភាពរបស់ពួកឧក្រិដ្ឋជនរត់ពន្ធមនុស្សដែលយកកម្ពុជាជាទីតាំងប្រព្រឹត្តបទល្មើសនេះ។សម្តេចតេជោបញ្ជាក់ថា «យើងត្រូវប្រញាប់ប្រញាល់ដើម្បីរួមគ្នាធ្វើសកម្មភាពប្រឆាំងការជួញដូរមនុស្ស ហើយការជួញដូរមនុស្សមិនមែនកើតមានតែតំបន់អាស៊ីទេ វាកើតមានគ្រប់តំបន់ទាំងអស់ វាក្លាយជាបញ្ហាសកលដែលទាមទារកិច្ចសហប្រតិបត្តិការរួមពីប្រទេសមួយទៅប្រទេសមួយ»។

សម្រាប់បរិបទប្រទេសកម្ពុជាកាលពីគ្រាមុនត្រូវបានប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន ​សែន ថាពលរដ្ឋខ្មែរបានក្លាយខ្លួនជាជនរងគ្រោះសម្រាប់ការជួញដូរទៅក្រៅប្រទេសដែរ ដោយពេលខ្លះបាត់ដំណឹងសូន្យឈឹងក៏មាន។«ជួនកាលយើងបានរកឃើញពលរដ្ឋយើងនៅតាមប្រទេសនានាដោយអ្នកខ្លះគេប្រើប្រាស់ជាកម្លាំ​ង​ពលកម្មនេសាទដែលពេលខ្លះមិនបានឡើងមកលើគោក បាត់ដំណឹងសូន្យពីក្រុមគ្រួសារ ហើយពលរដ្ឋយើងមួយចំនួនទៀតផុតកិច្ចសន្យាការងារជាមួយប្រទេសកូរ៉េ មិនបានត្រឡប់មកវិញក៏បង្កើតជាបញ្ហា​សម្រាប់ប្រទេសគេដែរ ចំណុចនេះអាចឈានទៅដល់ការរត់ពន្ធមនុស្ស ដល់មជ្ឈឹមបូព៌ាក៏មាន»។

ប្រទេសកម្ពុជា បើតាមសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺប្រែពីពលរដ្ឋខ្លួនត្រូវបានគេជួញដូរទៅក្រៅប្រទេសទៅជាជនបរទេសត្រូវបានគេជួញដូរចូលមកកម្ពុជាវិញ។ «កត្តានេះអាចដោយសារចំណុចខ្សោយណាមួយបង្កើតទៅជាបញ្ហាដែលគេឆ្លៀតចូលមកធ្វើអាជីកម្មនៅក្នុងប្រទេសរបស់យើង»។ បន្ថែមលើនេះរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២០ ខែសីហា ដើម្បីប្រារព្ធទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស។

លោក អំ សំអាត នាយកប្រតិបត្តិនៃអង្គការលីកាដូលើកឡើងថា ដើម្បីកុំឲ្យក្លាយជាឋានសួគ៌នៃឧក្រិដ្ឋកម្មអាជ្ញាធរពាក់ព័ន្ធក្នុងប្រទេសកម្ពុជាត្រូវមានការតាំងចិត្ត ឆន្ទៈ និងដកខ្លួនពីបញ្ហាពុករលួយ។ លោកថា«បើសិនជារដ្ឋាភិបាលមានការប្ដេជ្ញាចិត្ត រួមនឹងឆន្ទៈ ពិតប្រាកដខ្ញុំអាចគិតថា នឹងធ្វើទៅបានក្នុងការលុបបំបាត់និងទប់ស្កាត់បទឧក្រិដ្ឋកម្មធំដូចជាការជួញដូរមនុស្ស ជួញដូរគ្រឿងញៀន ហើយមន្ត្រីកម្ពុជាត្រូវហ៊ានអនុវត្តច្បាប់ដែល​មានស្រាប់ទោះបីជាជនពាក់ព័ន្ធតួនាទីអ្វីក៏ដោយ សំខាន់ជាងនេះទៀតគឺកុំទទួលសំណូកនៃអំពើពុករលួយកុំឲ្យកើតមាន»។

របាយការណ៍​ស្តីពី​ការជួញដូរ​មនុស្ស​ឆ្នាំ២០២២ របស់​ក្រសួងការបរទេស​អាមេរិក កាលពី​ថ្ងៃទី១៩ ខែកក្កដា បាន​ទម្លាក់​ចំណាត់ថ្នាក់​កម្ពុជា​មក​កម្រិត​ទី៣​អាក្រក់​បំផុត ពុំ​ធ្លាប់​មាន​តាំងពី​ឆ្នាំ២០១៥​មក និង​ក្រោយពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​កម្រិតទី២​ក្រោម​ការ​ឃ្លាំមើល​អស់​រយៈ​ពេល​៣ឆ្នាំ​ជាប់ៗគ្នា​ចាប់តាំងពី​ឆ្នាំ២០១៩​មក។

សម្តេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្លាប់ថ្លែងថា ផ្អែកតាមការស្ទង់មតិពលរដ្ឋជាងមួយពាន់នាក់ក្នុង១៣រាជធានីខេត្តដើមហេតុដែលនាំឲ្យមានការជួញដូរមនុស្សកើតឡើងរួមមានៈ បន្ទុកគ្រួសារនិងបំណុល ខ្វះការយកចិត្តទុកដាក់ថែរក្សាពីគ្រួសារនិងសង្គម ខ្វះការសិក្សានិងការអប់រំ កង្វះការទទួលបានព័ត៌មានដែលផ្ដល់ដោយរដ្ឋនិងសង្គមស៊ីវិល និងការចាញ់ល្បែងស៊ីសង ការសេពគ្រឿងញៀន និងគ្រឿងស្រវឹង៕

ដោយ៖អេង រាជនី

ads banner