ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំពិភាក្សាលើ«ចក្ខុវិស័យសន្តិសុខសាយប័រ របស់ក្រសួងមហាផ្ទៃ» ជាមួយតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងតំណាងពីអង្គការ JICA

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី លី វណ្ឌី តំណាងមន្ត្រីបច្ចេកទេស នៃនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានដឹកនាំមន្ត្រីបច្ចេកទេស រៀបចំកិច្ចពិភាក្សាការងារ ព្រមទាំងបាន ធ្វើបទបង្ហាញស្តីពីស្ថានភាព«សន្តិសុខសាយប័ររបស់ក្រសួងមហាផ្ទៃ» ជាមួយក្រុមការងារបច្ចេកទេសក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមការងារតំណាងអង្គការ JICA នៅទីស្តីការក្រសួងមហាផ្ទៃ។

ក្នុងជំនួបនេះដែរ លោកឧត្តមសេនីយ៍ត្រី បានធ្វើបទបង្ហាញអំពីផែនការ ព្រមទាំងយន្តការរយៈពេល៥ឆ្នាំរបស់ក្រសួងមហាផ្ទៃពាក់ព័ន្ធ « យន្តការសន្តិសុខសាយប័រ របស់ក្រសួងមហាផ្ទៃ» ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ត្រី ក៏បានលើកឡើងអំពីចក្ខុវិស័យ បញ្ហាប្រឈមនានា ព្រមទាំងមូលហេតុជាច្រើន ដែលបង្កឱ្យមានហានិភ័យសន្តិសុខសាប័រ និងបទល្មើសបច្ចេកវិទ្យា នៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។

ក្រោយធ្វើបទបង្ហាញ លោកឧត្តមសេនីយ៍ត្រី បានស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការ គាំទ្រផ្នែកបច្ចេកទេស ពីសំណាក់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏ដូចជាអង្គការ JICA ជាមួយក្រសួងមហាផ្ទៃ ដើម្បីធ្វើយ៉ាងណាឱ្យផែនការ និងយន្តការរយៈពេល៥ឆ្នាំ ឱ្យមានភាពល្អប្រសើរឡើង និងអនុវត្តប្រកបដោយប្រសិទ្ធិភាព។

ក្រោយបានស្តាប់នូវបទបង្ហាញមក ជាការឆ្លើយតប តំណាងអង្គការ JICA បានបង្ហាញការគាំទ្រ ចំពោះផែនការដែលក្រសួងមហាផ្ទៃកំពុងរៀបចំ ជាក់ស្តែងផែនការនេះបានឆ្លុះបញ្ជាំងនូវនិន្នាការ និងគោលការណ៍ប្រតិបត្តិស្ដង់ដា ស្ថានភាពសន្តិសុខសាយប័រថ្នាក់ជាតិ ដែលត្រូវតែយកចិត្តទុកដាក់។ ទន្ទឹមនឹងនេះ តំណាងអង្គការ JICA និងតំណាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានបង្ហាញឆន្ទៈក្នុងការចូលរួមសហការ ជាមួយក្រសួងមហាផ្ទៃដើម្បីឱ្យស្ថានភាពសន្តិសុខសាយប័រថ្នាក់ជាតិ កាន់តែល្អប្រសេីរ ទាំងលេីផ្នែកគោលនយោបាយ និងបច្ចកទេស ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner