ប្រជាសហគមន៍ទេសចរណ៍តាមដងទន្លេមេគង្គបង្ហាញការព្រួយបារម្ភពីស្ថានភាពទឹកភ្លៀងបណ្ដាលមក ពីឥទ្ធិពលព្យុះណូរុ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖សហគមន៍អេកូទេសចរណ៍មួយចំនួនដែលមានទីតាំងនៅតាមដងទន្លេមេគង្គបានដាក់ការព្រួយបារម្ភពីសុវត្ថិភាពប្រជាសហគមន៍ និងខាតបង់ផ្នែកសេវាកម្មទេសចរណ៍ក្នុងរយៈពេលចុងក្រោយនេះ។ ការព្រួយបារម្ភប្រជាសហគមន៍ទាំងនោះ ដោយសារតែបញ្ហាអាកាសធាតុមិនអំណោយផល បណ្ដាលមកពីការជះឥទ្ធិពលពីព្យុះណូរុមកលើអាងទន្លេមេគង្គកម្ពុជា។

សហគមន៍អេកូទេសចរណ៍កោះសាមសិប ដែលស្ថិតនៅក្នុងខេត្តក្រចេះ និងជាសហគមន៍ដែលស្ថិតនៅតាមដងទន្លេមេគង្គផង បានរងនូវឥទ្ធិពលភ្លៀងធ្លាក់ជាប់គ្នាដែលធ្វើឱ្យកម្ពស់ទឹកមានការកើនឡើង។

លោក ឃុត សំអុល ដែលជាប្រធានសហគមន៍អេកូទេសចរណ៍កោះសាមសិបបានថ្លែងថាលោកបារម្ភ ជាខ្លាំងទៅលើសុវត្ថិភាពនៃការធ្វើដំណើរលើផ្ទៃទឹកទន្លេរបស់ប្រជាជនក្នុងតំបន់ និងទេសចរដែលទៅលេងតំបន់នោះ។លោកបញ្ជាក់ថា «តាំងពីភ្ជុំមក នៅទីនេះគឺមានភ្លៀងធ្លាក់មិនលោះមួយថ្ងៃសោះ រីឯទឹកក៏ដូចជាឡើងជាងឆ្នាំមុនៗដែរ»។

ប្រធានសហគមន៍រូបនេះបានបន្តរៀបរាប់ថា៖ «ដោយសារភ្លៀងច្រើន វាអាចនឹងធ្វើឱ្យចរាចរណ៍ពីខេត្តក្រចេះ ចូលមកកោះមានការរអាក់រអួលឬអាចផ្អាកតែម្ដង មួយផ្នែកទៀតធ្វើឱ្យខ្សាច់ជាំទឹក ដែលនាំឱ្យបាត់បង់សម្រស់កោះមួយជ្រុង។»

ទោះជាយ៉ាងណា លោកថាដោយសារនេះជាខែវស្សាស្រាប់ ជាខែដែលមិនសូវមានភ្ញៀវមកលេង ដូច្នេះការប៉ះពាល់ដល់ចំនូលពីទេសចរគឺមិនខ្លាំងពេកទេ។ ប៉ុន្តែបើសិនជាស្ថានភាពនេះមិនបានធូរស្បើយក្នុងពេលឆាប់ៗខាងមុខទេ ចង់មិនចង់វានឹងប៉ះទៅដល់សេវាកម្មទេសចរណ៍នៅចុងឆ្នាំមិនខាន។

មិនខុសគ្នាប៉ុន្មានពីសហគម៍ទេសចរណ៍កោះសាមសិប សហគមន៍ទេសចរណ៍សម្រស់កោះហានឯណោះវិញក៏ព្រួយបារម្ភដែរពីសុវត្ថិភាពប្រជាសហគមន៍។ ប៉ុន្តែយ៉ាងណា មកទល់ពេលនេះស្ថានភាពទឹកភ្លៀងមិនទាន់ជាឡើងដល់កម្រិតប្រកាសអាសន្ននៅឡើយទេ។

លោកស្រី ប៊ុន សំផាន ប្រធានសហគមន៍អេកូទេសចរណ៍សម្រស់កោះហានបានរៀបរាប់ថា៖ «ដោយសារយើងរស់នៅជាប់នឹងដងទន្លេមេគង្គ ដូច្នេះស្ថានការណ៍អាចនឹងពិបាកគ្រប់គ្រងប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ ប៉ុន្តែសម្រាប់ពេលនេះខាងសហគមន៍រង់ចាំការជូនដំណឹងពីអាជ្ញាធរក្នុងតំបន់ដូចគ្នា។»

លោកស្រីបន្ថែមថា សហគមន៍មិនទាន់ចេញជាវិធានការណាមួយទេ ជៀសវាងការបង្ករចលាចលនៅក្នុងភូមិ ដូច្នេះហើយគឺត្រូវរង់ចាំអាជ្ញាធរក្នុងតំបន់ជូនជាដំណឹងឬដាក់ចេញជាវិធានការការពារ ប្រសិនបើទឹកពិតជាឡើងខ្ពស់មែន។

ក្រសួងធនធានទឹកនិងឧតុនិយម នាថ្ងៃទី២៩កញ្ញានេះបានចេញសេចក្ដីជូនដំណឹងមួយស្ដីអំពីស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដែលកើតចេញពីឥទ្ធិពលព្យុះទី ១៦ ឈោ្មះ ណូរុ “NORU” មកលើអាងទន្លេមេគង្គក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា។

បើតាមសេចក្ដីជូនដំណឹងដដែលបានឱ្យដឹងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី បី ទៅ ប្រំាថ្ងៃខាងមុខ ជាពិសេសនៅភាគខាងលើនៃប្រទេសកម្ពុជាមាន ខេត្តស្ទឹងត្រែង (ទឹកនឹងអាចឡើងដល់កម្ពស់ ១០,០០ ម៉ែត) ខេត្តក្រចេះ (ទឹកនឹងអាចឡើងដល់កម្ពស់ ២១,០០ ម៉ែត្រ) និងខេត្តកំពង់ចាម (ទឹកនឹងអាច ឡើងដល់កម្ពស់ ១៤,៣០ ម៉ែត្រ) ។ រីឯនៅស្ថានីយជលសាស្ត្រភ្នំពេញ-ចតុមុខ ទឹកអាចឡើងដល់កម្ពស់ ៩,៤០ ម៉ែត្រ ។

បើទោះជាយ៉ាងនេះក្ដី ក្រសួងអះអាងថាទឹកទន្លេដែលហក់ឡើងនាពេលនេះ នៅមិនទាន់ដល់កម្រិតឲ្យមានការប្រុងប្រយ័ត្ននៅឡើយទេ តែទឹកអាចនឹងហូរចូលលិចតំបន់ទំនាបមួយចំនួនអមតាមដងទន្ល និងបន្តហូរចូលតាមបណ្តាព្រែកបន្ថែមទៀត ចំណែកឯនៅតំបន់ភាគឦសាន ទឹកទន្លេសេកុងកំពុងហក់ឡើង ដែលអាចប្រឈមនឹងទឹកជំនន់៕

ដោយ៖ សាន់ ម៉ានិច្ច

.ទិដ្ឋភាពអាកាសធាតុនៅកម្ពុជាថ្ងៃទី២៩ខែកញ្ញានេះ(រូបថត ក្រសួងធនធានទឹក)

.តារាងព្យាករណ៍កម្ពស់ទឹក

ads banner