ផលប៉ះពាល់ ខូចខាតពីជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យបណ្តាលឱ្យពលរដ្ឋជាង ៧.០០០គ្រួសាររងគ្រោះ ៤នាក់ស្លាប់

បន្ទាយមានជ័យ ៖ យោងរបាយការណ៍របស់គណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការនេះបានឱ្យដឹងកាលពីថ្ងៃទី២៨ ខែកញ្ញាថា គ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀងកន្លងមក ដល់ថ្ងៃនេះ (ដោយបាតុភូតវិសម្ពាធ ,រដូវវស្សា,ទឹកធ្លាក់មកពីខ្សែទឹកខាងលើតាមប្រព័ន្ធផ្លូវទឹកធម្មជាតិ និងប្រព័ន្ធធារាសាស្ត្រនានាក្នុងភូមិសាស្ត្រ ,ទឹកធ្លាក់មកពីខេត្តឧត្តរមានជ័យ ,ទឹកធ្លាក់មកពីប្រទេសថៃ និងចុងក្រោយនេះទឹកភ្លៀងបង្កពីឥទ្ធិពលនៃព្យុះមូស្សុងណូរូ) បានប៉ះពាល់លើក្រុង-ស្រុកចំនួន៥ រួមមាន ស្រុកសិរីសោភ័ណ ស្រុកមង្គលបូរី ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ និងស្រុកម៉ាឡៃ បណ្តាលឱ្យប្រជាពលរដ្ឋជាង ៧.០០០គ្រួសាររងគ្រោះនិង មនុស្ស ៤នាក់ស្លាប់ ។

របាយការណ៍បានបន្តថា ទឹកជំនន់នេះ ប៉ះពាល់ពលរដ្ឋសរុបចំនួន ៧,៤៩១គ្រួសារ ស្មើនឹងប្រមាណ ៣៣,០០០នាក់ លង់ទឹកស្លាប់ ៤នាក់និងត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាពចំនួន ២៩៧គ្រួសារ ប៉ះពាល់ស្រូវជាង ២៦,០០០ហិកតា, ដំឡូងមីជាង ៩០០ហិកតា, វត្តអារាមចំនួន ២២ សាលារៀន៤១ មណ្ឌលសុខភាពចំនួន៣ និងផ្លូវគ្រប់ប្រភេទចំនួន ២៧៣កន្លែង/ខ្សែ ស្មើនឹងប្រវែង ១៧២ ២៣៣ ម៉ែត្រ ។

ឯកឧត្ដម អ៊ុ រាត្រី បានជម្រាបជូនដែរក្នុងដំណើរចុះពិនិត្យស្ថានភាពទឹកជំនន់ និងផ្តល់ស្បៀងអាហារជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយការទឹកជំនន់ជន់លិចនៅឃុំទឹកជោរស្រុកព្រះនេត្រព្រះ របស់លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធនានា កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ។

ឯកឧត្ដម បានប្រាប់ប្រជាពលរដ្ឋថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យត្រៀមលក្ខណៈរួចហើយក្នុងការជួយពលរដ្ឋ ដើម្បីស្តារការខូចខាតឡើងវិញ ក្រោយពេលទឹកស្រកទៅវិញ ។ តែពេលនេះត្រូវការយកចិត្តទុកដាក់គឺបងប្អួនរក្សាសុខភាពនិងអាយុជីវិតពីគ្រោះទឹកជំនន់។
ចំណែកមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងត្រូវចុះជួយសង្គ្រោះពលរដ្ឋពីគ្រោះទឹកជំនន់ ហើយបើចាំបាច់ត្រូវបញ្ជូនឱ្យបានទាន់ពេលវេលាទៅកាន់ទីទួលសុវត្ថិភាព ៕ ដោយ៖ ឃិន គន្ធា

ads banner