កម្ពុជាសម្រេចបង្កើតទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ប្រមុខរដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សដើម្បីឱ្យបុព្វជិតនិងសាសនិកសាសនានានានៅទូទាំងប្រទេសចូលរួមផ្សព្វផ្សាយក្នុងយុទ្ធនាការប្រឆាំងការជួញដូរមនុស្ស។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីហ៊ុនសែនថ្លែងនៅថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២២ ក្នុងឱកាស «វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ក្រោមប្រធានបទ “សូមកុំយកកម្ពុជាធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស” នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ  ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកំណត់យកថ្ងៃទី២០ខែសីហា ជារៀងរាល់ឆ្នាំដើម្បីធ្វើជា «ទិវាជាតិអន្តរសាសនាប្រឆាំងការជួញដួរមនុស្ស»។លោករំពឹងថា ជារៀងរាល់ថ្ងៃទី២០ខែសីហា គ្រប់និកាយសាសនានៅទូទាំងប្រទេសនឹងជម្រាបទៅសាសនិករបស់ខ្លួនឱ្យបានយល់ដឹងទូលំទូលាយពីស្ថានភាពនៃការជួញដូរមនុស្ស។

សម្តេចតេជោបានបញ្ជាក់ថា ៖«សាសនាទាំងឡាយនៅនឹងភូមិខ្លះហើយ ឃុំខ្លះហើយ អ៊ីស្លាមក៏នៅហ្នឹង គ្រិស្ដក៏នៅហ្នឹង ព្រះពុទ្ធក៏នៅហ្នឹង យើងធ្វើ(ទិវាអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស) នៅនឹងភូមិឃុំតែម្ដង។ខ្ញុំជឿជាក់ថាដោយកិច្ចសហប្រតិបត្តិការនៃអន្តរសាសនាដែលទទួលបាននូវការទុកចិត្តគ្នា សុខដុមនីយកម្មនៃសាសនាក្នុងប្រទេសយើង បើកឱកាសឱ្យយើងធ្វើកិច្ចសហការណ៍គ្នាបានយ៉ាងល្អ»។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែម៖«មិនមែនគ្រាន់តែក្រសួងមហាផ្ទៃម្នាក់ឯងធ្វើគ្រប់ទេ​គ្រប់កម្លាំងទាំងអស់ត្រូវធ្វើ។ យើងធ្វើការងារទាំងអស់នេះដើម្បីភាពសុខសាន្ដរបស់ប្រជាពលរដ្ឋយើង»។

កម្ពុជាបើកយុទ្ធនាការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សក្នុងរយៈពីរខែចុងក្រោយនេះបន្ទាប់​ពីមានបណ្ដឹងជាច្រើនពាក់ព័ន្ធនឹងបញ្ហានេះ។ចាប់តាំងពីថ្ងៃទី១៨ខែសីហា ក្រសួងមហាផ្ទៃបានទទួលបណ្ដឹងពីហ្វេសប៊ុកនិងទូរស័ព្ទទាន់ហេតុការណ៍ ពាក់ព័ន្ធបទល្មើសជួញដូរមនុស្ស៣៦៨ករណីនិងជួយជនរងគ្រោះសរុប៣៦៤នាក់។ ក្នុងនោះជនរងគ្រោះព្រោះការជួញដូរ៩ករណីដែលមានមនុស្ស៥៤នាក់ និងឃាត់ជនសង្ស័យ៤១នាក់ ដែលពួកគេទាំងនេះ ត្រូវបានបញ្ជូនទៅតុលាការ និងបិទទីតាំង ធ្វើសកម្មភាពដើម្បីស្រាវជ្រាវបន្ថែមទៀត រីឯជនរងគ្រោះរាប់រយនាក់ផ្សេងទៀតសង្គ្រោះចេញពីទីតាំងជួញដូរដើម្បីមានឱកាសទៅជួបជុំគ្រួសារ។

សាសនិកអ៊ីស្លាមម្នាក់និងជាអាចារ្យក្នុងសាសនានៅខេត្តបាត់ដំបង លោក សាលី យល់ថា ការសម្រេចរបស់រដ្ឋាភិបាលនេះជាការឱ្យតម្លៃមួយខ្ពស់ទៅដល់បុព្វសាសនានានាក្នុងប្រទេស។ លោកគាំទ្រចំពោះការបង្កើតទិវានេះ។

លោកសាលីនិយាយថា៖«យើងមិនទាន់ដឹងថាគេធ្វើម៉េចទេ គ្រាន់តែថាក្នុងនាមជាអ៊ីស្លាមម្នាក់ខ្ញុំគិតថាទិវានេះល្អ។ដូចពួកខ្ញុំអីចឹងខ្ញុំជួបគ្នាថ្វាយបង្គំរាល់អាទិត្យ ពេលចុះមកយើងអាចពិភាក្សាចែករំលែកព័ត៌មានគ្នា ដើម្បើការពារកុំឱ្យអ្នកភូមិយើងរងគ្រោះដោយសារការជួញដូរកម្លាំងឬយកទៅលក់អីអស់នេះ»។

ទោះជាយ៉ាងណា លោក សាលី យល់ថា អាជ្ញាធរថ្នាក់លើឬថ្នាក់ដឹកនាំសាសនានានាត្រូវបង្កើនចំណាត់ការនិងបទបញ្ជាជំរុញថែមទៀតទើបការងារផ្សព្វផ្សាយមានប្រសិទ្ធភាព។

របាយការណ៍មួយរបស់ស្ថានទូតអាមេរិកស្ដីពីស្ថានភាពសេរីភាពជំនឿសាសនានៅកម្ពុជាបង្ហាញ ប្រហែល ៩៥ភាគរយ នៃប្រជាជនកម្ពុជាកាន់ព្រះពុទ្ធសាសនា ហើយកាន់ពុទ្ធសាសនា​ហីន​យាន ។ ចំនួន ៥ភាគរយទៀតគឺជាអ្នកកាន់សាសនាគ្រិស្ត អ៊ីស្លាម ជំនឿលើអារក្សអ្នកតា សាសនា Bah’is សាសនាជីហ្វ និងសាសនា កៅដាយ។

រដ្ឋធម្មនុញ្ញចែងពីសេរីភាពនៃជំនឿនិងការប្រតិបត្តិសាសនា ដរាបណាវាមិនជ្រៀតជ្រែកជំនឿ សាសនា​ដទៃទៀត ហើយមិនប៉ះពាល់សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។ រដ្ឋធម្មនុញ្ញកំណត់ថា ពុទ្ធសាសនាគឺជាសាសនា​របស់​រដ្ឋ ហើយចែងពីការឲ្យរដ្ឋផ្តល់ការគាំ​ពារចំពោះការអប់រំតាមព្រះពុទ្ធសាសនា ហើយហាមប្រាមការរើសអើង​ខាង​សាសនា។ ច្បាប់ហាមប្រាម​ក្រុម​សាស​នានានា ​មិនឲ្យ​រិះគន់ដោយចំហលើក្រុម​សាសនា​ដទៃទៀតទេ។

ប្រមុខរដ្ឋាភិបាលកម្ពុជានិងថ្នាក់ដឹកនាំស្ថាប័ននានា តែងតែចូលរួមកម្មវិធីសាសនាផ្សេងជារៀងរាល់ឆ្នាំ ទាំងកម្មវិធីសំខាន់ៗរបស់ឥសា្លមសាសនិក គ្រីស្ដសាសនាជាដើម។ប្រទេសកម្ពុជាក៏មិនធ្លាប់មានជម្លោះសាសនាស្រួចស្រាវដែរទាំងនេះបញ្ជាក់ថាកម្ពុជាមានសុខដុមនីយកម្មផ្នែកសាសនា៕

ដោយ៖វណ្ណ ស័ក្តិ

ads banner