មន្ត្រីសង្គមស៊ីវិល ស្នើឱ្យក្រុមការងារពិនិត្យទីតាំងបញ្ចាំ ធ្វើការឱ្យជាប់ជាប្រចាំ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្ត្រីសង្គមស៊ីវិលដែលធ្វើការងារលើកផ្នែកសិទ្ធិមនុស្សនិងឃ្លាំមើលបញ្ហាសង្គម ស្នើឱ្យក្រុមការងារពិនិត្យទីតាំងបញ្ចាំធ្វើការឱ្យជាប់ជាប្រចាំនិងកុំធ្វើការដូចវែកចក។សំណើនេះកើតឡើងបន្ទាប់ពីអភិបាលរាជធានីភ្នំពេញ និងស្នងការនគរបាលរាជធានីភ្នំពេញ បានសម្រេចបង្កើតក្រុមការងារត្រួតពិនិត្យអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន។

លោក អំ សំអាត នាយកប្រតិបត្តិនៃអង្គការលីកាដូ បានប្រាប់ថា កន្លងមក គឺឃើញមានការត្រួតពិនិត្យ ឬឆែកឆេរ ដែលទាក់ទងហាងបញ្ចាំដែលរកឃើញមានម៉ូតូ និងរថយន្តច្រើនគ្រឿង មិនត្រូវតាមផ្លូវច្បាប់ និងមិនមានភាពប្រក្រតីជាហេតុអាចពាក់ព័ន្ធនឹងល្បែងស៊ីសង។

លោកបន្តថា ការជំរុញដោយបង្កើតក្រុមការងារត្រួតពិនិត្យនេះ គឺវាជារឿងល្អមួយ ពីព្រោះថាបញ្ហាត្រួតពិនិត្យកន្លែងបញ្ចាំ គឺវាពាក់ព័ន្ធនឹងយុទ្ធនាការបង្ក្រាបល្បែងស៊ីសងដែលជាយុទ្ធនាការរបស់រាជរដ្ឋាភិបាលផងដែរ។

លោក អំ សំអាត លើកឡើងថា៖ «ធ្វើអ្វីក៏ដោយ កុំធ្វើដូចការវែកចក ពីព្រោះថាការវែកចក នៅពេលយើងវែកហើយ វានឹងរសាត់មកវិញ។ ចឹងការដែលធ្វើ យើងមិនអាចធ្វើឲ្យល្អមើល ដូចការវែកចកទេ។ អាជ្ញាធរមានភារកិច្ចទាំងអស់នឹង ត្រូវត្រូតពិនិត្យជាប្រចាំ ដើម្បីធ្វើការទប់ស្កាត់នៅកន្លែងបញ្ចាំង ឬកន្លែងខុសច្បាប់ និងកន្លែងទទួលផលនៃចោរកម្មអីជាដើម»។

លោកបន្ថែមថា បើសិនជាអាជ្ញាធរមូលដ្ឋាននៅទីតាំងនឹង មានការប្រតិបត្តិការ ដោយការទទួលខុសត្រូវ នោះការទប់ស្កាត់ និងការបង្ក្រាប អាចនឹងអនុវត្តទៅប្រសើរឡើង។

ប្រធានអង្គការគណនេយ្យភាពសង្គម លោក សន ជ័យ មានប្រសាសន៍ថា ក្រុមការងារត្រូវមានផែនការច្បាស់លាស់ក្នុងការត្រួតពិនិត្យ ប៉ុន្តែក្រុមការងារទាំងអស់នោះត្រូវធ្វើការងារតាមច្បាប់ជាធរមាន។

លោក សន ជ័យ៖« ខ្ញុំគិតថាការត្រួតពិនិត្យ គួរជាយន្តការត្រួតពិនិត្យតាមរដ្ឋបាលជាជាងធ្វើការតាមព្រឹត្តិការណ៍ បើសិនធ្វើបានមួយភ្លែតហើយធូរដៃនោះនឹងកក្រើកឡើងវិញហើយ។ ក្នុងនោះត្រូវតាមមើលដែរ ថាធ្វើម៉េចដើម្បីកុំឱ្យសមាជិកណាមួយនៃក្រុមត្រួតពិនិត្យហ្នឹង មានការរំលោភអំណាច ដូចជាករណីកេងយកប្រយោជន៍ផ្ទាល់ខ្លួនជាដើម។ទាំងអស់ហ្នឹងអាជ្ញាធររដ្ឋត្រូវត្រួតមើលថែមទៀត»។

សេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បញ្ជាក់ថា ការបង្កើតក្រុមការងារត្រួតពិនិត្យកន្លែងបញ្ចាំគឺដើម្បីកុំឲ្យមានអំពើចោរកម្មដែលធ្វើឱ្យបាត់បង់អាយុជីវិតនិងទ្រព្យសម្បត្តិ ជាពិសេសបោសសម្អាតកន្លែងអាជីវកម្មបញ្ចាំខុសច្បាប់ផ្សេងៗ ដែលជាដើមហេតុបង្កឲ្យមានអំពើចោរកម្ម។

អភិបាលរងរាជធានីភ្នំពេញនិងជាអនុប្រធានក្រុមការងារត្រួតពិនិត្យហាងបញ្ចាំ លោក ឃ្លាំង ហួត អះអាងក្នុងផេកផ្ទាល់ខ្លួនថា ក្រុមការងាររបស់លោកនឹងមិនអនុញ្ញាតឱ្យហាងបញ្ចាំណាមួយទទួលបញ្ចាំយានយន្ដដែលគ្មានឯកសារនោះឡើយ។

លោកឃ្លាំងហួត បានបញ្ជាក់៖«បញ្ហាកុងស៊ីបញ្ចាំខុសច្បាប់ជាប្រភពនាំឱ្យមានបទល្មើស និងប៉ះពាល់ដល់ជីវភាពប្រជាជនមានចំណូលទាប។បេសកកម្មបង្រ្កាបល្បែងស៊ីសងខុសច្បាប់ កុងស៊ីបញ្ចាំខុសច្បាប់ ជាភារកិច្ចអាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធត្រូវអនុវត្តដោយការទទួលខុសត្រូវខ្ពស់ »។

លោកឃ្លាំងហួតបន្ត៖«ការមិនចូលរួមមិនអើពើរបស់មន្ត្រីកងកម្លាំងមានសមត្ថកិច្ចដែលពាក់ព័ន្ធ..គឺ.. ស្មើនឹងមើលងាយបទបញ្ជាថ្នាក់ដឹកនាំ មើលងាយប្រជាជនស្លូតត្រង់។ទីតាំងឃ្លាំងរំសេវ និងទីតាំងដទៃទៀតត្រូវតែបំបាត់ការទទួលបញ្ចាំរបស់ចោរ របស់គ្មានឯកសារគ្រប់គ្រាន់» ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកញ្ញាកន្លងទៅថ្មីៗនេះ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានសហការជាមួយមន្ត្រីជំនាញ ចុះទៅស្រាវជ្រាវនៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដោយរកឃើញហាងបញ្ចាំងចំនួន១៣ អត់មានច្បាប់អនុញ្ញាត ហើយសមត្ថកិច្ចបានដកហូតម៉ូតូចំនួន ១១៣គ្រឿង, រថយន្តចំនួន ១៤គ្រឿង, ម៉ូតូកង់បីចំនួនប្រាំបួនគ្រឿង, PassApp ចំនួន ១២គ្រឿង ព្រមទាំងឃាត់បានម្ចាស់ទីតាំង និងបុគ្គលិកចំនួនប្រាំបួននាក់។ ក្នុងនោះមានមេខ្លោងម្នាក់ ត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការច្បាប់បន្ត៕ ដោយ៖ ជា សុខនី

ads banner