ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្តេច សម្ពោធរោង​ចក្រ RMKH Glove (Cambodia) Co. Ltd. នៅក្រុងបាវិត

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្ពោធរោងចក្រ RMKH Glove (Cambodia) Co. Ltd. នៅក្រុងបាវិត, នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តបណ្តាក់ទុនយ៉ាង​មោះមុតពីសំណាក់ក្រុមហ៊ុន Medtecs Manhattan Group ជាពិសេស ក្នុងការសាងសង់រោងចក្រផលិតស្រោមដៃពេទ្យបែបទំនើបខ្នាតធំនៅក្នុងទីក្រុងបាវិត ដោយចាប់ផ្តើមនៅក្នុងឆ្នាំ២០២១ គឺអំឡុងពេលដែលប្រទេសកម្ពុជាកំពុងទទួលរងនូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងទ្រង់ទ្រាយធំ និងមិនទាន់បានងើបចេញពីវិបត្តិនៃជំងឺនេះនៅឡើយ។ ទង្វើនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញថាក្រុមហ៊ុន ពិតជាមានការជឿជាក់ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមសុខរួមទុក្ខជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ មួយវិញទៀត ការបណ្តាក់ទុននេះ ក៏ជាការចូលរួមចំណែកយ៉ាងសំខាន់របស់ក្រុមហ៊ុននៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសនៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចឡើងវិញក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។

ឯកឧត្តម ថាទីក្រុងបាវិត ជាមជ្ឈមណ្ឌលផលិតកម្ម ដែលបានស្រូបយកកម្លាំងពលកម្មដ៏​ច្រើនសន្ធឹកសន្ធាប់ និងគ្រប់ផ្នែកគ្រប់វិស័យ ហើយក៏អាចត្រូវបានចាត់ទុកជានិមិត្តរូប​នៃការអភិវឌ្ឍរីកចម្រើននៅក្នុងប្រទេសកម្ពុជាផងដែរ។ ជាក់ស្តែង ក្រុងបាវិតមានតំបន់សេដ្ឋកិច្ចពិសេ​សជាច្រើន ដោយក្នុងនេះមានរោងចក្រសរុបចំនួន ១៧៨ និងបានផ្តល់ការងារជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៩ ម៉ឺននាក់ ដែលពិតជាខុសស្រឡះពីការភ័ន្តច្រឡំមួយចំនួនដែលយល់ថា ទីក្រុងបាវិតជាទីក្រុងនៃសេវាកម្មកាស៊ីណូ។

ឯកឧត្តម បន្ថែមថា ក្នុងរយៈពេលប្រមាណជាងពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានក្លាយជាគោលដៅសំខាន់មួយនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលជាកត្តានាំឱ្យកម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេនៅក្នុងសកលលោក ជាមួយនឹងអត្រាកំណើនជាមធ្យមប្រមាណជាង ៧% ក្នុងមួយឆ្នាំ។ អត្រាកំណើនដ៏ខ្ពស់នេះ បានធ្វើឱ្យកម្ពុជាផ្លាស់ប្តូរឋានៈពីប្រទេសចំណូលទាប ទៅជាប្រទេសចំណូលមធ្យមកម្រិតទាបចាប់តាំងពីឆ្នាំ២០១៥ និងបានជួយឱ្យប្រជាជនកម្ពុជាបានងើបចេញពីភាពក្រីក្រ ដោយអត្រាភាពក្រីក្រនៅកម្ពុជាបានធ្លាក់ចុះពីប្រមាណ ៥៣% ក្នុងឆ្នាំ២០០៤ មកត្រឹម ១៧,៨ % ប៉ុណ្ណោះក្នុងឆ្នាំ២០២០។ ជោគជ័យដ៏ត្រចះត្រចង់នេះ គឺមិនមែនបានមកដោយចៃដន្យនោះទេ ប៉ុន្តែជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង និងការសម្រេចចិត្តដ៏ត្រឹមត្រូវ ជាពិសេសការដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយម របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានបញ្ចប់សង្គ្រាមស៊ីវិល និងសម្រេចបាននូវ​សន្តិភាពពេញលេញនៅទូទាំងផ្ទៃប្រទេស។

សម្រាប់ពេលបច្ចុប្បន្ន និងបន្តទៅមុខ រាជរដ្ឋាភិបាល បាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង​បង្កើតលក្ខខណ្ឌ​អំណោយផលបន្ថែមទៀតសម្រាប់ការនាំចេញ និងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសមកកាន់តំបន់សេដ្ឋកិច្ចពិសេស ដោយដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួន រួមមាន៖ (i) ការអនុម័តច្បាប់វិនិយោគថ្មីសំដៅលើកកម្ពស់ការប្រកួតប្រជែង និងលើកទឹកចិត្តដល់វិនិយោគិនឱ្យបណ្តាក់ទុន និងធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា តាមរយៈការផ្តល់នូវការលើកទឹកចិត្តជាច្រើន ជាពិសេសការអនុគ្រោះផ្នែកសារពើពន្ធ និង (ii) ការពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនសមត្ថភាព និងជំនាញបច្ចេកទេសវិជ្ជាជីវៈរបស់កម្លាំងពលកម្ម ក៏ដូចជាសហគ្រាសក្នុងស្រុក ដើម្បីឱ្យក្លាយជាសសរទ្រូង និងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ហើយកិច្ចការទាំងនេះ ពិតជាត្រូវការជាចាំបាច់នូវការចូលរួមរបស់តំបន់សេដ្ឋកិច្ចពិសេស, ក្រុមហ៊ុនជាតិ និងអន្តរជាតិ រួមទាំងបងប្អូនកម្មករ-និយោជិត ដែលសុទ្ធសឹងជាដៃគូដ៏សំខាន់បម្រើឱ្យគោលដៅនេះ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner