ឯកឧត្តម ចាយ បូរិន សួរព្រះរាជ​សុខភាព និងសុំព្រះរាជឱវាទ ពីសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត

ភ្នំពេញ៖ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដឹកនាំដោយ ឯកឧត្តម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងសមាជិកផ្នែកឃោសនាអប់រំ បានចូលក្រាបបង្គំទូលថ្វាយសួរព្រះរាជសុខភាព និងសុំព្រះរាជឱវាទពី សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះអគ្គាធិការពុទ្ធិកសិក្សាជាតិព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះចៅអធិការវត្តបទុមវតីរាជវរារាមនៅព្រឹកថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅវត្តបទុមវតី រាជធានីភ្នំពេញ ។
ឯកឧត្តម ចាយ បូរិន បានក្រាបបង្គំទូលថ្វាយនូវការផ្តាំផ្ញើ សួរព្រះរាជសុខភាព និងថ្វាយព្រះពរជ័យបវរ សួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរ ពីសំណាក់ សម្តេចប្រធានគណបក្ស សម្តេចប្រធានកិត្តិយសគណបក្ស សម្តេច លោកជំទាវ អនុប្រធានគណបក្ស ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ជាពិសេសពីសំណាក់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្វាយសម្តេចព្រះមហាសុមេធាធិបតី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ និងក្រាបថ្វាយបង្គំសម្តេច និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ។

ឯកឧត្តមប្រធានប្រតិភូបានសម្ដែងនូវការគោរពដឹងគុណកោតសរសើរដោយស្មោះ ចំពោះព្រះវីរភាព និងស្នាព្រះហស្ថដ៏ធំធេងជាច្រើន មិនអាចកាត់ថ្លៃបានរបស់សម្តេចជាអម្ចាស់ ដែលបានយាងចូលរួមស្តារ និងកសាងវិស័យពុទ្ធចក្រក៏ដូចជាលើកស្ទួយវិស័យព្រះពុទ្ធសាសនា ក្នុងប្រទេសកម្ពុជាឡើងវិញ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ និងចូលរួមអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនជារៀងរហូតមក។

សម្តេចព្រះមហាសុមេធាធិបតី បានបម្រើវិស័យពុទ្ធចក្រស្ទើរពេញមួយព្រះជន្មរបស់ព្រះអង្គ ដោយព្រះអង្គបានទៅរៀនសូត្រនៅវត្តអារាម តាំងពីវ័យកុមារ ហើយបានបួសជាសាមណេរ និងបានបំពេញឧបសម្បទាជាព្រះភិក្ខុក្នុងព្រះជន្ម ២១ ព្រះវស្សា នាឆ្នាំ១៩៤៨ រហូតដល់ឆ្នាំ១៩៧៥ ដោយបានទទួលសមណស័កិ្តជាព្រះគ្រូធម្មាចារ្យ។ នៅឆ្នាំ១៩៧៥ ត្រូវបានពួកទមិឡឥតសាសនាបង្ខំឲ្យលាចាកសិក្ខាបទទៅជាគ្រហស្ថដូចព្រះសង្ឃដទៃទៀតទូទាំងប្រទេសដែរ។

ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ លោកគ្រូធម្មាចារ្យបានចូលបួសឡើងវិញនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៧៩ ហើយបានទទួលសមណស័ក្តិ និងព្រះគោរម្យ៍ងារជាបន្តបន្ទាប់ដូចជា អនុប្រធានសង្ឃទូទាំងប្រទេស- ជាសម្តេចព្រះពោធិវ័ង្សព្រះសង្ឃនាយករងទី២- ជាព្រះមេគណរាជធានីភ្នំពេញ-ជាប្រធានគណៈកម្មការសង្ឃនៃព្រះរាជាណាចក្រកម្ពុជា-ជាសម្តេចព្រះមហាសុមេធាធិបតី សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា -ជាព្រះអគ្គាធិការសិក្សាជាតិ- ជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ- ជាប្រធានកិត្តិយសនៃពុទ្ធិកសមាគមកម្ពុជរដ្ឋ ។

សម្តេចជាអង្គម្ចាស់មានព្រះរាជបន្ទូលកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងាររបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ទាំងក្នុងនិងក្រៅប្រទេស ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលមានភាពវៃឆ្លាតក្នុងការដឹកនាំ រឹងមាំមោះមុត មានចំណេះដឹង គុណធម៌ សីលធម៌ ខន្តី សច្ចៈ និងកតញ្ញូ ស័ក្កសមជាអ្នកបន្តវេនទៅអនាគត។
ជាចុងក្រោយសម្តេចជាអម្ចាស់បានរម្លឹកដល់យុវជនជំនាន់ក្រោយថា កើតមកជាមនុស្សត្រូវដឹងគុណដល់បុព្វការីជនទាំងឡាយ ព្រោះមនុស្សរមែងស្គាល់ហេតុដែលនាំឲ្យចម្រើន និងហេតុដែលនាំឲ្យវិនាស។

ក្នុងឱកាសដ៏វិសេសវិសាលប្រកបដោយបីតិសោមនស្សជ្រះថ្លានេះដែរ ឯកឧត្តម ចាយ បូរិន លោក ទួន យ៉ាត និងសមាជិកបានថ្វាយនូវទេយ្យទាន និងបច្ច័យដែលជាសទ្ធាជ្រះថ្លារបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្វាយដល់សម្តេចព្រះមហាសុមេធាធិបតី និងសូមបួងសួងដល់តេជៈគុណព្រះរតនត្រ័យ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានព្រះពរជ័យដល់សម្តេចជាអម្ចាស់ មានព្រះរាជសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ផ្ដល់ឱវាទដល់ព្រះសង្ឃនិងប្រជាបរិស័ទគ្រប់វ័យឱ្យបានយល់ដឹងនូវមាគ៌ានៃព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ជានិច្ចនិរន្តរ៍តរៀងទៅ។ ដោយ ហេង សម្បត្តិ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner