អាជ្ញាធរនៅតែត្រៀមលក្ខណៈសម្បត្តិគ្រប់ពេលដើម្បីជួយសង្គ្រោះបើទោះជាស្ថានភាពទឹកស្ទឹងពោធិ៍សាត់កំពុងស្រកចុះ

ពោធិ៍សាត់៖ បើទោះជាស្ថានភាពទឹកស្ទឹងពោធិ៍សាត់ បាននិងកំពុងស្រកចុះជាបណ្ដើរៗក្រោយហក់ឡើងខ្ពស់រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះដោយសារតែទទួលរងឥទ្ធិពលព្យុះទី ១៦(NORU) មិនទាន់បង្កផលប៉ះពាល់អ្វីធ្ងន់ធ្ងរក៏ពិតមែន អាជ្ញាធរខេត្តនៅតែបន្តត្រៀមលក្ខណៈសម្បត្តិគ្រប់ពេលដើម្បីជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ។

ក្នុងដំណើរចុះត្រួតពិនិត្យស្ថានភាពទឹកស្ទឹងពោធិ៍សាត់ ដឹកនាំដោយឯកឧត្តម ជាវ តា យ អភិបាលខេត្ត ដែលមានអង្គភាព មន្ទីរ អាជ្ញាធរ ស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងខេត្តល្ងាចថ្ងៃទី ២៩ ខែកញ្ញាឆ្នាំ២០២២នេះ លោក កែវ វៃ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត បានឱ្យដឹងថា ដោយសារតែឥទ្ធិពលព្យុះទី ១៦ សារុះ មកលើប្រទេសមួយចំនួនក្នុងតំបន់ ពោលគឺមានប្រទេសឡាវវៀតណាម ថៃ និងកម្ពុជាផងដែរនោះបង្កឲ្យមានភ្លៀងធ្លាក់ច្រើនចូលក្នុងអាងទន្លេមេគង្គ។ លោកថាចំពោះកម្ពុជាយើងមានខេត្តមួយចំនួនបានទទួលរងគ្រោះតិចនឹងច្រើនផងដែរ។ ដោយឡែកសម្រាប់ខេត្តពោធិ៍សាត់វិញ ដោយសារតែឥទ្ធិពលព្យុះខាងលើ ធ្វើឲ្យមានភ្លៀងធ្លាក់ជោគជាំរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះនៅប៉ែកជួរភ្នំក្រវាញ ហូរធ្លាក់ចូលក្បាលស្ទឹងធំ ស្ទឹងអារ៉ៃ ស្ទឹងព្រៃខ្លុង បុកចូលក្នុងស្ទឹងពោធិ៍សាត់ដោយកំហុគ បង្ករជាទឹកជំនន់ ហក់ឡើងខ្ពស់ គិតត្រឹមម៉ោង 7:00 យប់ថ្ងៃទី ២៩ កញ្ញា សម្រាប់ក្នុងក្រុងពោធិ៍សាត់ មានកម្ពស់ ៤.៥៦ម៉ែត្រ កម្រិតប្រកាសអាសន្ន ៥ម៉ែត្រ ទឹកស្ទឹងពោធិ៍សាត់ នៅស្រុកភ្នំក្រវាញ មានកម្ពស់ ២.៤៥ម៉ែត្រ កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ និងនៅស្រុកវាលវែង កម្ពស់ ១.៥០ ម៉ែត្រ កម្រិតប្រកាសអាសន្ន៩ម៉ែត្រ។

លោកបញ្ជាក់ថា ដោយសារមិនមានភ្លៀងធ្លាក់បន្តទៀតនៅប៉ែកខាងលើ ទឹកស្ទឹងពោធិ៍សាត់បានស្រក់ចុះជាបណ្ដើរៗហើយពោលគឺស្រុតចុះឆាប់រហ័ស មិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរអ្វីនោះទេ។

ទោះបែបនេះក្តី ឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានក្រើនរំលឹក ដល់អង្គភាពមន្ទីរស្ថាប័នពាក់ព័ន្ធទាំងអស់បន្តត្រៀមលក្ខណៈសម្បត្តិអោយបានជាប្រចាំដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋក្នុងស្ថានភាពជួបគ្រោះទឹកជំនន់ព្រោះថាអាកាសធាតុប្រែប្រួលមិនទៀងទាត់បែបនេះអាចមានភ្លៀងធ្លាក់គ្រប់ពេលនិងបង្កជាគ្រោះទឹកជំនន់នៅពេលខាងមុខផងដែរ។

ឯកឧត្តមបានកោតសរសើរចំពោះអាជ្ញាធរ កងកម្លាំង គ្រប់លំដាប់ថ្នាក់ដែលកន្លងមកជួយអន្តរាគមន៍បងប្អូនពលរដ្ឋបាទទាន់ពេលវេលាពេលមានគ្រោះទឹកជំនាន់ម្ដងៗ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានអំពាវនាវឲ្យពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់ជៀសវាងមានគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ បើទោះជាស្ថានភាពទឹកកំពុងស្រកជាបណ្ដើៗយ៉ាងណាក៏ដោយ៕ ចេង ពុំ

ads banner