រយៈពេល១០ថ្ងៃ៖ លិខិតអញ្ជើញជិត៥លានសន្លឹក ត្រូវបានចែកជូនដល់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១

ភ្នំពេញ៖ រយៈពេល១០ថ្ងៃ គឺចាប់់ពីថ្ងៃទី២០-២៩ ខែកញ្ញា ឆ្នាំ២០២២ លិខិតអញ្ជើញជិត៥លានសន្លឹក ត្រូវបានចែកជូនដល់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ នៅតាមភូមិក្នុងឃុំ សង្កាត់ ទូទាំងប្រទេស។ នេះបើតាមការបញ្ជាក់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។

ផ្អែកតាមចំនួននៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផលិតលិខិតអញ្ជើញជាង៩លាន២សែនសន្លឹក ដើម្បីចែកជូនដល់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ នៅតាមភូមិក្នុងឃុំ សង្កាត់ ទូទាំងប្រទេស។ ការចែកនេះ បានចាប់ពីថ្ងៃទី២០ ខែកញ្ញា រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។

គ.ជ.ប បានបង្ហាញថា លទ្ធផលបណ្តោះអាសន្ន នៃការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ចាប់ពថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានចំនួន ៤,៥៨០,៦០៣ សន្លឹក ស្មើនឹង ៤៩.៧៦%។

គ.ជ.ប បានបញ្ជាក់ថា យោងតាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដំណើរការនៃការផ្ដល់លិខិតអញ្ជើញជូនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ នៅតាមភូមិក្នុងឃុំ សង្កាត់ ទូទាំងប្រទេស បានចាប់ផ្ដើមកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។ ការចែកលិខិតអញ្ជើញនេះមានរយៈពេល ៣០ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ខែកញ្ញា រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ហើយប្រសិនបើមានលិខិតអញ្ជើញនៅសល់ ត្រូវរក្សាទុកនៅសាលាឃុំ សង្កាត់ ដើម្បីផ្ដល់បន្ត រហូតដល់ថ្ងៃបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។

គ.ជ.ប បានបញ្ជាក់ទៀតថា គោលបំណងនៃការផ្ដល់លិខិតអញ្ជើញនេះ គឺដើម្បីជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដូចខាងក្រោម៖
-ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ ហើយដែលបានប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលអស់សុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត (ឯ.អ) កន្លងមក ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងមកធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបញ្ជីបោះឆ្នោតតាម អ.ខ ដែលមានសុពលភាពក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២
-ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ ហើយដែលបានប្រើ អ.ខ ដែលមានសុពលភាពក្នុងការចុះឈ្មោះបោះឆ្នោតកន្លងមក ដើម្បីពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត។ ប្រសិនបើពិនិត្យឃើញថាមានការកត់ត្រាមិនបានត្រឹមត្រូវតាម អ.ខ ដែលមានសុពលភាព អាចស្នើសុំកែតម្រូវក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។

ចំពោះការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នេះ គ.ជ.ប តាមរយៈលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ដែលសហការអនុវត្តដោយផ្ទាល់ជាមួយអាជ្ញាធរឃុំ សង្កាត់ ជាពិសេសមេភូមិ បានចុះចែកលិខិតអញ្ជើញជូនដល់ប្រជាពលរដ្ឋបានចំនួន ៤.៥៨០.៦០៣នាក់ ស្មើនឹង ៤៩.៧៦ភាគរយ នៃចំនួនលិខិតអញ្ជើញដែល គ.ជ.ប បានបោះពុម្ព។ ការងារចែកលិខិតអញ្ជើញនេះនៅតែបន្តរហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។ ឯកឧត្តមបានបញ្ជាក់ទៀតថា លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការលើកនេះ គ.ជ.ប បោះពុម្ពមានភ្ជាប់រូបថតសាមីខ្លួន ដែលធ្វើឱ្យមានភាពងាយស្រួលដល់ការចែកជូនប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា បើទោះបីជាអ្នកបោះឆ្នោតមិនបានទទួលលិខិតអញ្ជើញដោយមូលហេតុណាមួយ ឬអ្នកបោះឆ្នោតដែលទទួលបានលិខិតអញ្ជើញហើយ ប៉ុន្តែខកខានមិនបានមកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួនតាមការអញ្ជើញ ក៏ឈ្មោះរបស់ពួកគាត់ នៅរក្សាដដែលក្នុងបញ្ជីបោះឆ្នោត៕
ដោយ៖ពលជ័យ

ads banner